រដ្ឋបាលខណ្ឌដូនពេញបើកប្រតិបត្តិការយ៉ាងក្តៅគគុកចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវផ្សារ៩០០ ក្រោយការឆ្លើយតប និងបំភ្លឺជូនសាធារណជន

(រាជធានីភ្នំពេញ): ៖ស្មារតីនៃការអនុវត្តតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងការពិតក្នុងសង្គម និងការរួមចំណែកអភិវឌ្ឍន៍សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈកិច្ចសហការគ្នារវាងស្ថាប័នសារព័ត៌មាន និងអាជ្ញាធរដែនដី។ ក្រោយពីអង្គភាពសារព័ត៌មាន ASEAN DAILY 24 បានចុះផ្សាយអត្ថបទរិះគន់ក្នុងន័យស្ថាបនាជុំវិញបញ្ហាសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវផ្សារ៩០០ ពេលនេះ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ចេញចំណាត់ការយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត។
យោងតាមស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់បំភ្លឺជូនសាធារណជន រដ្ឋបាលខណ្ឌដូនពេញបានបញ្ជាក់ជូនដូចខាងក្រោម៖
សេចក្តីបំភ្លឺរបស់រដ្ឋបាលខណ្ឌដូនពេញ៖
បន្ទាប់ពីបានឃើញសារព័ត៌មាន ASEAN DAILY 24 បានចុះផ្សាយថា អស់ជំនឿ! ពលរដ្ឋដាក់សំណួរចាក់ដោតចំៗដល់ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ រឿងមន្ត្រីចុះមក «អើតលើម» រួចដកដៃវិញ ទុកឱ្យអាជីវកររំលោភផ្លូវដើរដោយមានការសង្ស័យពីភាពមិនប្រក្រតី…
ដោយបានទទួលការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមបណ្តោយផ្លូវផ្សារ៩០០ បានជាប់ជាប្រចាំ ប៉ុន្តែដោយសារការចូលរួមពីបងប្អូនអាជីវករ និងអ្នកលក់ដូរនៅតាមបណ្តោយផ្លូវនេះមិនទាន់បានចូលរួមសហការ ១០០% នៅឡើយ ទើបធ្វើឱ្យបញ្ហាសណ្តាប់ធ្នាប់មិនទាន់បានល្អប្រសើរ។
រដ្ឋបាលខណ្ឌដូនពេញនឹងខិតខំបន្តរៀបចំសណ្តាប់ធ្នាប់ផ្លូវនេះឱ្យដូចភ្លៀងរលឹម ដើម្បីឱ្យផ្លូវនេះមានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អប្រសើរ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ 😍😍😍
🙏 សូមបងប្អូនអាជីវករ និងអ្នកលក់ដូរទាំងអស់មេត្តាចូលរួមទាំងអស់គ្នាដើម្បីសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈរបស់យើង។
នេះគឺជាសេចក្តីបំភ្លឺរបស់រដ្ឋបាលខណ្ឌដូនពេញឆ្លើយតបមកខាងអង្គភាពព័ត៌មាន ASEAN DAILY 24
ប្រតិបត្តិការយ៉ាងក្តៅគគុកចុះបង្ក្រាប និងរៀបចំសណ្តាប់ធ្នាប់នៅនឹងកន្លែងបន្ទាប់ពីមានការចេញសេចក្តីបំភ្លឺនេះភ្លាម គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពី លោក ជា ខេមា បានដាក់កម្លាំងចុះអន្តរាគមន៍អនុវត្តវិធានការរដ្ឋបាលយ៉ាងក្តៅគគុក និងម៉ឺងម៉ាត់បំផុតនៅទីតាំងកើតហេតុផ្ទាល់។ មន្ត្រីជំនាញបានធ្វើការដាស់តឿន ណែនាំ និងរុះរើសម្ភារៈ តូប រទេះ និងសំយ៉ាបដែលរំលោភយកចំណីផ្លូវសាធារណៈ ដើម្បីធានាបាននូវ៖
ភាពរលូននៃការធ្វើដំណើរ៖ សម្រួលដល់ការដើរ និងការបើកបរឆ្លងកាត់របស់ប្រជាពលរដ្ឋទូទៅដោយសុវត្ថិភាព។
ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់៖ បើកផ្លូវឱ្យទូលាយសម្រាប់រថយន្តសង្គ្រោះ ឬរថយន្តពន្លត់អគ្គីភ័យ ក្នុងករណីមានគ្រោះអាសន្នយថាហេតុណាមួយកើតឡើងនៅតំបន់ផ្សារតូចនេះ។
សោភ័ណភាព និងអនាម័យទីក្រុង៖ ស្តារសណ្តាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយល្អប្រសើរឡើងវិញ។
តាមរយៈវិជ្ជាជីវៈសារព័ត៌មានរបស់ ASEAN DAILY 24 ដែលហ៊ានលើកយកកង្វល់ប្រជាពលរដ្ឋមកផ្សាយដោយសុចរិត រួមផ្សំជាមួយឆន្ទៈ និងចំណាត់ការយ៉ាងលឿនរហ័សរបស់រដ្ឋបាលខណ្ឌដូនពេញ គឺជាគំរូដ៏ល្អនៃការដោះស្រាយបញ្ហាក្នុងសង្គម ដើម្បីភាពសុខដុមរមនា និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅ៕
ផ្សាយ:ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)



