លោក មីន ចាន់ធី ប្រធាន សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានចុះតាមដាន និងពិនិត្យមើលដោយផ្ទាល់នូវដំណើរការនៃការចូលខ្លួនបំភ្លឺរបស់ លោកបណ្ឌិត អ៊ុន សំអឿន អតីតចាងហ្វាងគេហទំព័រ អាណាចក្រនគរភ្នំ (www.anachaknokorphnom.com)។

(ខេត្តពរៃវែង ):ជាការកត់សម្គាល់ ក្រោយពីក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រនេះរួចមក ក៏មានលិខិតកោះអញ្ជើញផ្លូវការឱ្យលោកបណ្ឌិតចូលខ្លួនមកសាកសួរ និងបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
ការចុះតាមដាននេះ គឺធ្វើឡើងតាំងពីពេលលោកបណ្ឌិតចាប់ផ្តើមដើរចូល រហូតដល់ពេលបញ្ចប់ការបំភ្លឺ និងត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យត្រឡប់ចេញមកគេហដ្ឋានវិញដោយសុវត្ថិភាព។
ជាការពិតណាស់ ពាក្យចាស់លោកពោលថា «ក្រោយពេលមេឃភ្លៀង មុខជាស្រឡះ» រាល់ចម្ងល់ និងបញ្ហាទាំងឡាយពាក់ព័ន្ធនឹងសំណុំរឿងរបស់ លោកបណ្ឌិត អ៊ុន សំអឿន ត្រូវបានបកស្រាយយ៉ាងច្បាស់លាស់ ប្រកបដោយតម្លាភាព និងបញ្ចប់ទៅយ៉ាងរលូនបំផុត។
ជាពិសេស តាមរយៈការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធ ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា លោកបណ្ឌិត នឹងយកឱកាសនេះដើម្បីកែប្រែខ្លួនឡើងវិញ ដោយងាកមកផ្សព្វផ្សាយព័ត៌មានដែលគោរពយ៉ាងខ្ជាប់ខ្ជួនតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ ដើម្បីចូលរួមចំណែកជួយដល់សង្គមជាតិបន្តទៅទៀត ប្រសិនបើលោកទទួលបានឱកាសជាថ្មីម្តងទៀតនៅថ្ងៃខាងមុខ។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ក្នុងនាមខ្ញុំបាទផ្ទាល់ជាប្រធានសមាគម ខ្ញុំបាទសូមឱនកាយវាចាចិត្ត គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតជូនចំពោះថ្នាក់ដឹកនាំខេត្តព្រៃវែង រួមមាន៖
ទី១. សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង
ទី២. សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ស្នងការនគរបាលខេត្តព្រៃវែង
ទី៣. សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសម្របសម្រួលជាមួយថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់។
ខ្ញុំបាទសូមគោរពដឹងគុណយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលលោកតែងតែមានសន្តានចិត្តមេត្តាធម៌ ស្រឡាញ់សណ្តោសប្រណី ផ្តល់ក្តីអនុគ្រោះ ជួយដោះភ័យព្រួយដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបានជួយសម្របសម្រួលដល់ករណីរបស់លោកបណ្ឌិត អ៊ុន សំអឿន ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ទឹកចិត្តដ៏ប្រពៃ ព្រមទាំងការសម្របសម្រួលប្រកបដោយព្រហ្មវិហារធម៌នេះ ពិតជាបានទាក់ទាញនូវសេចក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់រូបខ្ញុំបាទផ្ទាល់ និងសូមផ្តល់នូវការវាយតម្លៃខ្ពស់បំផុតជូនចំពោះថ្នាក់ដឹកនាំខេត្តព្រៃវែងជានិច្ច។
កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
ទីតាំង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ផ្សាយ:ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)






