លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ណែនាំដល់កម្លាំងនគរបាលខេត្តព្រៃវែង ត្រៀមខ្លួន និងរង់ចាំបទបញ្ជា ដើម្បីចូលរួមការពារជាតិមាតុភូមិ

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំលោកស្នងការរង អញ្ជើញត្រួតពិនិត្យកងកម្លាំង និងផ្សព្វផ្សាយព័ត៌មានសន្តិសុខថ្មីៗដែលកើតមាននៅក្នុងខេត្ត ក៏ដូចជានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជូនមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំឱ្យកងកម្លាំងនគរបាលខេត្តព្រៃវែង ត្រូវត្រៀមលក្ខណ:សម្បត្តិ ១០០ ភាគរយ រង់ចាំទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់កងកម្លាំង ត្រូវគ្រប់គ្រង ថែរក្សា សម្ភារៈបរិក្ខាអង្គភាព ពិសេសអាវុធគ្រាប់រំសេវដែលមាន ឱ្យបានល្អប្រសើរ និងធានាបានការប្រើប្រាស់រាល់ពេលមានតម្រូវការចាំបាច់ ។

លើសពីនេះ ត្រូវតាមដានក្តាប់សតិអារម្មណ៍មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងសតិអារម្មណ៍ប្រជាជនជុំវិញព្រឹត្តិការណ៍រសើបនៅតំបន់ព្រំដែនរវាងថៃ-កម្ពុជា ហើយការពារសណ្តាប់ សុវត្ថិភាពជូនជនបរទេសគ្រប់ជាតិសាសន៍ ពិសេសជនជាតិថៃ ដែលមានវត្តមាននៅកម្ពុជា ដែលមកធ្វើការរកស៊ី និងរស់នៅស្របច្បាប់នៅប្រទេសកម្ពុជា ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្ថែមទៀតថា កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពជាប់ជាប្រចាំ អំពីការប្រើប្រាស់អាវុធ ជំនាញស៊ើបការណ៍ និងជំនាញសង្គ្រោះបឋមពីថ្ងៃនេះរហូតមានការណែនាំថ្មី ពីថ្នាក់ដឹកនាំ ។

លោកក៏បាន ណែនាំដល់នគរបាលទាំងអស់ ពិសេសលោកអធិការនគរបាលក្រុង-ស្រុកទាំង ១៣ ត្រូវធ្វើចលនាមហាជន ដោយគៀងគរសប្បុរសជនប្រមូលសម្ភារៈ ឬថវិកា ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងជួរមុខដែលមានវត្តមាននៅចំណុចគោលដៅតាមបន្ទាត់ព្រំដែន និងបានដាក់បញ្ជាដល់កម្លាំងនគរបាលទាំងអស់ ស្ថិតនៅចំណុចខ្ពស់ចាប់ពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥ និងហាមដាក់ច្បាប់ឈប់សម្រាក បើមិនមានការចាំបាច់ណាមួយ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានត្រៀមដឹកនាំលោកស្នងការរង និងមន្ត្រីក្រោមឱវាទមួយចំនួន ទៅចូលរួមសួរសុខទុក្ខលើកទឹកចិត្តដល់កម្លាំងកងទ័ព និងនគរបាលការពារព្រំដែន តាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារផងដែរ ៕

default
default
default
default
default
default
default

ព័ត៌មានដែលជាប់ទាក់ទង