ខឹងគេផឹកកៀកករប្រពន្ធតាមកាប់ដល់រោងការ កណ្តាល៖ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបាននគរបាលស្រុកស្អាងតាមចាប់ខ្លួនបាន

នៅឯស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោយកាប់យុវជនម្នាក់ឱ្យរងរបួសធ្ងន់កណ្តាលរោងការដោយសារក្តីប្រចណ្ឌ័ ហើយរត់គេចខ្លួនអស់រយៈពេល៣ថ្ងៃ៖
លោករវៈសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា តាមពិតរឿងហេតុនេះ បានកើតឡើងតាំងពីវេលាម៉ោង១០យប់ថ្ងៃទី០៩ មេសា ២០២៦មកម្លេះ នៅក្នុងភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង បណ្តាលឱ្យជនរងគ្រោះម្នាក់ឈ្មោះ ឃឿន សុខឃីង ភេទប្រុស អាយុ២២ឆ្នាំ ជាជាងផ្សារដែក រស់នៅក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល រងរបួសរយះក្បាលនិងកែងដៃខាងឆ្វេង ហើយកម្លាំងយើងស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ នៅក្នុងភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីវេលាម៉ោង១៣និង១០នាទីរសៀល ថ្ងៃទី១២ មេសា ២០២៦។
លោកអធិការបានបញ្ជាក់ថា កាលពីយប់ថ្ងៃកើតហេតុ ប្រពន្ធរបស់ជនដៃដល់ ផេង គីមចេង បានទៅចូលរួមពិធីមង្គលការកូនអ្នកភូមិ ដោយមានទាំងវត្តមាន ជនសង្ស័យឈ្មោះ ម៉ោង សៀកឡុង និងជនរងគ្រោះ ឃឿន សុខឃីង ក៏បានទៅចូលរួមដែរ ពេលកំពុងផឹកស៊ីប្រពន្ធរបស់ ផេង គីមចេង ក៏បានដើរទៅជល់កែវនៅតុរបស់ជនរងគ្រោះ ហើយទំនងជាធ្លាប់ស្គាល់គ្នា ជនរងគ្រោះក៏បានចាប់កៀកករប្រពន្ធរបស់ ផេង គីមចេង ផឹកស្រាបៀរ។ នៅពេលឃើញប្រុសផ្សេងកៀកករប្រពន្ធពួកម៉ាក ឈ្មោះ ម៉ោង សៀកឡុង ក៏បានចេញពីរោងការទៅប្រាប់ឈ្មោះ ផេង គីមចេង ជាមិត្តភក្ត្រ័ ដែលកំពុងអង្គុយផឹកស្រាបៀរក្នុងតារាងបាល់ជិតរោងការដែរនោះថា ជនរងគ្រោះកៀកករនិងលូកលាន់ប្រពន្ជឯង។ គ្រាន់តែលឺដូច្នោះ ផេង គីមចេង ជាប្តីផ្ទុះកំហឹង បបួលពួកម៉ាកម្នាក់ទៀតឈ្មោះ ឌឿង រដ្ឋា ហៅហ៊ង កាន់កាំបិតតាំងតោនិងកូនពូថៅ ម្នាក់មួយជិះម៉ូតូសំដៅចូលរោងការ ហើយបានចូលទៅកាប់ជនរងគ្រោះ ឈ្មោះ ឃឿន សុខឃីង ចំថ្ងាស១កាំបិត និងកែងដៃខាងឆ្វេង១កាំបិតរបួសធ្ងន់ រួចក៏បានរត់គេចឡើងជិះម៉ូតូគេចខ្លួន ចំណែកឯជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោក រស់ ចាន់ថា បានបន្ថែមថា ក្រោយកើតហេតុកម្លាំងជំនាញនិងប៉ុស្តិចុះទៅដល់កន្លែងកើតហេតុ និងបានបើកការស្រាវជ្រាវរយៈពេល៣ថ្ងៃ ទើបបានតម្រុយ ហើយក៏សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់បានពួកគេចំនួន២នាក់ រូមមាន ផេង គីមចេង (ជនដៃដល់) និងឈ្មោះ ម៉ោង សៀកឡុង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ហើយបច្ចុប្បន្នពួកគេទាំង២នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងស្រាវជ្រាវតាមប្រម៉ាញ់គ្នីក្នារបស់ពួកគេម្នាក់ទៀត ដែលកំពុងរត់គេច យកមកផ្តន្ទាទោសតាមច្បាប់ ៕
