ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​: អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាតុលាការ និងមិនមែនជាអ្នកមានអំណាចបញ្ជាឡើយ អ្នកសារព័ត៌មានជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់។ 

(ភ្នំពេញ)​: យោងតាម​គេហទំព័រទំនាក់ទំនងសង្គម​ផ្លូវការរបស់ឯកឧត្តម នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ នៅ​រសៀលថ្ងៃ​ទី៧ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ឯកឧត្តម​ បានធ្វេីការបង្ហោះសារអមដោយសំណេរដូចខាងក្រោម:

នៅរសៀលនេះ ខ្ញុំបានជួបជាមួយបងប្អូនអ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានាដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈដោយអនុវត្តឱ្យខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។ ខ្ញុំបានគូសបញ្ជាក់សាជាថ្មី មិនត្រូវធ្វើបទសម្ភាសយកមកផ្សព្វផ្សាយសាធារណៈចំពោះជនណាដែលមានវិល្លាសស្មារតី ស្រវឹងស្រាបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន និងជនណាដែលសង្ស័យលើប្រើប្រាស់គ្រឿង​ញៀន និងបានបញ្ជាក់ពីផលវិបាកមួយយចំនួនដែលចេញពីការផ្សព្វផ្សាយមិនបានផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាតុលាការ និងមិនមែនជាអ្នកមានអំណាចបញ្ជាឡើយ អ្នកសារព័ត៌មានជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់។

ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះបងប្អូនមួយចំនួនដែលបានខិតខំបំពេញការងារដោយវិជ្ជាជីវៈ និងចូលរួមជួយសង្គម។ ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផលិតផលដែលផ្សព្វផ្សាយពាណិជ្ជកម្ម សូមលើកទឹកចិត្តចំពោះអ្នកដែលផលិតខ្លឹមសារល្អ ជួយសង្គម រិះគន់ដើម្បីស្ថាបនា និងទប់ស្កាត់ការផលិតខ្លឹមសារដែលមិនមានន័យ និងខ្វះក្រមសីលធម៌ ខ្វះការពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ យើងទាំងអស់គ្នារួមគ្នាដើម្បីបង្កើនជំនឿទុកចិត្តលើអាជីពសារព័ត៌មាន។

 

ផ្សាយ​:ថ្ងៃទី​៧ ខែវិច្ឆិកា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា​(Harry​VS)​

រូបថត​ដោយ: ខឹម សុវណ្ណារ៉ា

 

ព័ត៌មានដែលជាប់ទាក់ទង