យក់ ថិតរដ្ឋា ប្រកាសត្រៀមទម្លាយភស្តុតាងទាំងមូល ក្រោយក្រុមហ៊ុនកែសម្ផស្សប្ដឹងទារ២០ ម៉ឺនដុល្លារ ផ្អើលមហាជន

(រាជធានីភ្នំពេញ): រឿងរ៉ាវជម្លោះផ្លូវច្បាប់រវាងតារាចម្រៀងល្បីឈ្មោះ អ្នកនាង យក់ ថិតរដ្ឋា និងក្រុមហ៊ុន កែសម្ផស្សព្រមទាំងគ្រឿងសម្អាងដ៏មានប្រជាប្រិយភាពមួយ កំពុងតែផ្ទុះការចាប់អារម្មណ៍ និងឡើងកម្ដៅយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ក្រោយពេលភាគីក្រុមហ៊ុនបានសម្រេចចិត្តប្តឹងទាមទារសំណងជំងឺចិត្តរហូតដល់ ២០ម៉ឺនដុល្លារ ឯតារាស្រីរូបនេះបានចេញមុខប្រកាសរៀបចំសន្និសីទសារព័ត៌មានបន្ទាន់ ដើម្បីទម្លាយភស្តុតាង និងដើមហេតុពិតប្រាកដនៃការបញ្ចប់កិច្ចសន្យា។
តាមប្រភពដើមរឿងបានឱ្យដឹងថា ដើមចោទនៃរឿងរ៉ាវចម្រូងចម្រាសដែលកំពុងផ្ទុះឡើងនេះ បានចាប់ផ្តើមចេញពីអ្នកនាង យក់ ថិតរដ្ឋា ខ្លួនឯង បានបង្ហោះសារ និងលិខិតផ្លូវការចេញដោយមេធាវីតំណាង ដោយប្រកាសបញ្ចប់ការងារជា BA ឱ្យក្រុមហ៊ុន ឌីអរ អារ៉ូម៉ា (ខេមបូឌា) ឯ.ក (DR AROMA (CAMBODIA) CO., LTD.)។ នៅក្នុងលិខិតផ្លូវការនោះ អ្នកនាងបានគូសបញ្ជាក់យ៉ាងច្បាស់នូវហេតុផលសំខាន់ៗចំនួន ៣ ចំណុច ដែលធ្វើឱ្យរូបអ្នកនាងមិនអាចបន្តការសហការរៀបចំការងារផ្សព្វផ្សាយជាមួយក្រុមហ៊ុនខាងលើបានទៀតឡើយ។
យ៉ាងណាមិញ ត្រឹមតែរយៈពេលប្រមាណ ៤ថ្ងៃ ក្រោយការប្រកាសបញ្ចប់កិច្ចសន្យាជាឯកតោភាគីពីសំណាក់តារាចម្រៀងរូបនេះ ពោលគឺនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២៦ កន្លងទៅ ភាគីក្រុមហ៊ុន ឌីអរ អារ៉ូម៉ា តាមរយៈក្រុមមេធាវីតំណាង ក៏បានចេញសេចក្តីជូនដំណឹងផ្លូវការមួយតបវិញ។ នៅក្នុងសេចក្តីជូនដំណឹងនោះ ក្រុមហ៊ុនបានប្រកាសដាក់ពាក្យបណ្តឹងប្តឹងអ្នកនាង យក់ ថិតរដ្ឋា និងស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ព្រមទាំងទាមទារសំណងជំងឺចិត្តជាទឹកប្រាក់រហូតដល់ ២០ ម៉ឺនដុល្លារអាមេរិក ដែលការទាមទារចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រសម្តែងការភ្ញាក់ផ្អើលជាខ្លាំង។
ភ្លាមៗក្រោយពេលដំណឹងនៃការប្តឹងផ្តល់ និងការទាមទារសំណង ២០ ម៉ឺនដុល្លារត្រូវបានសាយភាយពេញបណ្តាញសង្គម នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៦ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះសារឆ្លើយតបវិញភ្លាមៗនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដើម្បីជម្រះនូវមន្ទិលសង្ស័យទាំងឡាយ និងប្រកាសពីជំហរតតាំងតាមផ្លូវច្បាប់ ដោយអ្នកនាងបានលើកឡើងថា ដោយឈរលើគោលការណ៍សុចរិតភាព និង សច្ចភាព នាងខ្ញុំ យក់ ថិតរដ្ឋា នឹងធ្វើសន្និសីទសារព័ត៌មាន អំពីភស្តុតាង និង ដើមហេតុនៃការបញ្ចប់ការសហការជាមួយក្រុមហ៊ុន ឌីអរ អារ៉ូម៉ា (ខេមបូឌា) ឯ.ក នៅថ្ងៃទី ០៨ ខែតុលា។ សូមអញ្ជើញបងប្អូនសារព័ត៌មាន និង សាធារណជនទាំងអស់ ចូលរួមតាមដានដោយក្តីអនុគ្រោះ។

ការប្រកាសរៀបចំសន្និសីទសារព័ត៌មានភ្លាមៗនេះ បានធ្វើឱ្យមហាជន អ្នកលេងបណ្តាញសង្គម រួមទាំងអ្នកសារព័ត៌មានជាច្រើន កំពុងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីចង់ដឹងថា តើភស្តុតាង និងដើមហេតុជម្រៅស៊ីជម្រៅបែបណា ដែលនាំឱ្យតារាចម្រៀងរូបនេះសម្រេចចិត្តផ្តាច់កិច្ចសន្យា រហូតឈានដល់ការតទល់គ្នាតាមផ្លូវច្បាប់ និងទាមទារសំណងរាប់សិបម៉ឺនដុល្លារបែបនេះ៕
ផ្សាយ:ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)





