តុលាការកំពូល|សេចក្តី​ប្រកាស​ព័ត៌មាន​ សំណុំរឿងរដ្ឋប្បវេណីលេខ៣៥ ចុះថ្ងៃទី១០ មករា ២០២៥ ដែលមានដើមចោទឈ្មោះ សុង ធីតា និងចុងចម្លើយឈ្មោះ សោម ពិសី ព្រមទាំងស្វាមី ឈ្មោះ គុយ ហាក់ ពាក់ព័ន្ធនឹងវិវាទកម្មវត្ថុបណ្ដឹង ទាមទារទឹកប្រាក់ ចំនួន ៤៧៦.៧៥០ ដុល្លារ

​ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

​តុលាការកំពូល

ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦

​សេចក្តីប្រកាសព័ត៌មាន

​អ្នកនាំពាក្យតុលាការកំពូល​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ តុលាការកំពូលបានបញ្ចប់ការពិនិត្យ និងសម្រេចលើសំណុំរឿងរដ្ឋប្បវេណីលេខ ៣៥ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដែលមានដើមចោទឈ្មោះ សុង ធីតា និងចុងចម្លើយឈ្មោះ សោម ពិសី ព្រមទាំងស្វាមីឈ្មោះ គុយ ហាក់ ពាក់ព័ន្ធនឹងវិវាទកម្មវត្ថុបណ្តឹងទាមទារប្រាក់ចំនួន ៤៧៦.៧៥០ (បួនសែនប្រាំពីរម៉ឺនប្រាំមួយពាន់ប្រាំពីររយហាសិប) ដុល្លារអាមេរិក។ ដំណើររឿង និងទិដ្ឋភាពច្បាប់នៃវិវាទនេះ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖

​១. ដើមចមនៃវិវាទ និងស្ថានភាពគតិយុត្ត៖ កាលពីឆ្នាំ២០១៩ ដើមចោទបានទិញដីពីចុងចម្លើយ ទំហំ ៦.១៥០ ម៉ែត្រការ៉េ នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតម្លៃ ៩០ (កៅសិប) ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ ដើមចោទបានប្រគល់ប្រាក់គ្រប់ចំនួន ៤៧៦.៧៥០ (បួនសែនប្រាំពីរម៉ឺនប្រាំមួយពាន់ប្រាំពីររយហាសិប) ដុល្លារអាមេរិក រួចរាល់ ប៉ុន្តែការផ្ទេរសិទ្ធិកាន់កាប់មិនអាចធ្វើទៅបានតាមកិច្ចសន្យាឡើយ ដោយសារដីនោះស្ថិតក្នុងដែនគម្របព្រៃឈើ។ ក្រោយមក តាមរយៈអនុក្រឹត្យលេខ ២០២ អនក្រ.បក ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានធ្វើអនុប្បយោគដីតំបន់នោះជាដីឯកជនរបស់រដ្ឋ ដើម្បីប្រគល់ជូនក្រុមហ៊ុនឯកជនផ្សេងទៀតគ្រប់គ្រង។ ស្ថានភាពនេះបានធ្វើឱ្យបំណងប្រាថ្នារបស់អ្នកទិញក្នុងការក្លាយជាម្ចាស់កម្មសិទ្ធិត្រូវរលាយបាត់ ទើបនាំឱ្យមានការប្តឹងទាមទារប្រាក់ត្រឡប់មកវិញ។

​២. ក្នុងដំណើរការនៃការដោះស្រាយវិវាទ ឃើញថា ភាគីបានខិតខំប្រឹងប្រែងក្នុងការផ្សះផ្សាគ្នារហូតដល់ដំណាក់កាលតុលាការកំពូល។ ក្នុងស្មារតីយុត្តិធម៌ និងបំណងឱ្យមានការសះជានិងគ្នា ជាជាងការសម្រេចក្តីនោះ តុលាការកំពូលបានផ្តល់ឱកាសយ៉ាងច្រើនលើកច្រើនសារក្នុងការសម្របសម្រួលឱ្យភាគីទាំងពីរអាចបញ្ចប់វិវាទដោយសន្តិវិធី។ ជាលទ្ធផលដ៏គួរឱ្យកោតសរសើរ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ភាគីទាំងពីរបានបង្ហាញនូវ «ឆន្ទៈសុចរិត» យ៉ាងខ្លាំងក្លា ដោយភាគីចុងចម្លើយបានយល់ព្រមប្រគល់ដីទំហំ ៦០០ ម៉ែត្រការ៉េ រួមជាមួយប្រាក់ចំនួន ៦០.០០០ (ប្រាំមួយម៉ឺន) ដុល្លារអាមេរិក ខណៈដែលដើមចោទក៏បានបន្ទន់ឥរិយាបថមកត្រឹមការទាមទារតែទឹកប្រាក់ចំនួន ៤២៥.០០០ (បួនសែនពីរម៉ឺនប្រាំពាន់) ដុល្លារអាមេរិក វិញ។

​៣. គួរឱ្យសោកស្តាយដែលភាគីទាំងពីរមិនអាចឈានដល់ការសះជានិងគ្នាហេតុនេះ ផ្អែកលើអង្គហេតុ, អង្គច្បាប់និងភស្តុតាង តុលាការកំពូលបានចាត់ការតាមនីតិវិធីជាបន្តដោយបានសម្រេចឱ្យភាគីចុងចម្លើយសងប្រាក់ចំនួន ៤២៥.០០០ (បួនសែនពីរម៉ឺនប្រាំពាន់) ដុល្លារអាមេរិក ជូនដើមចោទវិញ អនុលោមតាមបញ្ញត្តិនៃមាត្រា ៣៥៤, មាត្រា ៧៣៦ និងមាត្រាពាក់ព័ន្ធនៃក្រមរដ្ឋប្បវេណី។

​ទោះជាយ៉ាងនេះក្តី សូមបញ្ជាក់បន្ថែមថា សេចក្តីសម្រេចនេះ គឺជាការឆ្លើយតបនឹងជំហរសុចរិតរបស់ភាគីទាំងពីរ ដែលបានពិភាក្សាក្នុងដំណាក់កាលផ្សះផ្សា។ ម្យ៉ាងវិញទៀត ទោះបីមានសេចក្តីសម្រេចជាស្ថាពរនេះក៏ដោយ ក៏មិនរារាំងសិទ្ធិរបស់ភាគីក្នុងការបន្តស្វែងរកការសះជាក្រៅប្រព័ន្ធតុលាការបន្ថែមទៀតឡើយ។ យន្តការ «នយោបាយឈ្នះ-ឈ្នះ» នៅតែជាវិថីដ៏វិសេសវិសាលបំផុត ដើម្បីបញ្ចប់វិវាទដោយភាពស្មោះសរ និងរក្សាបាននូវសន្តិភាពផ្លូវចិត្តសម្រាប់ភាគីទាំងសងខាង។

​អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

​(មានហត្ថលេខា និងត្រា)

អ្នកនាំពាក្យតុលាការកំពូល

 

ផ្សាយ​:ថ្ងៃទី​២០ ខែសីហា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

 

​

ព័ត៌មានដែលជាប់ទាក់ទង