ប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យក្រសួងការងារ ជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិត.

(រាជធានីភ្នំពេញ): សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយតំណាងភាគីនិយោជក និងតំណាង សហជីព ដើម្បីពិនិត្យ និងស្វែងរកលទ្ធភាពជួយសម្រាលបន្ទុក ចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។
ការណែនាំរបស់សម្តេចធិបតីនេះ ធ្វើឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាសកលនា ពេលថ្មីៗនេះ ដែលបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់បង ប្អូនកម្មករនិយោជិត។
ក្នុងសារបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតីនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេច បានសង្កត់ធ្ងន់ថា៖ «ដើម្បីពិនិត្យដោះស្រាយផលវិបាក ដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនា ពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំ ជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែល
តំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរក លទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូន កម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបាន ឆាប់បំផុត»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាង ម្ភមាំថា ភាគីទាំងពីរ (និយោជក និងសហជីព) នឹងអាច ស្វែងរក «ចំណុចប្រសព្វដ៏សមរម្យមួយ» ដែលអាចធានាបាន នូវការជួយសម្រាលបន្ទុកជូនកម្មករផង និងអាចរក្សាបាននូវ ភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជាផងដែរ។
ការសម្រេចចិត្តនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ និយោជិតដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ៕
ផ្សាយ:ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)