រដ្ឋបាលខេត្តព្រះសីហនុ និង UN-Habitat បេីកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីគម្រោងទីក្រុងឆ្លាតសម្រាប់ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ):រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីគម្រោងទីក្រុងឆ្លាតសម្រាប់ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាប្រជុំសណ្ឋាគារ Riva Hotel ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។
កិច្ចប្រជុំចពិគ្រោះយោបល់រវាងក្រុមការងារទីក្រុងឆ្លាតខេត្ត ព្រះសីហនុ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណង៖
១. ផ្លាស់ប្តូរទស្សនទាន និងបទពិសោធ៖ ដកស្រង់បទពិសោធ និងបច្ចេកវិទ្យាទំនើបៗពី សំណាក់អ្នកជំនាញ និងតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិ។
២. ស្វែងយល់ពីសក្តានុពល និងតម្រូវការជាក់ស្តែង៖ ពិភាក្សាលើ «ស្ថានភាពទូទៅនៃការ អភិវឌ្ឍខេត្ត និងគម្រោងទីក្រុងឆ្លាតដែលមានសក្តានុពលវិនិយោគ»។
៣. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ បង្កើតកិច្ចសហការជិតស្និទ្ធរវាងរដ្ឋបាលខេត្ត អង្គការ UN-Habitat និងវិស័យឯកជន ដើម្បីប្រែក្លាយផែនការសកម្មភាពឱ្យទៅជាលទ្ធផលជាក់ស្តែង។
ក្នុងឱកាសដ៏មានសារសំខាន់នោះដែរ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេក និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានគណៈប្រតិភូដឹកនាំដោយ លោក សឹង យីង ប្រធានកម្មវិធី UN-Habitat ប្រចាំប្រទេសចិន អមដំណើរដោយ លោក សុខ វណ្ណា ប្រធានកម្មវិធី UN-Habitat ប្រចាំប្រទេសកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សានៅ ខេត្តព្រះសីហនុ និងបានរួមគ្នារៀបចំ «កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតសម្រាប់ ខេត្តព្រះសីហនុ»។
លោក ឯម ភាព បានគូសបញ្ជាក់ថា ដំណេីរមកដល់ទីក្រុងព្រះសីហនុ គណ:ប្រតិភូ UN-Habitat បានចុះពិនិត្យទីតាំងគម្រោងជាក់ស្តែងមួយចំនួនក្នុងក្រុងព្រះសីហនុ រួមមាន៖ ប្រព័ន្ធសេនស័រលើរថយន្ត ប្រមូលសំរាម ទីតាំងរៀបចំអភិវឌ្ឍន៍ចំណតរថយន្តឆ្លាតវៃ និងបន្ទប់បញ្ជាត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ក្នុងក្រុងជាដើម។ តាមរយៈដំណើរទស្សនកិច្ចនេះ រូបលោកសង្ឃឹមថា គណៈប្រតិភូអង្គការ UN-Habitat នៃប្រទេសទាំងពីរ (កម្ពុជា-ចិន) នឹងប្រមូលបាននូវធាតុចូលសំខាន់ៗ អំពីស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់ខេត្តព្រះសីហនុ ទាំងផ្នែកធនធាន និងបច្ចេកទេស ក្នុងការជំរុញការអភិវឌ្ឍ ទីក្រុងឆ្លាត និងទំនើប ដើម្បីប្រែក្លាយទៅជាទីក្រុងដែលមានបរិស្ថានល្អ និងគួរឱ្យចង់រស់នៅ។ ទន្ទឹមនឹងនេះក្រោមជំនួយបច្ចេកទេសរបស់អង្គការ UN-Habitat នាពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការគាំទ្រដល់ការអភិវឌ្ឍទីក្រុងឆ្លាត រួមមាន៖
១. ការរៀបចំ សៀវភៅទស្សនទាន «ទីក្រុងព្រះសីហនុ សម្រាប់យើងទាំងអស់គ្នា»៖ ក្នុង គោលបំណងជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជាមួយគ្នានេះ អង្គការ UN-Habitat បានគាំទ្ររដ្ឋបាលខេត្តលើការអនុវត្តគម្រោងបន្ថែម ដូចជា ការបង្កើនភាពធន់នឹងការ ប្រែប្រួលអាកាសធាតុ អនាម័យបរិស្ថាន និងការកាត់បន្ថយសំណល់ប្លាស្ទិក។ ជាពិសេស បានជួយ សម្របសម្រួលរៀបចំឯកសារសម្រាប់ការដាក់ពាក្យបេក្ខភាពក្រុងព្រះសីហនុ ជាសមាជិកបណ្តាញទី ក្រុងឆ្លាតអាស៊ាន (ASCN) ជាផ្លូវការ ក្នុងកិច្ចប្រជុំលើកទី៧ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
២. ការរៀបចំ ផែនការសកម្មភាពទីក្រុងឆ្លាត (២០២៤-២០២៨)៖ អង្គការ UN-Habitat បានផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំផែនការសកម្មភាពអភិវឌ្ឍន៍ទីក្រុងឆ្លាតខេត្តព្រះសីហនុ ឆ្នាំ ២០២៤-២០២៨ ដោយអនុលោមតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ព្រមទាំងផែនការរៀបចំដែនដី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង ឆ្នាំ២០២២-២០៣៨។ ផែនការនេះ បានកំណត់វិស័យអាទិភាពចំនួន៥ រួមមាន៖ រដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល ការរស់នៅឆ្លាត ការគ្រប់គ្រងសំណល់ឆ្លាត និងការគ្រប់គ្រងបរិស្ថានឆ្លាត។
៣. ការសិក្សាស្រាវជ្រាវអំពីស្ថានភាពលំនៅដ្ឋាន៖ ក្នុងអំឡុងឆ្នាំ២០២៥-២០២៦ ក្រោមការ ឧបត្ថម្ភគាំទ្រពី UN-Habitat ប្រទេសចិន រដ្ឋបាលខេត្តបានសហការជាមួយក្រុមការងារជំនាញនៃ វិទ្យាស្ថានរចនា និងរៀបចំផែនការទីក្រុងអ៊ូហាន (Wuhan Urban Planning and Design Institute) ចុះសិក្សាស្រាវជ្រាវអំពីស្ថានភាពលំនៅដ្ឋានមិនរៀបរយក្នុងខេត្តព្រះសីហនុ ដែលលទ្ធផល ទទួលបាននឹងក្លាយជាមូលដ្ឋានទិន្នន័យដ៏សំខាន់ សម្រាប់ការរៀបចំកែលម្អតំបន់ទាំងនោះឱ្យមាន សណ្តាប់ធ្នាប់ និងសោភណភាព។
លោកបានបន្ថែមទៀតថាតាមរយៈការអនុវត្តគម្រោងទីក្រុងឆ្លាតកន្លងមក មន្ត្រីរដ្ឋបាលខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរ មូលដ្ឋាន ទទួលបានការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើការរៀបចំផែនការ និងការអនុវត្ត គម្រោង។ ឈរលើវឌ្ឍនភាពនេះ ក្រុមការងារទីក្រុងឆ្លាតខេត្តព្រះសីហនុ ក្រោមការគាំទ្របច្ចេកទេស ពី UN-Habitat បានបន្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីកៀរគរដៃគូវិនិយោគ និងដៃគូអភិវឌ្ឍន៍ ក្នុងគោល ដៅសម្រេចឱ្យបាននូវ ចក្ខុវិស័យ៖ «ប្រែក្លាយខេត្តព្រះសីហនុ ទៅជាខេត្តដែលប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលផ្តោតលើសុវត្ថិភាព និរន្តរភាព និងសុខុមាលភាពសម្រាប់ ទាំងអស់គ្នា»។
ជាមួយគ្នានោះដែលលោកស្រី ណៃ សាលី ក៏បានធ្វេីបទបង្ហាញចំនុចសំខាន់ៗមួយចំនួនទាក់ទងទៅនឹងការអភិវឌ្ឍទីក្រុងឆ្លាត និងវិស័យអាទិភាពមួយចំនួនក្នុងក្រុងព្រះសីហនុ ដោយផ្តោតសំខាន់លេីគម្រោងសាកល្បងអនុវត្តក្នុងឆ្នាំ ២០២៥ – ២០២៦ នេះ ក្នុងនោះរួម៖
១-ការគ្រប់គ្រងកាកសំណល់ដោយប្រេីប្រាស់ឧបករណ៍ទីក្រុងឆ្លាត(Wact)
២-កាំមេរ៉ាសុវត្ថិភាពឆ្លាតវៃ ដោយក្នុងនោះកាំមេរ៉ាបំពាក់ GPS ចំនួន៥៣៣ ត្រូវបានដំឡេីងសឹងតែគ្រប់ទីកន្លែងសំខាន់ៗក្នុងក្រុងព្រះសីហនុ ហេីយបច្ចុប្បន្នកាំមេរ៉ាចំនួន២៦៩ ផ្សេងទៀតកំពុងរៀបចំតំម្លេីង ដោយបែងចែកជាពីរ:
– ១១៣ កាំមេរ៉ា ជាប្រភេទធម្មតា
-១៥៦ កាមេរ៉ា ជាប្រភេទ AI កំរឹត (4MP និង 8MP)
៣-ចំណតរថយន្តឆ្លាតវៃ គម្រោងនេះត្រូវបានរៀបចំនៅម្តុំផ្សារលេី និងតាមតំបន់ឆ្នេរអូរឈេីទាល
លោក សឺង យីង (Sheng Ying) ប្រធានកម្មវិធី UN-Habitat ប្រចាំប្រទេសចិន ថ្លែងថាគម្រោងទីក្រុងឆ្លាតវៃរបស់ UN-Habitat គឺជាគំនិតផ្តួចផ្តើមមួយ ដែលផ្តោតលើការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និង ភាពធន់ ដោយក្នុងនោះលោកបានណែនាំំតំណាងក្រុមហ៊ុនធំៗចំនួនបីក្នុងទីក្រុង Shenzhen ប្រទេសចិន TEAMSUN Technology Shenzhen Urban Transport Planning Center Co., Ltd. ក្នុងការធ្វេីបទបង្ហាញអំពីសារ:សំខាន់នានារបស់ទីក្រុងឆ្លាតវៃ ដោយក្នុងនោះលោកបានបញ្ជាក់ថាទីក្រុងប្រមាណជា១៦០ ក្នុងប្រទេសចិន បាននឹងកំពុងអនុវត្តនូវគម្រោងទីក្រុងឆ្លាតវៃតាមរយ: Smart Parking ដែលងាយស្រួលសំរាប់ប្រជាពលរដ្ឋ ដោយគ្រាន់តែប្រេីនូវ Smart Phone ឫក៏ Ai អាចដឹងអំពីស្ថានភាពផ្លូវ អាចប្រេីប្រាស់ការកក់ទុកចំណតជាមុន អាចដឹងអំពីពេលវេលាជាក់លាកណាមួយមុននឹងទៅដល់ទីកន្លែង។ ជាងនេះទៅទៀតទីក្រុងមួយចំនួនរបស់ចិន បាននឹងកំពុងប្រេីប្រាស់នូវប្រពន្ធ័ដ្រូនកំរឹតទាបដែលអាចជួយសម្រប់សម្រួលដល់ការងារសន្តិសុខសណ្ដាប់ធ្នាប់ចរាចរណ៍ដោយមិនចាំបាច់ប្រេីកម្លាំងប៉ូលីស។
ផ្សាយ:ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)

















