ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Tarun Gupta សហស្ថាបនិក នៃក្រុមហ៊ុន Sunshine by Lissun

(រាជធានីភ្នំពេញ): នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Tarun Gupta សហស្ថាបនិក នៃក្រុមហ៊ុន Sunshine by Lissun កិច្ចប្រជុំប្រព្រឹត្តទៅនៅការិយាល័យ ឯកឧត្តម សុខ ប្រសិទ្ធិ ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
គោលបំណងសំខាន់ក្នុងកិច្ចប្រជុំ ធ្វេីឡេីងដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសការលើកកម្ពស់វិស័យវេជ្ជបច្ចេកវិទ្យាការថែទាំ និងអន្តរាគមន៍លើការលូតលាស់របស់កុមារ ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា និងដៃគូអន្តរជាតិ ដែលមានការសម្រួបសម្រួលដោយ លោក Sanjeev Gupta នាយកក្រុមហ៊ុន Telpha Inc.។
ក្នុងជំនួបនេះ លោក Tarun Gupta បានបង្ហាញពី បេសកកម្មរបស់ក្រុមហ៊ុន Sunshine by Lissun ដែលផ្តោតលើការថែទាំ និងអន្តរាគមន៍លើការលូត លាស់របស់កុមារ តាមរយៈការរួមបញ្ចូលសេវាព្យាបាល ផ្ទាល់ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លោកក៏បាន បង្ហាញពីបំណងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកុមារ ដែលមានបញ្ហាប្រឈមនានា ដូចជា អូទីសឹម (Autism) ពិការភាពផ្ចង់អារម្មណ៍ (ADHD) និង ការយឺតយ៉ាវក្នុងការនិយាយ។
ជាការឆ្លើយតប ឯកឧត្តម សុខ ប្រសិទ្ធិ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ដោយចាត់ ទុកថា កិច្ចសហប្រតិបត្តិការខាងលើអាចរួមចំណែកដល់ ការថែទាំ និងអភិវឌ្ឍកុមារតូច ព្រមទាំងការពង្រឹងវិស័យ សុខាភិបាល និងសុខភាពផ្លូវចិត្តនៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញការគាំទ្រចំពោះការ សម្របសម្រួលឱ្យមានកិច្ចពិភាក្សាជាមួយក្រសួង សុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកលទ្ធភាព អនុវត្តគម្រោងរួមដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការកសាងធនធាន មនុស្ស តាមរយៈការបង្កើនឱកាសសិក្សា និងបណ្តុះ បណ្តាលជំនាញសម្រាប់យុវជន និងមន្ត្រីជំនាញកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម សុខ ប្រសិទ្ធិ បានស្នើឱ្យពិនិត្យ លទ្ធភាពសហការលើ៣ចំណុចសំខាន់ រួមមាន៖ ការ រៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្រប ខណ្ឌកិច្ចសហប្រតិបត្តិការ ការជំរុញការវិនិយោគ និង អន្តរាគមន៍ជាមុនលើសុខុមាលភាពកុមារ និងការផ្តល់ អាហារូបករណ៍ ព្រមទាំងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ជូនមន្ត្រីរាជការ បុគ្គលិកជំនាញ និងនិស្សិតកម្ពុជា លើ វិស័យវេជ្ជបច្ចេកវិទ្យា សុខភាពផ្លូវចិត្ត និងការអប់រំ ពិសេសសម្រាប់កុមារ។
ផ្សាយ:ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)









