បែកធ្លាយល្បិចដឹកទំនិញស្ករសរបស់ថៃ យកទៅស្តុកទុកពេលថ្ងៃ លុះយប់ជ្រៅទើបសម្រុកប្តូរការុងផ្ទេរដាក់រថយន្តវៀតណាម នៅច្រកព្រំដែនគោកសំរោង ស្រុកចន្ទ្រា ខណៈផ្លូវរងការខូចខាតយ៉ាងដំណំ! តាមប្រភពច្បាស់ការណ៍ទម្លាយថា មានអ្នកធំនៅពីក្រោយចាំជួយកាងរថយន្តដឹកទំនិញស្ករសរបស់ថៃ ចូលតាមច្រកសំរោង រួចផ្ទេរប្តូរការុងដឹកបន្តទៅប្រទេសវៀតណាម បង្កឱ្យប្រជាពលរដ្ឋរអ៊ូរទាំយ៉ាងខ្លាំង និងទទូចស្នើសុំ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត មេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យជាបន្ទាន់!


​អង្គភាពសារព័ត៌មាន ASEAN DAILY ទទួលបានសេចក្តីរាយការណ៍៖ បែកធ្លាយល្បិចដឹកទំនិញស្ករសរបស់ថៃ យកទៅស្តុកទុកពេលថ្ងៃ លុះដល់យប់ជ្រៅទើបសម្រុកប្តូរការុង និងផ្ទេរដាក់រថយន្តវៀតណាម នៅចំណុចច្រកព្រំដែនគោកសំរោង ស្រុកចន្ទ្រា ខណៈផ្លូវរងការខូចខាតយ៉ាងដំណំ
​(រាជធានីភ្នំពេញ)៖ ផ្សាយចេញពីទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ — ប្រជាពលរដ្ឋរស់នៅក្នុងឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានរាយការណ៍មកកាន់អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ ដោយសម្តែងការព្រួយបារម្ភ និងរអ៊ូរទាំយ៉ាងខ្លាំង ចំពោះសកម្មភាពរថយន្តធុនធំ រួមមានរថយន្តយីឌុប និងរថយន្តកុងតឺន័រជាច្រើនគ្រឿង ដែលធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញចូលទៅកាន់តំបន់ច្រកព្រំដែនគោកសំរោង។
​យោងតាមប្រភពច្បាស់ការណ៍ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ផ្ទាល់ ដែលបានផ្តល់ជូនអង្គភាពសារព័ត៌មាន ASEAN DAILY បានទម្លាយឱ្យដឹងពីល្បិចកលនៃការធ្វើសកម្មភាពនេះថា ទំនិញដែលកំពុងដឹកជញ្ជូនចូលមកនោះ គឺជាទំនិញស្ករសរបស់ប្រទេសថៃពិតប្រាកដមែន។ នៅពេលថ្ងៃ រថយន្តដឹកទំនិញគ្រាន់តែដឹកជញ្ជូនទំនិញស្ករសរបស់ថៃទាំងនោះ យកទៅចតស្តុកទុកនៅក្នុងឃ្លាំង និងរោងផ្ទេរផ្ទុកទំនិញមួយកន្លែងនៅក្បែរច្រកសំរោងប៉ុណ្ណោះ ដោយពុំទាន់មានការធ្វើសកម្មភាពអ្វីឡើយ។ លុះឈានចូលដល់ពេលយប់ ចាប់ពីវេលាម៉ោង ៩:០០ យប់តទៅ ទើបពួកគេចាប់ផ្តើមធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង និងសន្ធឹកសន្ធាប់តែម្តង ដោយធ្វើការច្រកផ្លាស់ប្តូរការុងស្ករស ពីការុងស្ករសរបស់ប្រទេសថៃ ប្តូរទៅច្រកដាក់ការុងរបស់ប្រទេសវៀតណាមវិញ។
​ប្រភពដដែលបានបញ្ជាក់បន្ថែមមកកាន់អង្គភាពយើងខ្ញុំថា បន្ទាប់ពីច្រកប្តូរការុងរួចរាល់ ពួកគេក៏បានធ្វើការផ្ទេរប្តូរទំនិញពីរថយន្តរបស់កម្ពុជា យកទៅផ្ទេរផ្ទុកលើករថយន្តរបស់ប្រទេសវៀតណាមវិញភ្លាមៗ ដើម្បីត្រៀមដឹកជញ្ជូនបន្តឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម។ សកម្មភាពបែបនេះ ត្រូវបានប្រភពបញ្ជាក់យ៉ាងច្បាស់ថា នៅពីក្រោយគឺមានអ្នកធំមានអំណាចមួយរូបនៅចាំជួយកាងរថយន្តដឹកទំនិញស្ករសរបស់ថៃ ចូលតាមច្រកសំរោង ដើម្បីសម្រួលការផ្ទេរការុង និងដឹកជញ្ជូនបន្តទៅប្រទេសវៀតណាមយ៉ាងរលូន (តែសុំមិនបញ្ចេញឈ្មោះ) ខណៈនៅលើកំណាត់ផ្លូវស្រុកចន្ទ្រាឆ្ពោះទៅកាន់ច្រកព្រំដែនគោកសំរោង គេតែងឃើញមានជនស៊ីវិលឈរចាំឃាត់រថយន្តដឹកទំនិញដើម្បីកត់លេខក្បាលឡានយ៉ាងអាថ៌កំបាំង ដោយមិនដឹងថាជាសមត្ថកិច្ចអង្គភាពណា ឬជាបក្ខពួករបស់ក្រុមណានោះឡើយ។
​ផលប៉ះពាល់ជាក់ស្តែងនាពេលនេះ គឺកំណាត់ផ្លូវធ្វើដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែននោះ បានរងការខូចខាតស្ទើរតែទាំងស្រុង ក្លាយជាផ្លូវរដិបរដុប ដក់ទឹក បែកភក់ និងបន្សល់ទុកក្រឡុកជ្រៅៗ ដោយសារតែការទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់រាប់សិបតោនមិនរួច។ ស្ថានភាពបែបនេះបានបង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាយានយន្តតូចៗក្នុងមូលដ្ឋាន។
​អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈអង្គភាពសារព័ត៌មាន ASEAN DAILY សូមទទូចស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាពិសេស លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ជុំវិញករណី៖
១. ការធ្វើចរាចរណ៍របស់រថយន្តធុនធំដែលបំផ្លាញផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋ
២. សកម្មភាពលួចលាក់ស្តុកទុកពេលថ្ងៃ និងសម្រុកច្រកប្តូរការុងទំនិញស្ករសរបស់ថៃ ដាក់ការុងវៀតណាម រួចផ្ទេរដាក់រថយន្តវៀតណាមនៅពេលយប់ជ្រៅ ដើម្បីដឹកជញ្ជូនបន្តឆ្លងដែន
៣. ភាពមិនប្រក្រតីនៃវត្តមានក្រុមជនស៊ីវិលដែលឈរចាំកត់ក្បាលរថយន្តនៅលើដងផ្លូវ ព្រមទាំងការសង្ស័យលើបុគ្គលមានអំណាចកាងនៅពីក្រោយ
​ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ឱ្យមានតម្លាភាព ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន និងជួយសម្រួលដល់ការរស់នៅ ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើងវិញ៕
មហាជន និងសាធារណជនទូទៅកំពុងដាក់សំណួរ និងរង់ចាំមើលចំណាត់ការជាក់ស្តែងពីថ្នាក់ដឹកនាំទាំងពីររូបនេះ តើនឹងមានវិធានការយ៉ាងណាចំពោះករណីខាងលើនេះ?
អង្គភាពសារព័ត៌មាន អាស៊ាន ដេលី (ASEAN DAILY) យើងខ្ញុំ បានត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំង គ្មានចេតនាញុះញង់ បំផុសបំផុល ឬប៉ះពាល់ដល់បុគ្គលណាមួយឡើយ ពោលគឺគ្រាន់តែបំពេញតួនាទីជារបៀបស្ពានចម្លង ក្នុងការនាំសារពីបងប្អូនប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងនាំសារពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមកកាន់បងប្អូនប្រជាពលរដ្ឋវិញប៉ុណ្ណោះ។ អង្គភាពព័ត៌មានយើងខ្ញុំ
រង់ចាំជានិច្ចនូវការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធតាមផ្លូវស្ថាប័នសារព័ត៌មាន។ សូមអរគុណ!
ប្រភព៖ បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន

ព័ត៌មានដែលជាប់ទាក់ទង