ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញពីគោលជំហរ និង កោតសរសើរចំពោះគំរូវីរ:ភាពរបស់មន្ត្រីចរាចរណ៍ និងបន្តលេីកទឹកចិត្តខ្ពស់ដល់មន្ត្រីគ្រប់ថ្នាក់ ដែលបានប្រកាន់ខ្ជាប់នូវអំពេីល្អ៕

(រាជធានីភ្នំពេញ): ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា នាល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វេីការបង្ហោះសំណេរនៅលេីបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមផ្ទាល់ ក្រោយមានការចែករំលែកអំពីគំរូវីរ:ភាពរបស់មន្ត្រីចរាចរណ៍ក្នុងការអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវ:មនុស្សធម៌ បំពេញកាពត្វកិច្ចជួយដល់ប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន ដោយក្នុងនោះ ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:
ជនរួមជាតិ ជាទីគោរព!
ប៉ុន្មានថ្ងៃនេះ បងប្អូនសាធារណជនមួយចំនួនធំ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ពិតជាបានចាប់អារម្មណ៍ និងបញ្ចេញមតិល្អៗជាច្រើន អំពីសកម្មភាពមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានជួយអន្តរាគមន៍បើកផ្លូវឱ្យរថយន្តដឹកស្រ្តីមានផ្ទៃពោះ ប្រញាប់ទៅសម្រាលបុត្រនៅមន្ទីរពេទ្យ។ សកម្មភាពនេះ បានធ្វើឱ្យយើងគ្រប់គ្នាមានមោទនភាព ហើយវាក៏បានដាស់ស្មារតីយើងគ្រប់គ្នាថា អំពើល្អមិនចាំបាច់ត្រូវការពេលវេលា ទីកន្លែង តួនាទី ឬឋានៈបុគ្គលជាក់លាក់ណាមួយដើម្បីស្ដែងឡើងនោះឡើយ។
រូបខ្ញុំផ្ទាល់ ក៏បានតាមដានករណីនេះដែរ ហើយតាមដែលខ្ញុំបានដឹងសកម្មភាពប្រកបដោយវិជ្ជាជីវៈមនុស្សធម៌ ដូចករណីមន្រ្តីនគរបាលចរាចរណ៍យើងខាងលើនេះ មិនមែនទើបតែកើតមាននោះទេ។ ពោលគឺ មិនថាជាអ្នករាជការស៊ីវិល កងកម្លាំង ឬជាពិសេសមន្រ្តីចរាចរណ៍ផ្សេងទៀតនោះឡើយ ពួកគាត់ម្នាក់ៗសុទ្ធតែធ្លាប់ និងតែងបានចេញមុខអន្តរាគមន៍ភ្លាមៗ នៅរាល់ពេលជួបប្រទះករណីពលរដ្ឋ ត្រូវការជំនួយបន្ទាន់ផ្សេងៗ។
ជាក់ស្ដែង រាល់ពេលស្រ្តីមានផ្ទៃពោះ ត្រូវប្រញាប់ទៅពេទ្យ! ពេលរថយន្តពេទ្យប្រញាប់ដឹកអ្នកជំងឺទៅសង្គ្រោះ! ពេលមនុស្សចាស់ ជនមានពិការភាព និងសិស្សតូចៗត្រូវដើរឆ្លងថ្នល់! ពេលរថយន្តខូចកណ្ដាលថ្នល់ត្រូវរុញចូលខាង! រ៉ឺម៉កដឹកបន្លែឡើងស្ពាន ឬឡើងផ្លូវចោតពុំរួច! ។ល។ គឺនៅពេលដងផ្លូវមានរឿងអាសន្ន និងចាំបាច់បែបនេះ ប្រាកដណាស់ យើងតែងបានឃើញមន្រ្តីនគរបាលចរាចរណ៍មានមុខអន្តរាគមន៍។
សកម្មភាពត្រួសៗខាងលើនេះ មិនមែនជាការសម្ដែង ហើយក៏មិនមែនដើម្បីគ្រាន់តែបង្ហាញទៅកាន់ក្រសែភ្នែកអ្នកបើកបរឬសាធារណជនតាមដងផ្លូវនោះដែរ។ ប៉ុន្តែវាជាកាតព្វកិច្ចខាងស្មារតីដ៏ជ្រាលជ្រៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងគួរឱ្យគោរពបំផុតមួយ។ ពោលគឺនៅលើដងផ្លូវ កាលបើប្រទះឃើញពលរដ្ឋជួបការលំបាក ឬត្រូវការជំនួយ មន្រ្តីនគរបាលចរាចរណ៍យើង តែងប្រញាប់ចេញទៅជួយដោះស្រាយតាមលទ្ធភាពភ្លាមៗ ទោះករណីខ្លះមិនមែនជាភារកិច្ចស្នូលរបស់ខ្លួនក៏ដោយ។
ក្នុងនាមពលរដ្ឋមួយរូប ខ្ញុំសូមអរគុណជាអនេកប្បការចំពោះមន្រ្តីគ្រប់រូប ដែលតែងតែចេញមុខជួយដោះស្រាយបញ្ហាលំបាកផ្សេងៗជូនពលរដ្ឋ ទាំងបញ្ហាលើដងផ្លូវ និងតាមសហគមន៍។ ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយរូបខ្ញុំផ្ទាល់ជាសេនាធិការជូនសម្ដេច លើការងាររដ្ឋបាលដែនដី សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ខ្ញុំពិតជាមានការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់មន្រ្តីរបស់យើងគ្រប់ថ្នាក់ និងគ្រប់ទីកន្លែង ដែលបានប្រកាន់ខ្ជាប់នូវអំពើល្អ ទាំងក្នុងការអនុវត្តតួនាទី និងភារកិច្ច និងក្នុងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ សូមបន្តស្មារតីជាវិជ្ជមានបែបនេះទៀត ក្រៅតែពីការបំពេញតួនាទីភារកិច្ចតាមច្បាប់ និងការគោរពអនុវត្តបទវិន័យរបស់អង្គភាព៕
សូមអរព្រះគុណ
ផ្សាយ:ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)


