លោក អ៊ុំ សុភឿន ច្រានចោលការចោទប្រកាន់រឿងលួចលក់ដី ដោយបញ្ជាក់ថាប្លង់រឹងនៅនឹងដៃភាគីម្ខាងទៀត

​(ខេត្ត​ស្ទឹងត្រែង)៖ បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់ និងមានការចោទប្រកាន់ពីសំណាក់អ្នកស្រី អៀវ វុទ្ធី ពាក់ព័ន្ធនឹងជម្លោះដីធ្លីមួយកន្លែងរួចមក លោក អ៊ុំ សុភឿន មន្ត្រីការិយាល័យធនធានមនុស្សនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានចេញមុខបកស្រាយ និងបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថាជារឿងមិនសមហេតុផល។

​តាមរយៈការបញ្ជាក់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន លោក អ៊ុំ សុភឿន បានលើកឡើងថា លោកពុំមានសិទ្ធិ ឬលទ្ធភាពណាមួយទៅលុប ឬលក់ដីនោះទេ ព្រោះឯកសារប្លង់រឹងដើម គឺនៅជាមួយអ្នកស្រី អៀវ វុទ្ធី នៅឡើយ។

​ដើម្បីផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព អង្គភាពសារព័ត៌មាន អាស៊ានដេលី (ASIAN DAILY) យើងខ្ញុំ សូមដកស្រង់នូវខ្លឹមសារដើមទាំងស្រុងនៃសេចក្តីបំភ្លឺរបស់លោក អ៊ុំ សុភឿន ដែលមានខ្លឹមសារដូចតទៅ៖

​«ខ្ញុំបាទឈ្មោះ អ៊ុំ សុភឿន ជាមន្ត្រីបម្រើការងារនៅការិយាល័យធនធានមនុស្ស នៃរដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺ និងបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ និងការចុះផ្សាយតាមបណ្តាញសង្គម ឬសារព័ត៌មានមួយចំនួន កាលពីពេលថ្មីៗនេះ។

​ជុំវិញការចុះផ្សាយដែលបានចោទប្រកាន់ថា ខ្ញុំបាទបានសមគំនិតលួចលក់ដីធ្លី ដែលប្រភពនៃការចោទប្រកាន់នេះធ្វើឡើងដោយអ្នកស្រី អៀវ វុទ្ធី បច្ចុប្បន្នមានតួនាទីជាអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងព្រះវិហារ។ ខ្ញុំបាទសូមប្រកាសច្រានចោល និងបដិសេធទាំងស្រុងនូវការចោទប្រកាន់នេះ ដោយផ្អែកលើហេតុផលត្រឹមត្រូវ និងច្បាស់លាស់ដូចខាងក្រោម៖

​ចំណុចទី១៖ ភាពមិនសមហេតុផលនៃការចោទប្រកាន់ គឺស្ថិតត្រង់ថា ឯកសារកម្មសិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) នៃដីដែលមានវិវាទនោះ គឺនៅបន្តស្ថិតក្នុងការកាន់កាប់របស់អ្នកស្រី អៀវ វុទ្ធី នៅឡើយ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើឯកសារកម្មសិទ្ធិដើមនៅនឹងដៃម្ចាស់ដី ការលួចលក់ដូរ ឬផ្ទេរសិទ្ធិអចលនទ្រព្យស្របច្បាប់ គឺពុំអាចប្រព្រឹត្តទៅបានជាដាច់ខាត។

​ចំណុចទី២៖ ក្នុងនាមខ្ញុំបាទជាមន្ត្រីរាជការបំពេញការងារផ្នែកធនធានមនុស្ស ខ្ញុំបាទពុំមានតួនាទី គ្មានសិទ្ធិអំណាច ឬលទ្ធភាពណាមួយក្នុងការចុះហត្ថលេខាលុបចោល កែប្រែ ឬធ្វើមោឃភាពប្លង់រឹង ដែលកំពុងស្ថិតនៅនឹងដៃរបស់អ្នកស្រី អៀវ វុទ្ធី នោះឡើយ។

​អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន ស្ថាប័នមានសមត្ថកិច្ច និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមបញ្ឈប់ការចែកចាយព័ត៌មានអកុសល ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំបាទ ជាមន្ត្រីរាជការសាធារណៈ។ ទន្ទឹមនឹងនេះ ខ្ញុំបាទស្វាគមន៍ និងរង់ចាំដោយក្តីសង្ឃឹមចំពោះចំណាត់ការស្រាវជ្រាវរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងរកការពិត និងផ្តល់ភាពស្អាតស្អំជូនខ្ញុំបាទវិញតាមនីតិវិធីច្បាប់។

 

ផ្សាយ​:ថ្ងៃទី​៨ ខែតុលា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង