កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ​ សហការជាមួយអាជ្ញាធរមូលដ្ឋាន​ និងក្រុមកងសង្រ្គោះ៩១១ ចុះជួយសង្គ្រោះស្វែងរកក្មេងប្រុសម្នាក់ដែលបានបាត់ខ្លួន​ ករណីរអិលជើងធ្លាក់ចូលក្នុងអូរ​ ពេលមេឃកំពុងភ្លៀង។​

 

(ខេត្ត​ព្រះសីហនុ)​៖ នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីក្មេងប្រុសម្នាក់ បានរអិលជើងធ្លាក់ចូលក្នុងអូរខាងក្រោយផ្ទះ (បាត់ខ្លួន) នៅវេលាម៉ោង០៩:៣៥នាទីព្រឹក ម្តុំក្រោយផ្សារតារាសំណាង ស្ថិតក្នុងក្រុម៥ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាភ្លាមៗដល់ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចាត់ចែងកម្លាំងជំនាញ ចំនួន១៣នាក់ បំពាក់សម្ភារ:ឧបករណ៍ជួយសង្គ្រោះ ដឹកនាំដោយ លោកអនុសេនីយ៍ឯក រៀម សុខសំរេច បានចុះទៅដល់ទីតាំងកើតហេតុខាងលើ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងក្រុមកងសង្រ្គោះ៩១១ ដើម្បីជួយសង្គ្រោះស្វែងរកក្មេងប្រុសដែលបានបាត់ខ្លួន។

តាមការឲ្យដឹងពីឪពុកម្តាយក្មេងរងគ្រោះ ឈ្មោះ លី ហុង ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារ ស្ថិតក្នុងក្រុម៥ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រហូតដល់ម៉ោង១១និង២០នាទី ថ្ងៃខែឆ្នាំដដែល ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្រ្គោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងក្រុមកងសង្គ្រោះ៩១១ បានចូលរួមសហការគ្នាយ៉ាងស្វិតស្វាញដើម្បីស្វែងរកក្មេងរងគ្រោះ ដើរតាមបណ្តោយខ្សែទឹកហូរ ក៏ប្រទះឃើញក្មេងរងគ្រោះ បានអណ្តែតតាមផ្ទៃទឹក នៅក្នុងអូរឆ្លងផ្លូវម្ខាងទៀត កម្លាំងជំនាញកងរាជអាវុធហត្ថ បានស្រង់ចេញពីទឹក ប្រគល់ជូនក្រុមកងសង្គ្រោះ៩១១ លើកដាក់ក្នុងរថយន្តដឹកបញ្ជូនភ្លាមៗមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) តែជាអកុសលក្មេងរងគ្រោះបានស្លាប់ ដោយសារលង់ទឹកមុនពេលសមត្ថកិច្ចជួយសង្គ្រោះ៕

សូមចូលរួមសម្តែងការសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសាច់ញាតិនៃសពផង 😭😭😭🙏🙏🙏

សូម​បញ្ជាក់​ថា:នាព្រឹកព្រលឹមថ្ងៃទី១៨ ខែសីហា​ នេះ​ ក្នុងក្រុងព្រះសីហនុ​មានភ្លៀងធ្លាក់យ៉ាងខ្លាំងស្ទេីរតែគ្រប់ទីកន្លែង គិតមកទល់ត្រឹមពេលនេះមេឃមិនទាន់ស្រលះនៅឡេីយ៕

 

ផ្សាយ​:ថ្ងៃទី​១៨ ខែសីហា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

ប្រភព​: បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ

 

 

ព័ត៌មានដែលជាប់ទាក់ទង