ខេត្តតាកែវ៖ ផ្ទុះការព្រួយបារម្ភពីពលរដ្ឋ! ទទូចស្នើសុំកិច្ចអន្តរាគមន៍ពី ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយមន្ត្រី ក.ប.ប. និងមន្ត្រីគយ ចុះពិនិត្យឃ្លាំងស្តុកប្រេងឆាមហិមាគ្មានផ្លាកយីហោនាំចូលពីវៀតណាម ដែលមានសកម្មភាពចែកចាយយ៉ាងគគ្រឹកគគ្រេងទូទាំង ២៥ រាជធានី-ខេត្

(ខេត្តតាកែវ)៖ ឃ្លាំងស្តុកទុកទំនិញប្រភេទប្រេងឆាសុទ្ធសាធដ៏ធំមហិមាគ្មានដាក់ផ្លាកយីហោសម្គាល់ថាជាទីតាំងអាជីវកម្មអ្វីនោះឡើយ ស្ថិតនៅឃុំភ្នំឌិន ស្រុកគីរីវង់ ខេត្តតាកែវ។ ឃ្លាំងនេះមានសកម្មភាពនាំចូល និងស្តុកទុកប្រេងឆាដឹកជញ្ជូនឆ្លងដែនមកពីប្រទេសវៀតណាម យកមកផ្ទុកក្នុងឃ្លាំងនេះជាច្រើនខែ និងច្រើនឆ្នាំមកហើយ ដោយគ្មានការត្រួតពិនិត្យ ឬការអនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញនោះឡើយ ដែលកំពុងរងការទាមទារយ៉ាងទទូចពីប្រជាពលរដ្ឋឱ្យមានការអន្តរាគមន៍។
យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរតំបន់ទីតាំងឃ្លាំងមហិមានេះផ្ទាល់ និងការចុះទៅពិនិត្យជាក់ស្តែងរបស់អង្គភាពព័ត៌មានយើងខ្ញុំ គឺបានឃើញផ្ទាល់ភ្នែកថាឃ្លាំងនេះមានរថយន្តយីឌុបដ៏ធំៗ ពាក់ស្លាកលេខខ្មែរខ្លះ និងពាក់ស្លាកលេខប្រទេសវៀតណាមខ្លះ ដោយមានការឃ្លុបបាំងបិទជិតៗយ៉ាងតឹងរ៉ឹង បានបើកចូលចេញដឹកជញ្ជូនប្រេងឆាផ្ទុកចូលក្នុងឃ្លាំងនេះតែម្តង។ ប្រជាពលរដ្ឋបានលើកឡើងបន្ថែមថា ចាប់ពីម៉ោងប្រមាណ ៧ ដល់ ៨ យប់ រហូតដល់ម៉ោង ៥ ជិតភ្លឺ គឺមានរថយន្តម៉ាកសាមយ៉ុង ចាប់ពី ៥ គ្រឿង រហូតដល់ ១០ គ្រឿង បានចេញដំណើរធ្វើសកម្មភាពដឹកជញ្ជូនបោះដុំប្រេងឆាទាំងនោះយ៉ាងគគ្រឹកគគ្រេង យកទៅចែកចាយតាមបណ្តារាជធានី-ខេត្តទាំង ២៥ រៀងរាល់ថ្ងៃ ដោយមានបុគ្គលឈ្មោះ លោកធា ជាអ្នកចាំកាង និងមើលផ្លូវយ៉ាងតឹងរ៉ឹង។
ជុំវិញបញ្ហានេះ យោងតាមច្បាប់ និងតួនាទីភារកិច្ចស្នូលរបស់ស្ថាប័នមានសមត្ថកិច្ច បានកំណត់យ៉ាងច្បាស់លាស់ដូចខាងក្រោម៖
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)៖ មានភារកិច្ចយ៉ាងសំខាន់ក្នុងការការពារសិទ្ធិ សុខមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ព្រមទាំងទប់ស្កាត់និងបង្ក្រាបរាល់ការនាំចូលទំនិញ ផលិតផលគ្មានគុណភាព ឬខូចគុណភាពពីបរទេស ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖ មានតួនាទី និងភារកិច្ចតាមផ្លូវច្បាប់ក្នុងការគ្រប់គ្រង កំណត់ និងប្រមូលពន្ធអាករលើទំនិញនាំចូល ព្រមទាំងទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសរត់ពន្ធ ទំនិញគេចពន្ធ ឬការនាំចូលសម្ភារៈនិងទំនិញខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនពីប្រទេសដទៃចូលមកក្នុងប្រទេសកម្ពុជាដោយគ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតត្រឹមត្រូវ ដើម្បីការពារសេដ្ឋកិច្ចជាតិ និងសុវត្ថិភាពសង្គម ទប់ស្កាត់មិនឱ្យឈ្មួញទុច្ចរិតដឹកជញ្ជូនទំនិញខុសច្បាប់ចូលមកបំផ្លាញទីតាំងក្នុងស្រុកឡើយ។
ការលើកឡើង និងការផ្សាយដំណឹងនេះ គឺជាការស្នើសុំកិច្ចអន្តរាគមន៍យ៉ាងទទូច និងជាសំណូមពរដ៏ស្មោះត្រង់ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការដោះស្រាយ និងចុះពិនិត្យភាពមិនប្រក្រតីនេះឱ្យបានទាន់ពេលវេលា ក៏ដូចជាជួយដោះស្រាយបញ្ហាក្តៅគគុកនៅក្នុងមូលដ្ឋាន ដោយពុំមានចេតនាវាយប្រហារ គ្មានចេតនាញុះញង់បង្កបញ្ហាដល់សង្គម ឬជាន់ពន្លិចថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធនោះឡើយ។ ក្នុងនាមជាអង្គភាពសារព័ត៌មាន យើងខ្ញុំបានត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំងនាំសារពីបងប្អូនប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងនាំសារពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមកបងប្អូនប្រជាពលរដ្ឋវិញប៉ុណ្ណោះ។ អង្គភាពព័ត៌មានយើងខ្ញុំមិនមានលេខទូរសព្ទសម្រាប់ធ្វើការទំនាក់ទំនងទៅកាន់ម្ចាស់ទីតាំងនេះផ្ទាល់នោះឡើយ ប៉ុន្តែយើងខ្ញុំរង់ចាំជានិច្ចនូវការបកស្រាយបំភ្លឺពីមន្ត្រីពាក់ព័ន្ធ ក៏ដូចជាពីសំណាក់ម្ចាស់អាជីវកម្មដឹកជញ្ជូនប្រេងឆានៅទីតាំងដ៏មហិមានេះ គ្រប់ម៉ោង គ្រប់ពេលវេលា និងក្នុងម៉ោងធ្វើការ ដើម្បីធានាបាននូវតម្លាភាព និងភាពយុត្តិធម៌សម្រាប់គ្រប់ភាគីទាំងអស់។
អាស្រ័យហេតុនេះ សេចក្តីរាយការណ៍ និងសំណូមពរនេះ សូមគោរពជូនដំណឹងដ៏ខ្ពង់ខ្ពស់ដល់ ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង មន្ត្រី ក.ប.ប. ខេត្តតាកែវ មន្ត្រីគយនិងរដ្ឋាករកម្ពុជា ខេត្តតាកែវ និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យ និងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យគុណភាព ការនាំចូល និងអនុវត្តតាមផ្លូវច្បាប់យ៉ាងប្រុងប្រយ័ត្នលើទីតាំងឃ្លាំងនេះ ដើម្បីធានាដល់ការការពារសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មទូទាំង ២៥ រាជធានី-ខេត្តដោយក្តីអនុគ្រោះ។
ផ្សាយ:ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)




