អភិបាលខេត្តតាកែវ ណែនាំឱ្យអាជ្ញាធរ និងអ្នកប្រើប្រាស់បណ្តាញសង្គម រួមគ្នារក្សាសណ្តាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយព័ត៌មានពិតជុំវិញការរៀបចំលើកស្លាកគណបក្ស

(ខេត្ត​តាកែវ)​៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា កិច្ចការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គឺជាកាតព្វកិច្ចចម្បងដែលត្រូវធានាដោយអ្នករាជការសាធារណៈ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីជាប្រជាពលរដ្ឋ និងគណបក្សនយោបាយមានសិទ្ធិនយោបាយយ៉ាងណាក៏ដោយ ក៏ការប្រើប្រាស់សិទ្ធិទាំងនោះមិនត្រូវឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅឡើយ។

ផ្អែកលើគោលការណ៍នេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសលោកមេឃុំ ត្រូវចុះពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់មុននឹងចាត់វិធានការដកហូតស្លាកសញ្ញាណាមួយ ដោយត្រូវមានមូលដ្ឋានច្បាស់លាស់ថា តើការដំឡើងស្លាកគណបក្សណាមួយ ខុសបច្ចេកទេស ឬប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបណា ទើបឈានដល់ការដកហូតយកមករក្សាទុកនៅសាលាឃុំ។

ជុំវិញករណីនេះ លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បានបញ្ជាក់ថា កន្លងមកអាជ្ញាធរស្រុកបានណែនាំទៅអាជ្ញាធរឃុំឱ្យជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានដំឡើងស្លាកនៅទីតាំងមិនសមស្រប ដូចជា នៅចំណុចផ្លូវកែង ផ្លូវប្រសព្វ ឬជាប់គល់ស្ពានជាដើម។ លោកបានបន្តថា ការដំឡើងស្លាកគណបក្សនៅទីតាំងទាំងនោះ​ បានរំលោភលើបទប្បញ្ញត្តិសុវត្ថិភាពចរាចរណ៍ និងសារាចរណែនាំលេខ ៣១៦ របស់ក្រសួងមហាផ្ទៃ។ ក្នុងករណីដែលសាម៉ីគណបក្សមិនព្រមរុះរើ ឬកាត់ចេញក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹង អាជ្ញាធរឃុំនឹងចុះទៅកាត់ និងប្រមូលយកមករក្សាទុកនៅសាលាឃុំជាបណ្តោះអាសន្ន។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង បានអំពាវនាវដល់អ្នកសារព័ត៌មាន និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យជួយតាមដាន និងឃ្លាំមើលការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយស្នើឱ្យអ្នកបង្ហោះព័ត៌មានទាំងឡាយ បង្ហោះតែព័ត៌មានពិត និងត្រឹមត្រូវ។ ឯកឧត្តមក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា អាជ្ញាធរដែនដីបំពេញការងារដោយអនុវត្តតាមច្បាប់ និងស្មើភាពគ្នា ដោយគ្មានការរើសអើងចំពោះគណបក្សនយោបាយណាមួយឡើយ៕

 

ផ្សាយ​:ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង