ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធប្រព័ន្ធលូរំដោះទឹកភ្លៀង ក្នុងស្រុកព្រៃនប់.

(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធប្រព័ន្ធលូរំដោះទឹកភ្លៀង ក្រោមគម្រោង៖ ការបន្សំទៅនឹងការប្រែប្រួល អាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម័ន្ធខ្នាតតូចនៅតំបន់លំនៅឋាន តំបន់ឆ្នេរ សមុទ្រនៃប្រទេសកម្ពុជា(CCA4CS) នៅស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះក៏មានវត្តមាន ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Odicea Angelo Barrios តំណាងកម្មវិធីអង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក អភិបាលរងខេត្ត អភិបាលស្រុក មេភូមិ មេឃុំ និងប្រជាពលរដ្ឋសិស្សានុសិស្សយ៉ាងច្រេីនកុះករ។
យោងតាមប្រសាសន៍ លោក អុី ធារិន្ទ អភិបាលស្រុកព្រៃនប់ ការប្រែប្រួលអាកាសធាតុ គឺជាប្រធានបទដ៏សំខាន់មួយ ដែលប្រទេសទូទាំងពិភពលោកបាន និងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអាចជះឥទ្ធិពលអវិជ្ជមាន និងបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើបរិស្ថានភពផែនដី មនុស្ស ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសចំពោះប្រទេសក្រីក្រ និង ប្រទេសកំពុងអភិវឌ្ឍ។ជាក់ស្តែងតំបន់ទីប្រជុំជនផ្សារវាលរេញ ក្នុងស្រុកព្រៃនប់ ក៏រងផលប៉ះពាល់ផងដែរ ដោយ បរិមាណទឹកភ្លៀងដ៏ច្រើន បានហូរពីលើភ្នំ ផ្នែកខាងក្រោយ ហើយបានបណ្តាលឱ្យតំបន់មុខ វិទ្យាល័យវាលរេញ និងសាលាស្រុកព្រៃនប់ មានការជន់លិចមួយរយៈពេលខ្លី ឆ្លើយតបចំពោះបញ្ហា ទឹកជំនន់នេះ អាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក ក្នុងភាពជាដៃគូជាមួយអង្គការ UN-Habitat ក្រសួង បរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលស្រុកព្រៃនប់បានចុះពិនិត្យ និងតាម ដានពីស្ថានភាពជាប់ជាប្រចាំ និងបានរៀបចំនូវប្រព័ន្ធលូរំដោះទឹកភ្លៀង ជាង២គីឡូម៉ែត្រ ប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ និងស្តារនូវប្រព័ន្ធប្រឡាយមួយចំនួនដើម្បីប្រព័ន្ធលូរំដោះទឹកភ្លៀង និងមិនបង្កឱ្យមានការជនលិចនោះទេ ដោយក្រោយភ្លៀងរាំងភ្លាម ប្រព័ន្ធលូ មានសមត្ថភាពរំដោះទឹកភ្លៀងបានភ្លាម ក្នុងនោះរួមមាន៖
គម្រោងទី១ការសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងនៅឃុំវាលពេញ ប្រវែង 2,120 ម៉ែត្រ (បានបញ្ចប់) គម្រោងនេះ បានចែកចេញជា២វគ្គ៖
វគ្គ១៖ ប្រវែងសរុប 1,060 ម៉ែត្រ ខាងលិច (មុខផ្សារវាលរេញ) ប្រវែង-580 ម៉ែត្រ ខាងកើត (ចាប់ពីមុខស្នាក់ការបក្សស្រុក ទិសដៅទៅក្រុងព្រះសីហនុ) ប្រវែង 480 ម៉ែត្រ.
វគ្គ ២៖ សាងសង់បន្ថែមប្រវែង 1,060 ម៉ែត្រ
ខាងលិច (ចាប់ពីមុខស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចរហូតដល់វិទ្យាល័យហ៊ុនសែន វាលរេញ) ប្រវែង-760 ម៉ែត្រ
ខាងកើត (ពីទល់មុខវិទ្យាល័យហ៊ុនសែនវាលរេញ ទិសដៅទៅក្រុងព្រះសីហនុ ប្រវែង 300 ម៉ែត្រ ខ្នាតលូ៖ កម្រាស់ = 0.12 ម៉ែត្រ, កម្ពស់ = 1.2 ម៉ែត្រ, ប្រវែង 1.8 ម៉ែត្រ
បន្ថែមពីនោះ លោកអភិបាលស្រុក ក៏បានធ្វេីការស្នេីសុំលោកស្រី Odicea Angelo Barrios តំណាងកម្មវិធីអង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកនូវគម្រោង សាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងមួយផ្សេងទៀតសំរាប់ឆ្នាំក្រោយផងដែរ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានចូលរួមអបអរសាទរ និងអរគុណជាពន់ពេកដល់អង្គការ UN-Habitat ដែលបានផ្តល់ប្រព័ន្ធលូរំដោះទឹកភ្លៀងនេះដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយ និងបញ្ចៀសការលិចទឹកតាមផ្លូវជាតិ និងទីប្រជុំជន។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថាខេត្តព្រះសីហនុ ជាតំបន់ឆ្នេរសមុទ្រ ហើយក៏ជាខេត្តដែលងាយរងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ដែលជារឿយៗ កើតមាននូវខ្យល់កន្ត្រាក់ ព្យុះ ការជន់លិចបង្កដោយជំនន់ទឹកភ្លៀង និងស្ទះលូ ការជន់ឡើងនីវ៉ូទឹកសមុទ្រក្នុងខែកត្តិក និងបាក់ស្រុតឆ្នេរមកពីការហូរច្រោះ ជាដើម ហេីយគម្រោង CCA4CS ដែលបានអនុវត្តក្នុងខេត្តព្រះសីហនុ គឺ ផ្តោតសំខាន់លើតំបន់លំនៅឋាន ដែលងាយរងគ្រោះខ្លាំងដោយការប្រែ ប្រួលអាកាសធាតុ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធលូរំដោះទឹកភ្លៀង ទ្វារ ទំនប់ទឹក ប្រព័ន្ធព្យាករណ៍ទុកជាមុន ការអភិរក្សព្រៃកោងកាង និងការអប់រំ ផ្សព្វផ្សាយពង្រឹងសមត្ថភាពដល់សហគមន៍អំពីការបន្សំខ្លួន ឬបង្កើនភាព ធន់ពីកត្តានៃការប្រែប្រួលអាកាសធាតុ ជាដើម។ គម្រោងនេះ បានអនុវត្ត ក្នុងឃុំចំនួន០៧ ក្នុងស្រុកព្រៃនប់ រួមមាន៖ ឃុំវាលរេញ ព្រៃនប់ ទួលទឹង សំរុង ទឹកល្អក់ ទឹកថ្លា សាមគ្គី និងសង្កាត់អូរឧកញ៉ាហេង ក្នុងក្រុងកំពង់សោម ដែលមានអ្នកទទួលផលប្រមាណ ៣៤ ៥០០ នាក់ ។
សកម្មភាពគម្រោងធំៗ រួមមាន៖
ទី១ គឺការសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងប្រវែងជាង ២ គីឡូម៉ែត្រ នៅឃុំវាលរេញ ដែលជួយសម្រួលដល់ការបង្ហូរទឹកភ្លៀង បានប្រសើរឡើង និងកាត់បន្ថយហានិភ័យពីទឹកជំនន់ក្នុងតំបន់។
ទី២ ការសាងសង់ផ្ទះគំរូ ធន់នឹងការប្រែប្រួលធាតុអាកាស ចំនួន ១១ខ្នង សម្រាប់គ្រួសារក្រីក្រដែលងាយរងគ្រោះ ព្រមទាំងបណ្តុះ បណ្តាលជាងក្នុងសហគមន៍អំពីបច្ចេកទេសសង់ផ្ទះរឹងមាំ។
ទី៣ ការជួសជុលទ្វារទឹកព្រែកខ្មែរ និងដំឡើងឧបករណ៍វាស់ កម្ពស់ទឹករលក ដើម្បីតាមដានកម្ពស់ទឹកសមុទ្រ សីតុណ្ហភាព និងផ្សព្វផ្សាយដល់សហគមន៍ អំពីគ្រោះហានិភ័យកើតឡើងពី ធម្មជាតិ។
ទី៤ តំឡើងឧបករណ៍ព្យាករណ៍អាកាសធាតុ នៅមុខសាលាឃុំ ទឹកល្អក់ ដើម្បីផ្តល់ទិន្នន័យអាកាសធាតុជាក់ស្តែង និងភាព សុក្រឹត្យនូវព័ត៌មានធាតុអាកាសប្រចាំថ្ងៃ។
ទី៥ ការអភិរក្ស និងស្តារព្រៃកោងកាងឡើងវិញក្នុងតំបន់គ្រប់គ្រង ជលផលសមុទ្រ (MFMA) ព្រែកកំពង់ស្មាច់ ដោយដាំស្តារកូន កោងកាងលើផ្ទៃជាង ៦០ហិកតា បោះបង្គោលព្រំចំនួន ១០០ បង្គោល រៀបចំថ្នាលបណ្តុះកូនកោងកាង និងធ្វើការល្បាត SMART (ការល្បាតដោយប្រើប្រព័ន្ធ Smart Phone) ជាប្រចាំ។
លទ្ធផលនៃគម្រោងទាំងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ សហគមន៍តំបន់ឆ្នេរ បានជួយស្តារប្រព័ន្ធអេកូឡូស៊ីឆ្នេរឡើងវិញ បង្កើន សមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបង្កើតកិច្ច សហការរវាងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងសហគមន៍ក្នុងការគ្រប់គ្រង ការពារតំបន់សមុទ្រ។ ក្រៅពីនេះ គម្រោងបានផ្តោតសំខាន់លើ ការអប់រំ សហគមន៍ និងសិស្សានុសិស្ស ដើម្បីបង្កើតស្មារតីអភិរក្ស និងស្រឡាញ់ ធម្មជាតិ។
តាមរយៈសកម្មភាពដាំព្រៃកោងកាង សិក្ខាសាលាស្តីពីបរិស្ថាន ការផ្សព្វ សមុទ្រ បានជួយបង្កើតស្មារតីយុវជនបៃតងជំនាន់ថ្មីដែលមានចំណេះដឹង ការផ្សព្វផ្សាយចំណេះដឹងពីការប្រែប្រួលអាកាសធាតុ និងការថែរក្សា និងស្រឡាញ់ចំពោះការអភិរក្សធនធានធម្មជាតិ។
ជាមួយគ្នានេះ គម្រោងនេះ គឺជាការឆ្លើយតបជាវិជ្ជមានទៅនឹង ការបន្សំនៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងស្របតាមគោល នយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបញ្ចកោណទី៤ ផ្តោតទៅលើ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន តាមរយៈមុំទាំង៥គឺ៖
1. ការធ្វើបរមភាវូបនីយកម្ម ផលលាភប្រជាសាស្ត្រ, ការពង្រឹង ភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ
2.ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និង ទេសចរណ៍ប្រកបដោយចីរភាព
3.ការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ
4. ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម
5.ធានាចីរភាពបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។
ជារួម គម្រោង CCA4CS អនុវត្តនៅស្រុកព្រៃនប់ មិនត្រឹមតែជួយ ស្តារបរិស្ថានឡើងវិញប៉ុណ្ណោះទេ ព្រមទាំងបានចូលរួមលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យកាន់តែល្អប្រសើរ ឡើងថែមមួយកម្រិតទៀត ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋា ភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយភាពងាយរងគ្រោះ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងត្រូវបានធានាថាការ គ្រប់គ្រងតំបន់សមុទ្រមានប្រសិទ្ធភាព និងចីរភាព។
លោកស្រី Odicea Angelo Barrios តំណាងកម្មវិធីអង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានចូលរួមអបអរសាទរដល់ស្រុកព្រៃនប់ដែលបានទទួល ប្រព័ន្ធរំដោះទឹកភ្លៀងដែលបានកែលម្អរួច ។លោកស្រី ជា បន្តទៀតថាUN-Habitat នៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រប្រទេសកម្ពុជាឱ្យមានបរិយាកាសអំណោយផល សម្រាប់ការ អភិវឌ្ឍទីក្រុងប្រកប ដោយចីរភាព។ តាមរយៈកិច្ចសន្ទនាគោលនយោបាយ និងទំនាក់ទំនងជាមួយភាគីពាក់ ព័ន្ធទាំងអស់ UN-Habitat មានគោលបំណងក្នុងការដោះស្រាយបញ្ហាសំខាន់ៗផ្សេងដូចជា ការប្រែប្រួល អាកាសធាតុ តំបន់សំណង់បណ្តោះអាសន្ន និងការអភិវឌ្ឍលំនៅឋានដែលមានតម្លៃសមរម្យ។
លោកស្រី Odicea Angelo Barrios តំណាងកម្មវិធីអង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកក៏បានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព សម្រាប់ភាពជាអ្នកដឹកនាំ និងរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលស្រុកព្រៃនប់ និងអាជ្ញាធរមូលដ្ឋាន សម្រាប់ការគាំទ្រចាប់តាំងពីចាប់ផ្តើមរហូតដល់ការបញ្ចប់ប្រកបដោយជោគជ័យ។
ផ្សាយ:ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)














