រដ្ឋបាលស្រុក ព្រៃនប់ បានរៀបចំពិធីបើកសំណើដេញថ្លៃ ជាសាធារណៈនូវគម្រោងមូលនិធិឃុំ ប្រចាំឆ្នាំ២០២៦ សម្រាប់ឃុំចំនួន៣​ នៃ​ខេត្ត​ព្រះសីហនុ.

(ខេត្តព្រះសីហនុ)​៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលស្រុក ព្រៃនប់ បានរៀបចំពិធីបើកសំណើដេញថ្លៃ ជាសាធារណៈនូវគម្រោងមូលនិធិឃុំ ប្រចាំឆ្នាំ២០២៦ សម្រាប់ឃុំចំនួន៣ រួមមាន ឃុំតានៃ ឃុំទឹកថ្លា និងឃុំជើងគោក។ ពិធី នេះត្រូវបានប្រារព្ធឡើងនៅសាលាស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឃាង ភារម្យ នាយកទីចាត់ការ ផែនការ និងវិនិយោគសាលាខេត្ត ព្រះសីហនុ លោក នាង ណេង សមាជិក ក្រុមប្រឹក្សាស្រុកព្រៃនប់ និងលោក ស៊ុន សុភាព អភិបាលរងនៃគណៈអភិបាលស្រុក ព្រៃនប់ ព្រមទាំងមានការចូលរួមពីតំណាង ក្រុមហ៊ុនដេញថ្លៃ អាជ្ញាធរឃុំពាក់ព័ន្ធ និង មន្ត្រីជំនាញ ព្រមទាំងបងប្អូនអ្នកសារព័ត៌ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឃាង ភារម្យ បាន មានប្រសាសន៍ថា ក្នុងដំណើរការដេញថ្លៃ នេះត្រូវបានធ្វើឡើងដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវតាមនីតិវិធីច្បាប់ ដើម្បី ស្វែងរកក្រុមហ៊ុនដែលមានសមត្ថភាព ពិតប្រាកដ ហើយក៏ណែនាំដល់ក្រុមហ៊ុន ដែលឈ្នះការដេញថ្លៃ ត្រូវយកចិត្តទុកដាក់ ខ្ពស់លើបទដ្ឋានបច្ចេកទេស និងគុណភាព សំណង់ ដើម្បីឱ្យសមិទ្ធផលទាំងនេះអាច ប្រើប្រាស់បានយូរអង្វែង បម្រើជាប្រយោជន៍ ដល់សាធារណជន។

ការដេញថ្លៃ​ផ្តោតសំខាន់ លើការស្ថាបនាផ្លូវបេតុងអារមេ ដែលជា តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុង គោលបំណងលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើរ រួមមាន ឃុំតានៃ​ មាន២គម្រោង គម្រោងទី១ សាងសង់ ផ្លូវបេតុងអារមេ​ ប្រវែង ១៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ គម្រោង ទី២ សាងសង់ផ្លូវបេតុងអារមេ ប្រវែង ២៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ព្រមទាំងមានការដាក់លូមូល ភ្លោះ អង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ៨ម៉ែត្រ ដើម្បីធានាប្រព័ន្ធរំដោះទឹក ឃុំទឹកថ្លា គម្រោងសាងសង់ផ្លូវបេតុងអារម៉េ ប្រវែង ៤៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលតភ្ជាប់ការ ធ្វើដំណើររវាងភូមិព្រែកទាល់ និងភូមិកំពង់ ចិន និងឃុំជើងគោ គម្រោងសាងសង់ ផ្លូវបេតុងអារមេ ប្រវែង ៤៨០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ។

តាមរយៈគម្រោងមូលនិធិឃុំឆ្នាំ២០២៦នេះ គេរំពឹងថា វានឹងជួយផ្លាស់ប្តូរមុខមាត់ថ្មីនៃ តំបន់ជនបទក្នុងស្រុកព្រៃនប់ កាត់បន្ថយ ការលំបាកក្នុងការដឹកជញ្ជូនកសិផល និង បង្កើនភាពងាយស្រួលដល់សិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀនផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ ​វាសនា(Harry​VS)​

ប្រភព​:មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​

 

ព័ត៌មានដែលជាប់ទាក់ទង