អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើវឌ្ឍនភាពនៃការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលបានកើតឡើងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កិច្ចប្រជុំនេះដែរធ្វេីឡេីងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តជាន់ទី១ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ លោក-ស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំមានគោលបំណង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ ស្របតាមអនុក្រឹត្យលេខ០៣អនក្រ.បកស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសធានាឱ្យបានថាខេត្តព្រះសីហនុ គឺជាកន្លែងដែលមានសុវត្ថិភាពខ្ពស់ សម្រាប់ការរស់នៅ និងការធ្វើធុរកិច្ចប្រកបដោយតម្លាភាព សុខសុវត្ថិភាព គ្មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៕
គួររលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានដាក់ចេញនូវការណែនាំគឺសម្អាត Online Scams នេះអោយអស់ចេញពីប្រទេសកម្ពុជាយ៉ាងយូរបំផុតត្រឹមខែមេសាខាងមុខ៕
ផ្សាយ:ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាង ស៊ីណេត











