” តម្លៃមនុស្ស ស្ថិតលើពាក្យសម្ដី និងទង្វើ “ នេះគឺជាការលេីកឡេីងរបស់ លោក ឯម សុវិសាល ប្រធានសាខាសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពប្រចាំខេត្តបាត់ដំបង

លោក ឯម សុវិសាល ប្រធានសាខាសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពប្រចាំខេត្តបាត់ដំបង បានលើកឡើងពីផ្នត់គំនិតយ៉ាងសំខាន់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានក្នុងបរិបទសង្គមបច្ចុប្បន្ន។ លោកបានសង្កត់ធ្ងន់ថា សង្គមដែលស្អាតស្អំ គឺផ្តើមចេញពីយើងទាំងអស់គ្នា ដូច្នេះលោកសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាតាមបណ្ដាញទំនាក់ទំនងសង្គម ឲ្យចូលរួមបញ្ឈប់ជាបន្ទាន់នូវការជេរប្រមាថ ការប្រើពាក្យអសុរោះ និងការផ្សព្វផ្សាយរូបភាពមិនសមរម្យ ដែលសកម្មភាពទាំងនេះកំពុងបំផ្លាញតម្លៃវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់របស់ខ្មែរ។
ទន្ទឹមនឹងនេះ ក្នុងនាមជាថ្នាក់ដឹកនាំសាខាសមាគមប្រចាំខេត្ត លោក ឯម សុវិសាល បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការ និងសេចក្ដីណែនាំរួមរបស់ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកបានស្រង់យកនូវខ្លឹមសារស្នូលពីសេចក្ដីណែនាំរបស់ក្រសួងទាំងបី ដោយជំរុញឲ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ យកចិត្តទុកដាក់អនុវត្តតាមចំណុចសំខាន់ៗដូចខាងក្រោម។
ទីមួយ ឆ្លើយតបនឹងការណែនាំរបស់ក្រសួងព័ត៌មាន ត្រូវបញ្ឈប់ការផលិតនិងការចែកចាយរាល់រូបភាព សំឡេង វីដេអូ ឬអត្ថបទ ដែលប្រើពាក្យសម្ដីអសុរោះ ជេរប្រមាថ ឬបង្ហាញភាពស្រើបស្រាលខ្វះមារយាទ។ អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងមិនត្រូវចែកចាយបន្តនូវមាតិកាដែលជះឥទ្ធិពលអវិជ្ជមានដល់សង្គមឡើយ។
ទីពីរ ស្របតាមស្មារតីរបស់ក្រសួងកិច្ចការនារី ត្រូវបញ្ឈប់ការកេងប្រវ័ញ្ចលើស្ត្រី ដោយហាមដាច់ខាតការយកភាពអាក្រាត ឬរាងកាយស្ត្រីមកធ្វើជានុយទាក់ទាញចំណាប់អារម្មណ៍ ដើម្បីទទួលបានការចុចចូលចិត្ត ការចែករំលែក ឬចំនួនអ្នកទស្សនា ក្នុងគោលដៅបម្រើផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន។ រាល់ការផ្សាយពាណិជ្ជកម្មនានា ត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់រូបភាព ឬសារដែលបន្ទាបតម្លៃស្ត្រី ឬមានចរិតរើសអើង។
ទីបី ស្របតាមគោលការណ៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវលើកស្ទួយមាតិកាវិជ្ជមាន ដោយងាកមកផលិតនិងចែករំលែកមាតិកាដែលជួយលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ គុណតម្លៃស្ត្រីខ្មែរ និងបង្ហាញពីមោទនភាពវប្បធម៌ជាតិ។ ត្រូវរួមគ្នាគាំទ្រការផលិតមាតិកាដែលផ្ដល់ចំណេះដឹង គុណធម៌ សីលធម៌ និងតម្លៃប្រពៃណីខ្មែរ ដើម្បីចូលរួមកសាងសង្គមកម្ពុជាឲ្យកាន់តែមានភាពរឹងមាំ។
ជាចុងក្រោយ លោកប្រធានសាខាសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពប្រចាំខេត្តបាត់ដំបងរូបនេះ បានរំលឹកឡើងវិញនូវសារព្រមានរបស់ក្រសួងទាំងបីថា សូមបងប្អូនអ្នកសារព័ត៌មាននិងអ្នកផលិតមាតិកាទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដើម្បីធ្វើជាគំរូល្អដល់ក្មេងជំនាន់ក្រោយ។ រាល់ការបំពាន ឬការបន្តផលិតមាតិកាដែលផ្ទុយនឹងសេចក្តីណែនាំនេះ នឹងត្រូវប្រឈមមុខនឹងចំណាត់ការច្បាប់យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយ។
ពាក្យគន្លឹះ សីលធម៌វិជ្ជាជីវៈ តម្លៃវប្បធម៌ រួមគ្នាកសាងសង្គម សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព
ផ្សាយ:ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)


