កម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ឃាត់ខ្លួនមនុស្ស១៤៣នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនជិត២គីឡូក្រាម.

(ខេត្ត​ព្រះសីហនុ)​: អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ ទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំង ជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាង

សំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី សរុបចំនួន ១៤៣នាក់ រួម នឹងវត្ថុតាងគ្រឿងញៀនជិត២គីឡូក្រាម ដើម្បីចាត់ការតាមនីតិវិធី។

ក្នុងនោះជនសង្ស័យចំនួន១៣នាក់ជនជាតិខ្មែរដែល ជាប់ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចំពោះជនសង្ស័យ ចំនួន១២៩នាក់ ជនជាតិខ្មែរ ជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបញ្ជូនទៅអប់រំកែប្រែនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឡែកចំពោះជនសង្ស័យ ចំនួន០១នាក់ ជនជាតិបារាំង ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន រៀបចំនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា។

សូមជម្រាបជូនថា ប្រតិបត្តិការបង្ក្រាបមុខសញ្ញាខាងលើនេះធ្វើឡើងក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ តាមរយៈកម្មវិធី NoDrug អ.ជ.ប.គ.ញ លេខរាយការណ៍៖ ២៧៦៥ នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ ទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងមន្ទីរជំនាញកងរាជអាវុធហត្ថ បើកប្រតិបត្តិការចូលឆ្មក់បង្ក្រាបទីតាំងលក់ដូរនិងចែកចាយគ្រឿងញៀនខុសច្បាប់ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ស្ថិតនៅចំណុចភូមិថ្មី ភូមិ៣ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ និងតាមសង្កាត់មួយចំនួន នៅក្នុងក្រុងព្រះសីហនុ៕

 

ផ្សាយ​:ថ្ងៃទី​២៩ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)​

ប្រភព​:បញ្ជាការ​ដ្ឋាន​កងរាជអាវុធខេត្តព្រះសីហនុផេក

 

 

 

ព័ត៌មានដែលជាប់ទាក់ទង