អ្នកនាំពាក្យក្រសួងការពារជាតិបំភ្លឺជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជា ដែលបណ្ដាញសារព័ត៌មានថៃកំពុងផ្សព្វផ្សាយ!

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការបំភ្លឺជុំវិញឧបទ្ទវហេតុការប៉ះទង្គិចសម្តីរវាងទាហានថៃ និងកងកម្លាំងកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ ដែលសារព័ត៌មានថៃកំពុងតែផ្សព្វផ្សាយយ៉ាងផុសផុលនាខណៈនេះ។
កម្ពុជាសង្កត់ធ្ងន់ថា កងទ័ពកម្ពុជាបានអនុវត្តគោលការណ៍យ៉ាងម៉ឺងម៉ាត់ ដោយគ្មានសកម្មភាពខុសប្រក្រតី ឬរំលោភលើកិច្ចព្រមព្រៀងទ្វេភាគីនោះឡើយ។ បើតាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំត្រូវបិទនៅម៉ោង ១៥:០០។ ប៉ុន្តែនៅថ្ងៃកើតហេតុ វេលាម៉ោង ១៥:១៥ ក្រោយពេលបិទប្រាសាទ និងកងកម្លាំងកម្ពុជាបានចុះពីទីតាំងរួចហើយ ភាគីថៃបានអនុញ្ញាតឱ្យអ្នកទេសចរថៃប្រមាណ ១០០ នាក់ ដែលក្នុងនោះមានអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃ ចូលទៅកាន់ប្រាសាទដោយគ្មានការជូនដំណឹងជាមុន ដែលផ្ទុយពីការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ។
កងកម្លាំងកម្ពុជាបានដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ និងវិជ្ជាជីវៈ ដោយជៀសវាងអំពើហិង្សា និងគោរពតាមកិច្ចព្រមព្រៀង។
លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលវីដេអូ និងការលើកឡើងរបស់សារព័ត៌មានថៃមួយចំនួនថាជាព័ត៌មានមិនពិត ដែលបង្កការភាន់ច្រឡំ និងមានចេតនាញុះញង់ បង្កឱ្យមានការស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍។
ជាចុងក្រោយ ក្រសួងការពារជាតិកម្ពុជា បានអំពាវនាវឱ្យសារព័ត៌មានថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភ្លៃ ដែលអាចប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ កម្ពុជាក៏ស្នើឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឱ្យបានពេញលេញ និងប្រកបដោយស្មោះត្រង់ ដើម្បីជៀសវាងសកម្មភាពដែលអាចបំផ្លាញទំនុកចិត្តទៅវិញទៅមក។ការប្តេជ្ញាចិត្តរបស់កម្ពុជា កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានបានជាដាច់ខាត។
ផ្សាយ:ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥
ប្រភព៖ ក្រសួងការពារជាតិកម្ពុជា
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)
