សេចក្តីជូនដំណឹង និងសេចក្តីប្រកាសព័ត៌មាន ស្តីពី៖ ការសម្របសម្រួលបញ្ចប់ទំនាស់ និងការយោគយល់អភ័យទោសជាផ្លូវការ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖ ពាក់ព័ន្ធនឹងករណីការបង្ហោះវីដេអូដែលប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់លោក ឥត ឈាន ចាងហ្វាងអង្គភាពសារព័ត៌មាន ECTV NEWS និងលោក យ៉ិន សុខន ម្ចាស់សហគ្រាសគេហទំព័រព័ត៌មាន “រដ្ឋថ្ងៃនេះ” ដោយប្អូនប្រុស ឃឹម សាវីត កាលពីពេលកន្លងទៅនោះ។

នៅថ្ងៃនេះ ក្រោមការសម្របសម្រួលផ្ទាល់ពី លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ភាគីទាំងបីបានជួបប្រជុំពិភាក្សាដោយស្មារតីយោគយល់ យុត្តិធម៌ និងអធ្យាស្រ័យខ្ពស់៖
១. ប្អូនប្រុស ឃឹម សាវីត បានទទួលស្គាល់កំហុសឆ្គងដោយអចេតនារបស់ខ្លួន ដោយបានលុបវីដេអូនោះចេញពីបណ្តាញសង្គមទាំងស្រុង និងបានធ្វើលិខិតសុំទោសជាផ្លូវការជូនចំពោះភាគីរងគ្រោះទាំងពីររូប។
២. លោក ឥត ឈាន និង លោក យ៉ិន សុខន បានយល់ព្រមទទួលយកសេចក្តីសុំទោស និងសម្រេចចិត្តអភ័យទោស ដោយមិនប្រកាន់ទោសពៃរ៍ ឬបន្តចំណាត់ការណាមួយទៀតឡើយ។
អាស្រ័យហេតុនេះ ភាគីទាំងបីបានសម្រុះសម្រួល និង បញ្ចប់រឿងក្តីនេះដោយសន្តិវិធី និងជោគជ័យជាស្ថាពរ នៅថ្ងៃនេះតទៅ។
សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីទាំងអស់ ដែលបានប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហាដោយភាពថ្លៃថ្នូរ។
ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦
ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព
មីន ចាន់ធី
