សាលាបឋមសិក្សា​ ហ៊ុន សែន​ ក្រុងព្រះសីហនុ​ ​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​បេីក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៥​-២០​២៦


(ខេត្តព្រះសីហនុ)​៖នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមតាក វណ្ណថាតំណាងរាស្ត្រខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រីឆឹង សុខាស្នងការរងនគរបាលខេត្តព្រះសីហនុ​ ព្រមទាំង​លោកជំទាវ ឆេង ផាតអនុប្រធាន សាខាសមាគមនារី ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តព្រះសីហនុ​ បានជាអធិបតីភាព ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាលាបឋមសិក្សាហ៊ុន សែនក្រុងព្រះសីហនុស្ថិតក្នុងសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

ក្រោយពីស្ដាប់របាយការណ៍របស់លោកនាយកសាលា​ និងអានសារលិខិតរបស់សម្តេចបវរធិបតី​ ហ៑ុ​ន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​រួចមក​ ឯកឧត្តម​ តាក វណ្ណថា​ តំណាងរាស្ត្រខេត្តព្រះសីហនុ​ បានមានប្រសាសន៍​សំណេះសំណាល​ជាមួយក្មួយៗចៅៗ និងលោកគ្រូ-អ្នកគ្រដោយ​ឯកឧត្តម​បានលេីកឡេីងថាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥​ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ចៅៗដែលទើបនឹងដល់អាយុត្រូវចូលសាលារៀននៅកម្រិតបឋមសិក្សា និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីរបស់ចៅៗជាសិស្សានុសិស្ស បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយៈពេល០១ឆ្នាំកន្លងទៅ។

ក្នុងឱកាសនោះឯកឧត្តម តំណាងរាស្រ្តបានថ្លែងអំណរគុណដ៏ស្មោះ ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ ដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្តល់នូវការរៀនសូត្រ ដល់សិស្សានុសិស្សគ្រប់រូបភាព នាឆ្នាំសិក្សាចាស់កន្លងមកនេះ។នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥កន្លងទៅបានសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំ និងបរិស្ថានសិក្សានៅតាមសាលារៀនក្នុងខេត្តព្រះសីហនុ ដល់សិស្សក្នុងការសិក្សារៀនសូត្រឱ្យសម្រេចគោលបំណងនៃការសិក្សា ក្លាយជាមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ ដើម្បីចូលរួមអភិវឌ្ឍប្រទេសលើគ្រប់វិស័យឱ្យមានការរីកចម្រើនឆាប់រហ័ស ទាន់បណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក ជាពិសេស ប្រែក្លាយខេត្តព្រះសីហនុ ឱ្យសក្តិសមជាខេត្តដែលត្រូវបានចាត់ទុកថាជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង របស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យខាងលើ និងដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៥-២០២៦ ទទួលបានលទ្ធផលល្អប្រសើរថែមទៀតឯកឧត្តម តាក់​ វណ្ណា​ បានធ្វេីការផ្តាំផ្ញេីដូចខាងក្រោម:

ទី១.គណៈគ្រប់គ្រងសាលារៀនត្រូវបន្តលើកកម្ពស់សុខភាពសិក្សារបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស តាមរយៈការផ្សព្វផ្សាយនិងអប់រំអំពីសុខភាពសិក្សា និងសុវត្ថិភាពចំណីអាហារនៅតាមសាលារៀនបន្ត ពង្រឹង និងពង្រីកកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន មាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្នុងការលើកម្ពស់គុណភាពអប់រំ និងរក្សាសុវត្ថិភាពក្នុងសាលារៀនបន្ត ពង្រឹង និងពង្រីកកិច្ចសហការ កៀរគរមូលនិធិ ពីសហគមន៍ ដៃគូពាក់ព័ន្ធ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍ និងកែលម្អបរិស្ថានសាលារៀនបន្តយកចិត្តទុកដាក់គ្រប់គ្រង និងថែទាំសម្ភារៈក្នុងសាលារៀនពង្រឹងវិន័យ និងអប់រំសិស្សឱ្យស្រលាញ់សាលារៀន

ទី២.លោកគ្រូ អ្នកគ្រូបន្ត និងពង្រឹងបន្ថែមលើការគោរពវិន័យ និងត្រូវមានសីលធម៌រស់នៅល្អ ថ្លៃថ្នូរខិតខំបង្រៀនសិស្សស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំកម្មវិធីអប់រំចរិយាធម៌ និងអំពើល្អជាសាកលពង្រឹងការថែទាំសម្ភារៈ និងបរិស្ថានសាលារៀនដឹកនាំការធ្វើអនាម័យសាលា និងថ្នាក់រៀនស្វ័យសិក្សា និងបណ្តុះបណ្តាលបន្ថែមដើម្បីអភិវឌ្ឍសមត្ថភាពឱ្យទាន់បដិវត្តន៍ឧស្សាហកម្មជាពិសេស ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។

ទី៣.មាតាបិតា និងអាណាព្យាបាល ត្រូវចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងនាំកូនដល់អាយុមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នាគ្រប់គ្រងបុត្រាបុត្រីរបស់ខ្លួនឱ្យបានហ្មត់ចត់ (ដាស់តឿនឱ្យខិតខំរៀនសូត្រ និងថែទាំ
សុខភាព)ចូលរួមសហការជាមួយសាលារៀនក្នុងការតាមដានលទ្ធផលសិក្សារបស់កូនជាប់ជាប្រចាំចូលរួមគ្រប់កម្មវិធីដែលរៀបចំដោយសាលារៀន និងចូលរួមអភិវឌ្ឍន៍សាលារៀនតាមគ្រប់លទ្ធភាព

ទី៤.ក្មួយៗសិស្សានុសិស្ស ត្រូវគោរពវិន័យសាលា សីលធម៌រស់នៅល្អ សាមគ្គីភាព និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រ
មានអនាម័យ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗត្រូវចូលរួមគ្រប់ពេលក្នុងការងារថែរក្សាទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសាលារៀននិងបរិស្ថានសាលារៀន

ទី៥.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជន ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាបន្ថែម ទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការគាំទ្រផ្សេងៗទៀតតាមគ្រប់លទ្ធភាពព្រមទាំងជំរុញ និងបង្កលក្ខណៈដល់សិស្ស និងយុវជនដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឱ្យមានឱកាស បានការរៀនសូត្រជាថ្មី ជាពិសេស ត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់សិស្ស និងយុវជន ដែលមានពិការភាពឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រយ៉ាងតិច៩ឆ្នាំ និងជំរុញគាំទ្រឱ្យពួកគេបានបន្តរៀនសូត្រចប់ភូមិសិក្សា និងរហូតដល់ចប់កម្រិតឧត្តមសិក្សា ប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់

ទី៦.ដៃគូអភិវឌ្ឍនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការនិងពង្រឹងភាពជាដៃគូកាន់តែ​តខ្លាំងថែមទៀត ក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំនានា ជាពិសេស នៅកន្លែងដែលសេវាអប់រំពិបាកទៅដល់ ឬក្រុមសិស្សជួបការលំបាក។សូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកអប់រំលោកគ្រូ អ្នកគ្រូ ដៃគូអភិវឌ្ឍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក និងសូមបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជំរុញដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព៕

 

ផ្សាយ​:ថ្ងៃទី​១ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ​: សៅ​ ​វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង