ឯកឧត្តម​ ម៉ាង​ ​ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ដាក់​បទបញ្ជា​អោយមន្ត្រីក្រោមឱវាទសម្អាត​ ឯកសារកកស្ទះក្នុងប្រព័ន្ធ​ច្រក​ចេញចូល​តែមួយ​ឱ្យ​អស់ក្នុងរយះពេល១ខែ​ ដេីម្បីបង្កេីតទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន.

(ខេត្ត​ព្រះសីហនុ)​:ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលនិងឆាប់រហ័សនៅព្រឹកថ្ងៃទី 20 ខែមេសាឆ្នាំ 2026 ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ​អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អង្គភាពច្រកចេញចូលតែមួយទូទាំងខេត្តព្រះសីហនុ កិច្ច​ប្រជុំ​ធ្វេី​ឡេីង​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​សាលាខេត្ត​ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ​ ដោយមានការអញ្ជេីញចូលរួមពីអភិបាលរងខេត្ត/ក្រុង/ស្រុក​ ប្រធាន​មន្ទីរ​ និងមន្ត្រី​ជំនាញ​ក្រោមឱវាទគ្រប់ស្ថាប័នពន្ធ័ជាច្រេីនរូប។

ក្នុងឱកាសបើកកិច្ចប្រជុំ​ ឯកឧត្តម​ អភិបាល​ខេត្ត​ បានសង្កត់ធ្ងន់ថាការបម្រើរដ្ឋបាលជូនជាពលរដ្ឋ​ គឺជាភារកិច្ចចម្បងដែលត្រូវតែធ្វើឡើង​ ដោយផ្អែកលើគោលការណ៍​លឿន​ មាន​ប្រសិទ្ធភាព​ និង​តម្លាភាព​ ឯកឧត្តម​ បានមានប្រសាសន៍ថា​ យើងត្រូវតែរួមគ្នាពង្រឹងយន្តការ​ការងារ​ ដើម្បីបម្រើសេវារដ្ឋបាលជូនប្រទេសជាតិ​ និងប្រជាពលរដ្ឋជាពិសេសតាមរយៈអង្គភាពច្រកចេញចូលតែមួយដែលជាបង្អួចសេវាដ៏សំខាន់បំផុត។

យោង​តាមរបាយការណ៍សង្ខេបរបស់កញ្ញា​ ឈូ​ ប៉ាវ​ ទៀងប្រធានអង្គភាពច្រកចេញចូលតែមួយ​ បានអោយដឹងថា បច្ចុប្បន្នមានឯកសារពាក់ព័ន្ធនឹងក្បាលដីដែលកំពុងកកស្ទះក្នុងប្រព័ន្ធរដ្ឋបាល​ ក្រុងស្រុកដូចជាក្រុងព្រះសីហនុ 158 ក្បាលដីក្រុងកំពង់សោម 394 ក្បាលដី ក្នុងនោះ 99 ក្បាលដីផ្ទាល់​ និង២៩៥ ក្បាលដីផ្ទេរពីស្រុកព្រៃនប់ ស្រុកព្រៃនប់​ ៩៦​ ក្បាលដី​ ស្រុកស្ទឹងហាវ 77 ក្បាលដីស្រុកកំពង់សិលា 24 ក្បាលដី​ និងក្រុងកោះរ៉ុងបួនក្បាលដី​ ។

ឆ្លើយតបទៅហ្នឹងបញ្ហាកក់ស្ទះនេះ​ ឯកឧត្តមម៉ាង​ ស៊ីណេត​ បានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់​អភិបាលក្រុងស្រុក​ និងប្រធានមន្ទីរពាក់ព័ន្ធ​ ជាពិសេសមន្ទីរសុរិយោដី​ និងសាខាពន្ធដារខេត្តត្រូវរួមគ្នាដោះស្រាយការកកស្ទះក្នុងប្រព័ន្ធឱ្យបានឆាប់រហ័សបំផុត។

ចំណុចសំខាន់ៗដែលឯកឧត្តមបានណែនាំរួមមាន:

-ការកំណត់ពេលមួយខែក្រុមការងារត្រូវសម្អាតឯកសារដែលជាប់គាំងក្នុងប្រព័ន្ធទាំងអស់ឲ្យបានរលូនត្រឡប់មកវិញ។

-ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រដាច់ខាតមិនត្រូវអសកម្មក្នុងការងារ។

-មិនត្រូវស្វែងរកផលលាភផ្ទាល់ខ្លួនក្រៅពីសេវាកំណត់ដោយច្បាប់ឡើយ​ ផ្តល់សេវាគាប់ចិត្តដើម្បីធានាឲ្យបានថារាល់ពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ​ត្រូវទទួលបានឆ្លើយតបមានតម្លាភាព​ និងមិនត្រូវទុកដោយគ្មានហេតុផល។

កិច្ចប្រជុំនេះបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុក្នុងការកែទម្រង់រដ្ឋបាលសាធារណៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតទំនុកចិត្តនិងផ្ដល់ភាពកក់ដល់ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​​។

 

ផ្សាយ​:ថ្ងៃទី​២១ ខែមេសា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷​ម៉ាង​ស៊ីណេត​/Mang​Sineth​

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង