រដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន ត្រៀមអនុវត្តទូទាំងប្រទេស

(ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមូលនិធិជាតិជំនួយសង្គម បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល» ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងក្របខណ្ឌខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក អេង សុភក្ត្រ័ ប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃមូលនិធិជាតិជំនួយសង្គម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ឹម សុធន អគ្គនាយកមូលនិធិជាតិជំនួយសង្គម ព្រមទាំង លោក ទិត ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មន្ទីរអង្គផាពពាក់ពន្ធ័ អភិបាលរងក្រុង-ស្រុក លោកមេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធកម្មវិធីឃុំ-សង្កាត់ សរុបចំនួន ៧០ នាក់ (ស្រី ៣០ នាក់)។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងនៅមន្ទីរសង្គមកិច្ចខេត្ត ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រតិបត្តិករឃុំ-សង្កាត់ ឱ្យមានភាពស្ទាត់ជំនាញ និងត្រៀមលក្ខណៈរួចរាល់ សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍គ្រោះអាសន្ន ដែលគ្រោងនឹងប្រកាសអនុវត្តផ្លូវការជាលក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ។
មានប្រសាសន៍នាឱកាសនោះ លោក អេង សុភក្ត្រ័ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារឃុំ-សង្កាត់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចុះស្រង់ទិន្នន័យ និងផ្តល់សេវាគាំពារសង្គមជូនប្រជាពលរដ្ឋនាពេលកន្លងមក។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់មូលធនមនុស្ស និងសុខមាលភាពប្រជាពលរដ្ឋងាយរងគ្រោះ។
បច្ចុប្បន្ន មូលនិធិជាតិជំនួយសង្គម កំពុងអភិវឌ្ឍ និងអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្នសរុបចំនួន ៨ កម្មវិធី រួមមាន:
– កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ផ្តោតលើស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម ២ ឆ្នាំ មនុស្សចាស់ជរា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ និងសិស្សានុសិស្ស។
– កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ជំនាញ និងប្រាក់ឧបត្ថម្ភប្រចាំខែជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ។
– កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅដ្ឋាន។
– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម ២ ឆ្នាំ ក្នុងពន្ធនាគារ។
– កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញចាកចេញពីភាពក្រីក្រ កំពុងអនុវត្តសាកល្បងនៅខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ដើម្បីវាស់វែងលទ្ធផល មុននឹងពង្រីកទៅខេត្តផ្សេងៗ។
– កម្មវិធីអន្តរាគមន៍សម្រាប់ស្តារជីវភាព និងលំនៅដ្ឋាន ជូនគ្រួសារភៀសសិកដែលបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
– កម្មវិធីគាំពារសង្គមទ្រទ្រង់ជីវភាព ជូនគ្រួសារភៀសសិកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
– កម្មវិធីជំនួយសង្គមពិសេស ជូនគ្រួសារភៀសសិកដែលមិនទាន់អាចវិលទៅលំនៅដ្ឋានវិញ ក្នុងខេត្តបន្ទាយមានជ័យ។
ផ្អែកលើស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលមានការប្រែប្រួលដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងការឈ្លានពានពីយោធាថៃមកលើកម្ពុជានាពេលកន្កងមក លោក ទិត ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្ត បានស្នើឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ កត់ត្រានូវចំណុចសំខាន់ៗ និងចូលរួមសួរដេញដោលជាមួយគ្រូឧទ្ទេស ដើម្បីឱ្យការយល់ដឹងកាន់តែច្បាស់លាស់ ធានាឱ្យការយកចំណេះដឹងទាំងនេះទៅអនុវត្តផ្ទាល់ជូនប្រជាពលរដ្ឋទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕
ផ្សាយ:ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷មន្ទីរព័ត៌មានខេត្តព្រះសីហនុ









