ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ICCOS ក្រោមប្រធានបទ “រួមគ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(រាជធានីភ្នំពេញ)៖នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ICCOS ក្រោមប្រធានបទ “រួមគ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ក្រោយដំណើរការពិភាក្សារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។៕
ពិធីបើកសន្និសីទអន្តរជាតិ ICCOS បានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាលមកពីបណ្ដាប្រទេសចំនួន២៧, ថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗចំនួន៧ និងមានអ្នកចូលរួមប្រមាណ ១ ០០០នាក់។
ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ICCOS របស់កម្ពុជា គឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅក្នុងបណ្ដាប្រទេសជាច្រើន។ រាជកម្ពុជាប្ដេជ្ញាពេញលេញក្នុងការចាត់វិធានការឥតឈប់ឈរ ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបង្កើតកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកជាមួយបណ្ដាប្រទេសជាដៃគូ ប្រកបដោយសមភាពអធិបតេយ្យភាព និងគណនេយ្យភាពរួម។
ក្នុងឱកាសអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍សំខាន់ៗចំនួន៤ ដូចខាងក្រោម៖
*ទី១៖ សំខាន់បំផុត ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យលើកកម្ពស់ការគំរាមកំហែងនេះទៅជាអាទិភាពសន្តិសុខជាតិកម្រិតខ្ពស់បំផុត។ ការបង្កើតស្ថាប័នកណ្តាល ដូចជា គណៈកម្មការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានសារៈសំខាន់ក្នុងការធ្វើសមកាលកម្មការចែករំលែកព័ត៌មាន ព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ ការអនុវត្តច្បាប់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងសសរស្តម្ភរដ្ឋទាំងអស់។
*ទី២៖ ការអនុវត្តចុះបង្ក្រាបជាយុទ្ធសាស្ត្រ ត្រូវតែត្រូវបានពង្រឹងដោយច្បាប់ដែលកំណត់គោលដៅលើបណ្តាញឧក្រិដ្ឋកម្មទាំងមូល។ ច្បាប់សម័យទំនើបប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែកំណត់ការទទួលខុសត្រូវព្រហ្មទណ្ឌយ៉ាងច្បាស់លាស់ មិនត្រឹមតែសម្រាប់ប្រតិបត្តិករជួរមុខប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មេខ្លោង អ្នកវិនិយោគ អ្នកជ្រើសរើសបុគ្គលិក ម្ចាស់អចលនទ្រព្យ និងអ្នកសម្របសម្រួលផងដែរ។
*ទី៣៖ អាជ្ញាធរត្រូវតែសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងយុទ្ធសាស្ត្រផ្លាស់ប្តូររបស់ក្រុមឧក្រិដ្ឋជន។ នៅពេលដែលទីតាំងត្រូវបានរំខាន ក្រុមឧក្រិដ្ឋជនបំបែកខ្លួនទៅជាក្រុមតូចៗ ដែលលាក់ខ្លួននៅទីតាំងផ្សេងៗ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
ក្នុងពេលដំណាលគ្នា យុទ្ធសាស្ត្រអនុវត្តច្បាប់ត្រូវតែបង្វែរទៅរកការត្រួតពិនិត្យអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង ការប្រមូលព័ត៌មានស៊ើបការណ៍ឌីជីថលជាបន្តបន្ទាប់ និងការចុះត្រួតពិនិត្យនៅនឹងកន្លែង។
*ទី៤៖ ស្ថាប័នអនុវត្តច្បាប់ត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវក្រមសីលធម៌។ ប្រតិបត្តិការឆបោកឆ្លងដែនភាគច្រើនពឹងផ្អែកលើការជួញដូរមនុស្ស ការជ្រើសរើសបោកប្រាស់ និងការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជំហរឱ្យបានច្បាស់ថា ប្រទេសកម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។ ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។ ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជានោះទេ។ ហើយវាក៏មិនបានកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះដែរ។ ការពាក់ព័ន្ធដំបូងជាមួយកម្ពុជា ត្រូវបានផ្សារភ្ជាប់ទៅនឹងការកំណើននៃការលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា និងធុរកិច្ចនានាដែលពាក់ព័ន្ធនឹងកាស៊ីណូ។
សន្និសីទរយៈពេលពីរថ្ងៃនេះមានវេទិកាជជែកពិភាក្សាសំខាន់ៗអមមួយចំនួនទៀតរួមមាន៖ ការជជែកលើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាបន្ទាន់ក្នុងសាកលលោក, ការឆ្លើយតបក្នុងតំបន់ និងសាកលលោក ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បច្ចេកវិទ្យា ការបង្ការ និងភាពធន់ប្រព័ន្ធសាយប័រ និងកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅខាងមុខ។
ចាប់តាំងពីអាណត្តិទី៦មក រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយ បន្ត មកដល់អាណត្តិទី៧ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសមានរចនាសម្ព័ន្ធស្មុគស្មាញ ហើយមានមូលដ្ឋាននៅបណ្តាញប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ដើម្បីបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងនូវច្បាប់ថ្មី ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ បន្ទាប់ពីច្បាប់នេះ ប្រកាសដាក់ឱ្យប្រើប្រាស់ប្រតិបត្តិការបោសសំអាត ជម្រកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានធ្វើឡើងយ៉ាងខ្លាំងក្លាបំផុត។
មេខ្លោងធំៗនៃការប្រព្រឹត្តបទល្មើស Online Scams ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅស្រុកកំណើតរបស់ពួកគេមាន ដូចជា លោក ចេនហ្ស៊ី ថៅកែក្រុមហ៊ុនព្រីន និងបក្ខពួករបស់ពួកគេជាច្រើនរូបទៀត។ មិនត្រឹមតែមេខ្លោង និងពាក់ព័ន្ធប្រព្រឹត្តបទល្មើសជាជនបរទេសនោះទេ ដែលត្រូវបានចាត់វិធានការ ក្នុងនោះក៏មានមន្ត្រីជា ស៊ី វិល និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាជាច្រើនរូប ក៏ត្រូវបានចាត់វិធានការដែរ។
គួរឱ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានឆ្មក់ចូលទីតាំងសង្ស័យ ៨៣២ទីតាំង ប្រតិបត្តិការបង្ក្រាបការឆបោកបានចំនួន ៦៦៣ទីតាំង ក្នុងចំណោមនេះសមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ៨៦ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ និងឃាត់ខ្លួនជនសង្ស័យជាង ២៩ ០០០នាក់ មានចំនួន៣៩សញ្ជាតិ។ បុគ្គលជាង ២២ ០០០នាក់ មកពី ៣៨ប្រទេស ត្រូវបានចាប់បញ្ជូនទៅប្រទេសដើម ខណៈមនុស្សជាច្រើនផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការនៃការបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។
លើសពីនេះ សំណុំរឿងចំនួន៤៤៦ករណី ត្រូវបានបញ្ចូនទៅតុលាការពាក់ព័ន្ធជនត្រូវចោទ ៣,៩២៧នាក់ មាន ២៩សញ្ជាតិ ខណៈការស៊ើបអង្កេតបន្ថែម លើអ្នកជាប់ពាក់ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកទ្រព្យសម្បត្តិខុសច្បាប់កំពុងបន្ត។ ទន្ទឹមគ្នានេះថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។
ចំណែកឯក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់។ សំណុំរឿង ចំនួន ៤៤៦ករណី ស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣,៩២៧នាក់ រួមមានមេខ្លោង និងគូកនមកពី២៩សញ្ជាតិ។ វិធានការច្បាប់ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន៤ ទាក់ទិនជនសង្ស័យ ១៥នាក់ រួមមានព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។ បន្ថែមពីនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន ៨៥៥នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។
មានជនបរទេសជាង ២២,០០០នាក់ មកពី ៣៨សញ្ជាតិ បានធ្វើមាតុភូមិនិវត្តន៍ត្រលប់ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធ និងស្មោះត្រង់ជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ៕
ផ្សាយ:ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅវាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេងប៊ុនទី( FB)
Cr.FN













