មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ផ្នែកសារព័ត៌មាន ដល់ក្លឹបកុមារ និងយុវជនខេត្តស្ទឹងត្រែង និងខេត្តរតនគិរី

(ខេត្ត​ស្ទឹងត្រែង)​៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង សហការជាមួយអង្គការនារីដើម្បីសន្តិភាព បានរៀបចំដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ផ្នែកសារព័ត៌មាន ជូនដល់សមាជិកក្លឹបកុមារ និងយុវជន មកពីខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។

ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការចូលរួមពី លោក ប៊ុន សុផារ៉ា ប្រធានគម្រោង ក្មេងស្រីដឹកនាំសកម្មភាព នៃអង្គការ នារីដើម្បីសន្ដិភាព និងតំណាងមន្ទីរព័ត៌មានខេត្តរតនគិរី តំណាងមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ព្រមទាំងកុមារ និងយុវជនមកពីខេត្តទាំងពីរ សរុបជាង៤០នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ លោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ ដែលជាឱកាសដ៏ល្អសម្រាប់កុមារ និងយុវជន បានស្វែងយល់បន្ថែមអំពីការងារផ្នែកសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងស្ថាប័នព័ត៌មានថ្នាក់ខេត្ត។

លោកប្រធានមន្ទីរបានមានប្រសាសន៍ថា ការសិក្សាផ្នែកសារព័ត៌មានមិនមែនមានតែការសរសេរព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែរួមមានការស្វែងរកព័ត៌មាន ការពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការរៀបចំខ្លឹមសារ ការថតរូប ថតវីដេអូ ការផលិតសារអប់រំ និងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។

លោក ស៊ុន ប៊ុនធឿន បានបន្តថា ក្នុងបរិបទបច្ចុប្បន្ន កុមារ និងយុវជនជាអ្នកប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមយ៉ាងសកម្ម ដូច្នេះការយល់ដឹងអំពីព័ត៌មាន និងសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យពួកគេអាចបែងចែកព័ត៌មានពិត និងព័ត៌មានមិនពិត ព្រមទាំងចៀសវាងការចែករំលែកព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់។

លោកបានសង្កត់ធ្ងន់ថា យុវជនគួរតែចូលរួមជាអ្នកប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងអាចក្លាយជាអ្នកផលិតខ្លឹមសារដែលមានប្រយោជន៍សម្រាប់សង្គម ដោយត្រូវគោរពសីលធម៌វិជ្ជាជីវៈ ក្រមសីលធម៌សង្គម និងសិទ្ធិរបស់អ្នកដទៃ។

លោកប្រធានមន្ទីរបានផ្តាំផ្ញើដល់កុមារ និងយុវជនទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងជំនាញថ្មីៗ ជាពិសេសជំនាញទំនាក់ទំនង ការសរសេរ ការថតរូប ការថតវីដេអូ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សដ៏មានសមត្ថភាពសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ លោក ស៊ុន ប៊ុនធឿន បានវាយតម្លៃថា ដំណើរទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍រវាងក្លឹបកុមារ និងយុវជនពីខេត្តស្ទឹងត្រែង និងខេត្តរតនគិរី គឺជាសកម្មភាពដ៏មានអត្ថប្រយោជន៍ ដែលអាចជួយពង្រឹងចំណេះដឹង បទពិសោធន៍ ការទំនាក់ទំនង និងការចែករំលែកគំនិតរបស់យុវជននៅតាមបណ្តាខេត្ត។

លោកបានបញ្ជាក់ថា មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង រីករាយក្នុងការចូលរួមគាំទ្រ និងចែករំលែកបទពិសោធន៍ជាមួយកុមារ និងយុវជន ដើម្បីឱ្យពួកគេមានការយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់ព័ត៌មាន និងសារព័ត៌មានក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ។

 

ផ្សាយ​:ថ្ងៃទី​៤​ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង