គណ:ប្រតិភូ​ខេត្ត​ព្រះសីហនុ​ ដឹកនាំដោយ​ ឯកឧត្តម​ ​ម៉ាង​ សុី​ណេត​ បានអញ្ជេីញធ្វើទស្សនកិច្ចក្រុមហ៊ុន Zhejiang Dahua Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយរបស់ប្រទេសចិន​

(ទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន)​៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ធ្វើទស្សនកិច្ចក្រុមហ៊ុន Zhejiang Dahua Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយរបស់ប្រទេសចិន នៅក្នុងឧស្សាហកម្មកាមេរ៉ាសុវត្ថិភាព ផលិតផល និងសេវាកម្មចម្បងៗរូមមាន៖

-ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព (CCTV): រួមមានកាមេរ៉ា Network (IP Cameras), កាមេរ៉ាកម្ដៅ (Thermal Cameras) និងឧបករណ៍ថតវីដេអូ (NVR/DVR)

-ប្រព័ន្ធគ្រប់គ្រងសន្តិសុខឆ្លាតវៃ៖ ឧបករណ៍គ្រប់គ្រងការចេញចូល (Access Control), ប្រព័ន្ធវីដេអូទ្វារ (Video Intercom) និងប្រព័ន្ធប្រកាសអាសន្ន (Alarms)

-ដំណោះស្រាយសម្រាប់ទីក្រុងឆ្លាតវៃ និងសហគ្រាស (Smart City & Enterprise Solutions): ការផ្តល់បច្ចេកវិទ្យា AI សម្រាប់គ្រប់គ្រងចរាចរណ៍ សន្តិសុខសាធារណៈ ប្រព័ន្ធធនាគារ ការអប់រំ និងការគ្រប់គ្រងស្វ័យប្រវត្តិនានា

-ឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដូចជាឧបករណ៍សាកថ្មឡានអគ្គិសនី (EV Charger) ជាដើម។

ដំណើរ​ទស្សនកិច្ច​នេះ​ ធ្វេីឡេីងបន្ទាប់ពីបានបញ្ចប់បេសកកម្មជាផ្លូវការ ក្នុង«វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» លើប្រធានបទ «ផលិតកម្មឆ្លាតវៃអាស៊ាន (China-Cambodia Collaboration: Smart Manufacturing for ASEAN)» សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យាឌីជីថល និងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​ កាលពីថ្ងៃទី៨ ខែកញ្ញា​។

វេទិកានេះត្រូវបានរៀបចំឡើងក្រោមប្រធានបទស៊ីជម្រៅ ដោយមានកិច្ចសម្របសម្រួលពីក្រុមហ៊ុន ISI Group រួមសហការជាមួយក្រុមហ៊ុន SunWah Group ក្នុងគោលបំណងបង្ហាញពីកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងខេត្តព្រះសីហនុ ជាពិសេសការទាក់ទាញវិនិយោគិនពី Guangdong-Hong Kong-Macao Greater Bay Area (GBA) ឱ្យមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI SEZ) ក៏ដូចជាក្នុងខេត្តព្រះសីហនុទាំងមូល។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំសហគ្រាសចិន សមាគមអាជីវកម្ម និងក្រុមហ៊ុនផ្តល់សេវាកម្មជំនាញ ប្រមាណ ៥០  ដើម្បីស្វែងយល់អំពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មនៅខេត្តព្រះសីហនុ។

ជាមួយគ្នា​នេះ​ដែរ​ ដំណេីរទស្សន:កិច្ចក្រុមហ៊ុន Zhejiang Dahua Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយរបស់ប្រទេសចិន នៅក្នុងឧស្សាហកម្មកាមេរ៉ាសុវត្ថិភាព​ និងសេវាផ្សេងៗទៀត រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ រំពឹងថានឹងទទួលបានបទពិសោធន៍ថ្មីមួយ ក្នុងការ​អភិវឌ្ឍន៍​ក្រុង-ស្រុក​ទាំង​៦​ អោយក្លាយជាទីក្រុងឆ្លាតវៃ ក្នុងយុគសម័យឌីជីថល​ប្រកបដោយ​ចីរភាព​ នាពេល​អនាគត​ដ៏ខ្លីខាងមុខ។

 

ផ្សាយ​:ថ្ងៃទី​១០ ខែកញ្ញា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​ម៉ាង​ស៊ីណេត​/Mang​Sineth​

 

 

ព័ត៌មានដែលជាប់ទាក់ទង