ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទជាន់ទី៣ នៃអគារ ក ទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទាំងពីរ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
ការដាក់ឱ្យដំណើរការគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត និងជាជំហានវិវឌ្ឍន៍ដ៏មានតម្លៃក្នុងការលើកកម្ពស់វិស័យព័ត៌មាន និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ គេហទំព័រទាំងនេះនឹងក្លាយជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត លឿនរហ័សស៊ីជម្រៅ និងប្រកបដោយតម្លាភាព។
ទន្ទឹមនឹងនេះ សមិទ្ធផលនេះក៏បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីសម្រួលដល់ការផ្ដល់សេវាព័ត៌មានជូនសាធារណជន ឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានអាចតាមដានសកម្មភាពអភិវឌ្ឍន៍នានាបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
វត្តមានរបស់ ឯកឧត្តម សុខ ប្រសិទ្ធិ រួមទាំងថ្នាក់ដឹកនាំកំពូលៗក្នុងកម្មវិធីនេះ គឺជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឱ្យស្របតាមបរិបទនៃយុគសម័យព័ត៌មានវិទ្យា៕
ផ្សាយ:ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឯ.ឧសុខ ប្រសិទ្ធិ
















