ពលរដ្ឋប្ដឹងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន រួមនិងមន្ត្រី ២រូបទៀត ពីបទ៖រំលោភអំណាចឈូសឆាយផ្ទះគាត់ចោល ដោយពុំបានជូនដំណឹង (វគ្គ១)

(រាជធានី​ភ្នំពេញ)​៖ ក្រោយរងការឈូសឆាយនិងបាត់បង់ផ្ទះ! ឥឡូវប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងជាផ្លូវការ ដោយប្ដឹងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន រួមនិងមន្ត្រី២រូបទៀត ចូលក្រសួងមហាផ្ទៃ និងស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ”ធ្វើឱ្យខូចខាតដោយចេតនា”រំលោភអំណាច”ចាត់វិធានការសំដៅរារាំងការ អនុវត្តច្បាប់”និងស្ថានទម្ងន់ទោស “ប៉ះពាល់កម្មសិទ្ធិ”ឈូសឆាយផ្ទះគាត់ចោល”ដោយពុំបានជូនដំណឹងជាមុន ដែលបានប្រព្រឹត្ត នៅចំណុច ផ្ទះលេខ៤ ផ្លូវ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០២.០៩.២០២៦ ។

នេះបើយោងតាមពាក្យបណ្ដឹងចំនួន២ច្បាប់ផ្សេងគ្នាដែល”ដើមរាំង”ទើបទទួលបាន។

បណ្ដឹងទី១៖ ចូលក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ។

២៖ ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៦។

ករណីនេះលោក កៀង ល័ក្ស ថ្លែងថានឹងចូលបំភ្លឺតាមនីតិវិធី ។

សូមជម្រាបថា ដើមបណ្ដឹងឈ្មោះ យី គួយ ភេទស្រីអាយុ៩៤ឆ្នាំ និងឈ្មោះ ស៊ុយ ចាន់ស៊ីធូ ភេទស្រីអាយុ៥៦ឆ្នាំអ្នកទាំង២ នៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ចំណែកមន្ត្រីដែលរងបណ្តឹងទី១៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន

២៖ លោក ជិន វិចិត្រ អភិបាលរងខណ្ឌចំការមន និងទី៣៖ លោក អុីវ ថាវី នាយករងរដ្ឋបាលខណ្ឌចំការមន!។

ទាក់ទិនរឿងនេះ ដើមបណ្ដឹងបានអះអាងថា ពួកខ្លួនបានកាន់កាប់និងរស់នៅលើដី.ទំហុំក្បាល១០ម៉ែត្រ.ជម្រៅ៣០ម៉ែត្រ ត្រង់ចំណុចផ្ទះលេខ៤ ផ្លូវ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ រយៈពេលជាង៣០ឆ្នាំមកហើយ។

ដោយមានផ្ទះស្នាក់នៅជាក់ស្ដែង.និងមានការទទួលស្គាល់ដឹងឮ ពីអាជ្ញាធរ.មានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ.សំបុត្រកំណើត.និងអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ.ពុំមែនជាអ្នកចំណូលថ្មី ដើរចាប់យកដីសាធារណៈដើម្បីលក់បន្តនោះទេ ។

ប្រភពដដែលបន្តថា មួយរយៈចុងក្រោយនេះ ផ្ទះរបស់គាត់ចាស់ពេក និងលេចទឹកតាមដំបូលពិបាករស់នៅ ទើបចាំបាច់ក្នុងការជួសជុលឡើងវិញ ។

ជាក់ស្តែង ខណៈពេលខ្លួនកំពុងធ្វើការជួសជុលផ្ទះ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ស្រាប់តែលេចមុខលោក ជិន វិចិត្រ អភិបាលរងខណ្ឌ លោក អុីវ ថាវី នាយករងរដ្ឋបាលខណ្ឌ ក្រោមបញ្ជាពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បាននាំគ្រឿងចក្រមកឈូសឆាយរបងរួមនិងផ្ទះ របស់គាត់ចោលទាំងស្រុងតែម្ដង ។

ដើមបណ្តឹងបញ្ជាក់ថា ការឈូសឆាយនិងរុះរើផ្ទះរបស់ខ្លួនចោល ពីសំណាក់អាជ្ញាធរខណ្ឌចំការមននៅពេលនេះ គឺពុំបានជូនដំណឹងជាមុន និងគ្មានដីកាពីតុលាការនោះឡើយ ។

ក្នុងនោះប្រសិនបើអាជ្ញាធរ រុះរើត្រឹមតែចំណុចដែលខ្លួនជួសជុលថ្មីនោះ.មិនធ្ងន់ធ្ងរប៉ុន្មានទេ តែនេះអាជ្ញាធរ មករុះរើនិងឈូសឆាយកម្ទេចចោលទាំងផ្ទះចាស់ដែលមានស្រាប់ទៀតផង បណ្ដាលឱ្យពួកគាត់រងការខាតបង់យ៉ាងធ្ងន់ធ្ងរ ត្រូវដេកឈឺចាប់រីងរៃ លែងមានដំបូលជ្រកដូចមុនៗ ។

ម្ល៉ោះហើយទើបពួកគាត់ សម្រេចប្ដឹងលោក កៀង ល័ក្ស.លោក ជិន វិចិត្រ.លោក អុីវ ថាវី ចូលក្រសួងមហាផ្ទៃ និងសាលាដំបូងរាជធានីភ្នំពេញតែម្ដងទៅ ដើម្បីទាមទាររកយុត្តិធម៌ សម្រាប់ពួកខ្លួន។

ជាការឆ្លើយតបនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានថ្លែងប្រាប់”ដើមរាំង”ថា ការរុះរើផ្ទះខាងលើ មកពីដើមបណ្ដឹងសង់ផ្ទះបន្ថែម ក្នុងដីអនុក្រឹត្យដែល តម្រូវឱ្យរើចេញ។

បើតាមលោកអភិបាលខណ្ឌ ដីនៅតំបន់នោះ ក្រសួងៈបានចុះវាយតម្លៃអំពីផលប៉ះពាល់រួចហើយ និងបានប្រគល់បង្កាន់ដៃឱ្យពលរដ្ឋ ដើម្បីត្រៀមទទួលយកសំណងនៃផលប៉ះពាល់ជាថ្នូរនឹងការរើចេញ ។

ចំពោះពាក្យបណ្ដឹងខាងលើ លោក កៀង ល័ក្ស ថ្លែងថា ជាសិទ្ធិរបស់ពលរដ្ឋ ហើយលោកនឹងចូលបំភ្លឺ.ជូនស្ថាប័នពាក់ព័ន្ធ ។

យ៉ាងណាក៏ដោយពលរដ្ឋសុំស្នើយ៉ាងទទូចដល់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយរកយុត្តិធម៌ ឱ្យពួកខ្លួនដោយក្ដីអនុគ្រោះ នឹងសុំចាត់វិធានការលើលោកអភិបាលខណ្ឌចំការមន រួមនិងអ្នកពាក់ព័ន្ធ កុំអោយមានការយោគយល់អោយសោះ!។

ដោយផ្អែកថា មន្ត្រីទាំងនេះប្រើសិទ្ធិអំណាចហួសដែនកំណត់.ឈូសឆាយផ្ទះគាត់ចោល!ដោយពុំបានជូនដំណឹងជាមុន និងគ្មានដីកាពីតុលាការ។

សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មានបន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់អ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជានាំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅផងដែរ។

ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕

 

ផ្សាយ​:ថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង