អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងអាមេ ចំនួន ២ខ្សែ ស្ថិតនៅក្នុងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ)៖ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជេីញដឹកនាំមន្ត្រីក្រោមឨវាទ ក្រុមការងារបច្ចេកទេស ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ២ខ្សែរួមមាន៖ ខ្សែទី១ ផ្លូវលេខ១២៣-១៣ ភូមិ១ សង្កាត់លេខ៣ និងខ្សែទី២ ផ្លូវលេខ៨៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ប្រាក់ សុខា និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគប្រាក់កាក់ ផ្ទាល់ខ្លួន ដើម្បីជួយដល់រដ្ឋបាលខេត្តក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុនេះផងដែរ។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏បានគូសបញ្ជាក់ថា ការរួមចំណែករបស់សប្បុរសជន គឺជាកម្លាំងសាមគ្គីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងជួយលើកកម្ពស់សោភ័ណភាពក្នុងទីក្រុងព្រះសីហនុមួយកំរឹតថែមទៀតឱ្យសំបូរបែបស័ក្តិសមជាទីក្រុងទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានសក្តានុពលរបស់ខេត្តជាប់ឆ្នេរសមុទ្រមួយនេះដែលយេីងនិយមហៅថាតារារះនៃទិសនិរតីនៃប្រទេសកម្ពុជា។
បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វេីការណែនាំនិងចង្អុលបន្ថែមដល់មន្ត្រីបច្ចេកទេសឱ្យយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ដូចជា ត្រូវតភ្ជាប់បណ្តាញទឹកស្អាត អគ្គិសនី ទុយោ និងខ្សែកាប ឱ្យបានរួចរាល់ក្នុងពេលតែមួយហេីយបញ្ឈប់ការអូសខ្សែរញ៉េរញ៉ៃលើអាកាស ដែលបង្កឱ្យបាត់បង់ សោភ័ណភាព និងអនាម័យទីក្រុង។
សូមបញ្ជាក់ផងដែរថា គម្រោងផ្លូវទាំង ២ខ្សែនេះ
– ខ្សែទី១ មានប្រវែង ៣១០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ព្រមទាំងមានរៀបចំប្រព័ន្ធលូទឹក ភ្លៀងអមសងខាងផ្លូវ គឺជាអំណោយដ៏ថ្លៃថ្លា របស់ លោកជំទាវ ប្រាក់ សុខា
– ខ្សែទី២ មានប្រវែង ១,៣០០ម៉ែត្រ ទទឹង ១២,២៥ម៉ែត្រ និងកម្រាស់ ០,២០ម៉ែត្រ រួមជាមួយប្រព័ន្ធលូអមសងខាងផ្លូវ ដែលជា អំណោយរបស់សប្បុរសជនផងដែរ។
ផ្សាយ:ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)










