ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាសហអធិបតីជាមួយឯកឧត្តម សន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារាជរដ្ឋាភិបាលកម្ពុជាលេខ ០២ បប.

(រាជធានីភ្នំពេញ): នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមជាសហអធិបតីជាមួយឯកឧត្តម សន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា រាជរដ្ឋាភិបាលកម្ពុជា លេខ ០២ បប ស្តីពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការ ស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចុះកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រោយសង្កេតឃើញពីការរីករាលដាលការប្រើ ប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ី ស្សា ក្នុងចំណោមកុមារ និងយុវជន ដែលផ្តល់ផលប៉ះពាល់យ៉ាង ខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេស សុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។
ទន្ទឹមនេះ ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទ ឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេ ចណ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំងជាច្រកផ្លូវដែលនាំឲ្យកុមារ និងយុវជនឈានទៅជក់បារី ធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀននឹងសារធាតុ នីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម។
ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបាន ទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារ សុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និង បុគ្គលិកអប់រំ រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ដូចខាងក្រោម៖
*១៖ ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយ ពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ
*២៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា
*៣៖ ក្រសួងសុខាភិបាល ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពនិង គ្រោះថ្នាក់នៃការប្រើ ប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា
*៤៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញសេចក្តីណែនាំ ដើម្បី អប់រំ បង្ការ ទប់ស្កាត់ និងហាមឃាត់ ដាច់ខាតការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅក្នុង និងជុំវិញបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្ត វាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងហ្វឹកហាត់កីឡា និងកន្លែងប្រកួតកីឡា
*៥៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវ ចាត់វិធានការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការ កាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និង សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាមមូលដ្ឋានស្ថិតក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន
*៦៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើន ការត្រួតពិនិត្យជាប្រចាំ ហាមឃាត់ចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រី នគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែល ស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នេះ
*៧៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវ ចាត់វិធានការចំពោះបុគ្គលណាដែលប្រើប្រាស់ និង/ឬកាន់កាប់ ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យា គ្រប់ប្រភេទ និងត្រូវព្រមាន ដោយផ្ទាល់មាត់ ព្រមទាំងដកហូត ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ករណីមិន រាងចាល ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើ កិច្ចសន្យាឈប់ប្រើប្រាស់។
*៨៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវ ចាត់វិធានការស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ចំពោះបុគ្គលណាដែលបានចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយ ពាណិជ្ជកម្ម ឬផ្សព្វផ្សាយ លក់ផលិត និង/ឬនាំចូលឧបករណ៍ អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យា តាមមធ្យោបាយណាក៏ដោយ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដកហូត និងព្យួរវិញ្ញាបនបត្រ បញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មដែលចេញ ដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ទោះជាប្រភេទ អាជីវកម្ម សេវាកម្មអ្វីក៏ដោយ។
*៩៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវ ចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រី នគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែល ស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា៕
ផ្សាយ:ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)








