សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងរង្វង់ប្រតិបត្តិការ បង្រ្កាបមេក្លោងជួញដូរគ្រឿងញៀនសកម្មក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ល្បាតឆ្មក់ និងកំណត់មុខសញ្ញាបានច្បាស់លាស់ក្នុងភូមិសាស្រ្តស្មុគស្មាញ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់(ស្រី០២នាក់) ។
សូមបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះធ្វើឡើងចាប់ពីម៉ោង២១:០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ ម៉ោង០៣:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការផ្ទុះអាវុធ និងឃាត់ខ្លួនជនសង្ស័យស្រីប្រុសចំនួន៨នាក់ ។ ក្នុងចំណោមនោះ មានពីរនាក់ប្តីប្រពន្ធ ជាមេក្លោងជួញដូរគ្រឿងញៀនសកម្មក្នុងខេត្តព្រះសីហនុ ហើយក៏ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីឆ្នាំ២០២៤ម្តងរួចទៅហើយ ។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់នេះ ត្រូវបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ប្រសិនបើបានឃើញ ឬមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សេងៗ សូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន នឹងត្រូវបានយកមកពិនិត្យ និងចាត់វិធានការតាមនីតិវិធី ។
លេខទូរស័ព្ទសម្រាប់រាយការណ៍បន្ទាន់៖
● 097 778 0008 — ភាសាខ្មែរ
● 011 526 677 — English
● 011 506 677 — 中文
● 011 516 677 — 中文
● 011 822 009 — អគ្គិភ័យ
● 097 778 0093 — អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ
សូមចូលរួមទាំងអស់គ្នា ដើម្បីខេត្តព្រះសីហនុមានសន្តិសុខ សណ្តាប់ធ្នាប់ និងគ្មានគ្រឿងញៀន ៕
ផ្សាយ:ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ




