អភិបាល​ខេត្តព្រះសីហនុ​ បានអញ្ជើញ​ជួបសំណេះសំណាលជាមួយក្រុមបុគ្គលិកអនាម័យតាមឆ្នេរ​ និងអ្នកថែទាំសួន​ ចំនួន១៤៩នាក់ ក្នុងក្រុងព្រះសីហនុ​

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តម​ ម៉ាង​ ​ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាលជាមួយ​បងប្អូនបុគ្គលិកថែទាំងសួន និងអ្នក​អនាម័យ​តាមមាត់ឆ្នេរសរុប១៤៩នាក់ នាព្រឹកថ្ងៃទី​១៥ ខែតុលា​ ឆ្នាំ២០២៦​ នៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ​/ខេត្ត​ព្រះសីហនុ​ ដោយមានការអញ្ជេីញពីសំណាក់លោក-លោកស្រី​ប្រធានមន្ទីរ​ លោក-លោកស្រីអភិបាលរង​ខេត្ត​ លោកអភិបាលក្រុង​ និងមន្ត្រី​ពាក់ព័ន្ធ​ជាច្រេីនរូបទៀត។

នៅក្នុងពិធីនោះឯកឧត្តម ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានធ្វេីការ​កោតសរសើរ​ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនដែលបានលះបង់កំលាំងកាយចិត្តក្នុងការថែរក្សា​អនាម័យ​ បរិស្ថាន​ អោយមាន​សណ្តាប់​ល្អ​ និងជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាតថ្នាក់ជាតិប្រចាំឆ្នាំ មិនថាតាមតំបន់ឆ្នេរឫក៏នៅតាមទីប្រជុំជន។

បន្ថែមពីនេះ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏បានអំពាវនាវដល់បងប្អូនអ្នកសម្អាត និងថែទាំសួនទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាអនាម័យធ្វេីយ៉ាងណាក្នុងការជម្រុញអោយទីក្រុង​ ក៏ដូចជាបរិស្ថានតាមឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុ​ អោយកាន់តែស្អាតជារៀងរាល់ថ្ងៃ​ ដេីម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ​មកទស្សនា​កម្សាន្ត​ និងបន្តជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាត ឆ្នេរស្អាត ប្រចាំឆ្នាំបន្តទៀតផងដែរ។

លេីសពីនេះ​ឯកឧត្តម​ ក៏បានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេច​ ធិបតី​ ហ៊ុន​ ​ម៉ាណែត​ និងលោកជំទាវ ចំពោះបងប្អូន កម្មករ-បុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំង កាយចិត្តយ៉ាងសកម្មក្នុងការបំពេញការងារ កន្លងមក​ រួមទាំងបាននាំយក​គ្រឿង​ឧបភោគ​បរិភោគ​និងថវិកាមួយចំនួនមកចែកជូនដល់ប្អូននាឨកាសនោះផងដែរ។

អំណោយដែលបានផ្តល់ជូនសម្រាប់បងប្អូននាពេលនោះរួមមាន:

-អង្ករចំនួន ១បាវ (២៥ គីឡូក្រាម)

-ទឹកសុទ្ធ ១កេស

-ទឹកក្រូច​ ១កេស

-ទឹកត្រី ១យូរ

-ទឹកស៊ីអ៊ីវ​ ១យូរ និង ថវិកាម្នាក់ៗ ចំនួន ២០០,០០០ រៀល៕

 

ផ្សាយ​:ថ្ងៃទី​១៥ ខែតុលា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

 

 

ព័ត៌មានដែលជាប់ទាក់ទង