សម្តេចធិបតី នាយករដ្ឋមន្ត្រី ចេញបទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

(រាជធានីភ្នំពេញ):ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗ ដែលបង្កឡេីងដោយរថយន្តស៊េរីទំនេីបមួយគ្រឿងដែលមហាជនស្គាល់ថាជាកូនរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅខេត្តបន្ទាយមានជ័យ ជាកម្មសិទ្ធិរបស់យុវជនមួយឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុប្រហែលជា២០ឆ្នាំ បានបង្កអោយមនុស្សចំនួន៦នាក់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុតាមបណ្តាយផ្លូវជាតិលេខ៥ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីការបង្ហោះសំណេរនៅលេីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចដែលខ្លឹងសារទាំងស្រុងដូចខាងក្រោម:
សម្តេចធិបតី: ខ្ញុំបានឃេីញមានការបញ្ចេញមតិជាច្រេីនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។
ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡេីយ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយេីង ធ្វេីការបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។
ខ្ញុំសូមរំលឹកឡេីងវិញផងដែរ ចំពោះការបេីកបរដោយមិនគោរពច្បាប់ជាពិសេសការបេីកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលេីកលែង ដូចបានអនុវត្តនៅពេលកន្លងមក។
គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វេីដំណេីរទៅស្រុកកំណេីត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ផ្សាយ:ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)








