សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា: ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន។

(ភ្នំពេញ): នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ
និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់
សាលារៀន វត្តអារាមក៏ពួកគេប្រើ
កាំភ្លើងធំនិងយន្តហោះវាយបំផ្លាញ
ចោល។ផ្សែងពុលគ្រាប់បែកចង្កោម
ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់
ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ
និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។
ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាក
រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។
ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃនិងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។
វិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។
សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅ
ប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់។
សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារ
សុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬ
ផ្សែងពុលរបស់ថៃ៕
ផ្សាយ:ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)

