ព័ត៌មានបន្ត update វគ្គ២ ករណីយានយន្តប្រភេទរថយន្តកែច្នៃទ្រុងដឹកលើសទម្ងន់នៅតាមបណ្ដាយផ្លូវ២១Aនៅតែបន្តធ្វើសកម្មភាពយ៉ាងគឃ្លើនបងប្អូនប្រជាពលរដ្ឋទទូចស្នើសុំចំណាត់ការបន្តពីអាជ្ញាធរ ក្រុងសំពៅពូន ខេត្តកណ្តាល

(ខេត្តកណ្តាល): ថ្វីត្បិតតែអង្គភាពព័ត៌មានយើងខ្ញុំទើបតែបានចុះផ្សាយនិងធ្វើការអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរួចមកហើយ ជុំវិញករណីក្រុមប្រភេទរថយន្តចំណុះត្រឹមមួយតោនកន្លះដែលលួចកែច្នៃទ្រុងខុសបច្ចេកទេសផ្ទុកទំនិញជិត២០តោនធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងតាមបណ្តោយផ្លូវជាតិលេខ២១A រហូតមកទល់នឹងពេលនេះសកម្មភាពល្មើសច្បាប់មួយនេះនៅតែបន្តកើតមានដដែល
យោងតាមរូបភាពវីដេអូនិងសេចក្តីរាយការណ៍បន្តបន្ទាប់ដែលបងប្អូនប្រជាពលរដ្ឋទើបតែបានថតផ្តិតយកនិងផ្តល់មកកាន់អង្គភាពយើងខ្ញុំផ្ទាល់បានបង្ហាញយ៉ាងច្បាស់ថាយានយន្តប្រភេទរថយន្តកែច្នៃទ្រុងល្មើសច្បាប់ទាំងនេះនៅតែបន្តសកម្មភាពដឹកជញ្ជូនបន្លែផ្លែឈើសំពីងសំពោងយ៉ាងគឃ្លើនដដែល សកម្មភាពផ្គើននឹងច្បាប់របស់ម្ចាស់រថយន្តទាំងនេះបានធ្វើឱ្យមហាជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពក្នុងការធ្វើដំណើរនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិដែលជាញើសឈាមរបស់រាស្ត្រនិងរដ្ឋ
ក្នុងន័យនេះអង្គភាពព័ត៌មានយើងខ្ញុំក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមនិងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានពុំមានចេតនាណាមួយរិះគន់ឬវាយប្រហារទៅលើអាជ្ញាធរមានសមត្ថកិច្ចឡើយ ផ្ទុយទៅវិញយើងខ្ញុំសូមគោរពស្នើសុំនិងអំពាវនាវដោយទទូចជាថ្មីម្តងទៀតដល់ក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមេត្តាបន្តយកចិត្តទុកដាក់និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុតទៅលើម្ចាស់រថយន្តដឹកល្មើសច្បាប់ទាំងនោះប្រជាពលរដ្ឋ សង្ឃឹមយ៉ាងមុតមាំលើចំណាត់ការប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការចុះបង្ក្រាបផាកពិន័យនិងតម្រូវឱ្យកាត់ទ្រុងប្រភេទរថយន្តកែច្នៃទ្រុងទាំងនេះជាបន្ទាន់ដើម្បីធានាសុវត្ថិភាពចរាចរណ៍និងថែរក្សាអាយុកាលផ្លូវថ្នល់ជាតិឱ្យបានយូរអង្វែង!
សូមអរគុណ
ផ្សាយ:ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)




