ពលរដ្ឋភូមិស្ទឹងជ្រៅ ក្រុងតាខ្មៅ រអ៊ូរទាំរឿងក្លិនស្អុយចេញពីទីតាំងចិញ្ចឹមគោ ខណៈអាជ្ញាធរភូមិថាគ្មានសមត្ថភាពដោះស្រាយ

(ខេត្តកណ្តាល)​៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់សុខភាពបរិស្ថាន និងការរស់នៅប្រចាំថ្ងៃ បន្ទាប់ពីមានទីតាំងចិញ្ចឹមសត្វគោមួយកន្លែងបានមកបើកដំណើរការថ្មីៗនេះនៅក្នុងតំបន់ប្រជុំជន ដែលបង្កឲ្យមានក្លិនស្អុយឆ្អេះឆ្អាបយ៉ាងធ្ងន់ធ្ងរ។

យោងតាមការរៀបរាប់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា តំបន់នោះជាទីប្រជុំជនដែលមានខ្នងផ្ទះរស់នៅយ៉ាងណែនណាន់តាន់តាប់។ ទោះបីជាម្ចាស់ទីតាំងចិញ្ចឹមគោមានការលាងសម្អាតយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចកាត់បន្ថយក្លិនស្អុយភាយចេញពីរោងបានឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់ខ្យល់អាកាស និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងខ្លាំង។ ពលរដ្ឋបានបន្តថា រហូតមកដល់ពេលនេះ មិនទាន់មានចំណាត់ការ ឬការឆ្លើយតបណាមួយពីអាជ្ញាធរមូលដ្ឋាននៅឡើយទេ ខណៈអ្នកភូមិបានត្រឹមតែត្អូញត្អែរ និងបារម្ភពីបញ្ហាសុខភាពពីផ្ទះមួយទៅផ្ទះមួយប៉ុណ្ណោះ។

ទាក់ទិននឹងបញ្ហានេះ លោក ហុឹម ធុន ប្រធានភូមិស្ទឹងជ្រៅ បានបញ្ជាក់ថា លោកបានចុះទៅសាកសួរម្ចាស់ទីតាំងរួចហើយ ប៉ុន្តែម្ចាស់ទីតាំងអះអាងថា គោតែ ៤ ទៅ ៥ ក្បាល ប៉ុណ្ណោះ មិនអាចបង្កបញ្ហាធំដុំនោះទេ។ លោកប្រធានភូមិបានបន្ថែមថា លោកផ្ទាល់ក៏ជាកូនកសិករនៅឯជនបទម្នាក់ដែលធ្លាប់ចិញ្ចឹមគោដែរ លោកថាដោយមើលទៅការចិញ្ចឹមគោប៉ុន្មានក្បាលនេះ ទំនងជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកភូមិឡើយ។ ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា ប្រសិនបើពិតជាមានក្លិនស្អុយរំខានខ្លាំងមែននោះ លោកគ្មានសមត្ថភាព ឬដែនសមត្ថកិច្ចក្នុងការដោះស្រាយឡើយ ដោយចាំបាច់ត្រូវតែមានការអន្តរាគមន៍ពីស្ថាប័នជំនាញ ដូចជាមន្ទីរបរិស្ថាន ឬអាជ្ញាធរថ្នាក់លើ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋបានសម្តែងការមិនពេញចិត្តចំពោះចំណាត់ការរបស់លោកប្រធានភូមិ ដោយពួកគាត់យល់ថា លោកហុឹន ធុន ប្រធានភូមិមានការលម្អៀង និងខ្វះការយកចិត្តទុកដាក់លើទុក្ខធុរៈរបស់ប្រជាពលរដ្ឋ ជាមេភូមិមិនសូវមានការយកចិត្តទុកដាក់ជាមួយនឹងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ តែយកចិត្តយកថ្លើមអ្នកមានលុយមាន អំណាច..។

ដោយសារអស់សង្ឃឹមលើការដោះស្រាយថ្នាក់ភូមិ ប្រជាពលរដ្ឋក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន សូមអំពាវនាវ និងទទូចសុំយ៉ាងទទូចដល់អាជ្ញាធររដ្ឋបាលក្រុងតាខ្មៅ ក៏ដូចជាមន្ទីរបរិស្ថានខេត្តកណ្តាល មេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងចិញ្ចឹមគោខាងលើនេះជាប្រញាប់ ដើម្បីជួយដោះស្រាយផលប៉ះពាល់ និងកែលម្អបរិស្ថានរស់នៅជូនប្រជាពលរដ្ឋឲ្យបានសមរម្យឡើងវិញ៕

 

ផ្សាយ​:ថ្ងៃទី​២៨ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង