សាខាកាកបាទ​ក្រហម​កម្ពុជា​ បើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម ជូនអ្នកស្ម័គ្រចិត្ត កក្រក តាមសហគមន៍សម្រាប់អនុសាខាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ​ ក្រោមអធិបតីភាព​ លោកស្រី​ យឹម ថាវី អនុប្រធានគណ:កម្មាធិកាអនុសាខាកាកបាទ​ក្រហមខណ្ឌ៧មករា​​

(រាជធានី​ភ្នំពេញ)​: កម្មវិធីបើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម ជូនអ្នកស្ម័គ្រចិត្ត កក្រក តាមសហគមន៍សម្រាប់អនុសាខាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ​ របស់កាកបាទក្រហមកម្ពុជា​​ដែលមានរយះពេល១ថ្ងៃ ត្រូវបានរៀបចំឡេីងកាលពីថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ នៅសាខា​កាកបាទ​ក្រហមខណ្ឌ ៧មករា​ រាជធានី​ភ្នំពេញ​ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ​ និងជាអភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បានប្រព្រឹត្តទៅយ៉ាងរលូន និងបិទបញ្ចប់​ដោយជោគជ័យ​ ​ក្រោមអធិបតីភាព​ លោកស្រី​ យឹម​ ថាវី អនុប្រធានគណ:កម្មាធិកាអនុសាខាកាកបាទ​ក្រហមខណ្ឌ៧មករា​ ដោយមានការចូលពីសិក្ខាកាមស្ម័គ្រចិត្តក្នុងភូមិ​/សង្កាត់ សរុបប្រមាណជាង​ ៣០នាក់​ ក្នុងនោះសិក្ខាកាម១២ នាក់ត្រូវបានអនុគណ:កម្មាធិការ​សាខាជ្រេីសរេីសតាមទីផ្សារក្នុងមូលដ្ឋាន រួមបញ្ជូលទាំងគ្រូបង្គោលផ្សេងទៀតរបស់កាកបាទក្រហមកម្ពុជា​ ក្នុងនោះមាន លោក ប៉ា ប៊ុនផា ជាប្រធានការិយាល័យធនធានមនុស្សកាកបាទក្រហម រាជធានីភ្នំពេញ លោក​ វ៉ែន​ ខ្នុយ​ គ្រូអង្កការខេមសេហ្វកម្ពុជា និងជាសមាជិកគ្រូបង្គោលជំនាញសង្គ្រោះបឋម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ ព្រមទាំង​ លោក អ៊ុំ រ៉ាវ៉ាន់ គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម អង្គការខែមសែហ្វ។​

ឆ្លៀត​ក្នុងឱកាស​ដ៏​មានតម្លៃ​នោះ​ លោកស្រី​ យឹម ថាវី អនុប្រធានគណ:កម្មាធិកាអនុសាខាកាកបាទ​ក្រហមខណ្ឌ៧មករា រាជធានីភ្នំពេញ​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសុខទុក្ខ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខបងប្អូនទាំងអស់គ្នា​ និងបានធ្វេីការវាយតំលៃ​ ព្រមទាំងកោតសរសើរយ៉ាងខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក លោកស្រី ដែលជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និងសកម្មភាពសង្គមជាច្រើនទៀត។

លោកស្រីបានបន្ថែមទៀតថា អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា ពិតជាមានតួនា​ទីសំខាន់ មានការរែកពុនធ្ងន់ជាងគេ ព្រោះយើងគឺជាថ្នាក់ដឹកនាំមូលដ្ឋាន មានមេភូមិ អនុភូមិ ជំនួយការភូមិ សមាជិក សមាជិកាភូមិជាដើម។ លើសពីនេះការងារ ស្នូលរបស់ខ្លួន លោក លោកស្រីបានចូលរួមស្ម័គ្រចិត្តការងារកាកបាទក្រហមកម្ពុជា ដែលមានតួនាទី​ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅតាមមូលដ្ឋាន ហើយនិងជាកម្លាំងស្នូលដ៏រឹងមាំរបស់កាកបាទក្រហម កម្ពុជា ជាភ្នាក់ងារនៃការអប់រំផ្សព្វផ្សាយ និងជួយសង្គ្រោះបានទាន់ពេលវេលានៅសាលារៀន និងសហគមន៍ របស់ខ្លួន។

លោក​ស្រី​បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាឱកាសនេះ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យខ្លាំងណាស់ ព្រោះវា ផ្តោតលើវិជ្ជាសង្គ្រោះបឋម វីធីសាស្ត្រធ្វើបទបង្ហាញនិងអប់រំផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋតាមភូមិរបស់ ខ្លួន។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវការខ្លាំងណាស់នូវចំណេះដឹងទាំងអស់នេះ ដើម្បីអាចបណ្តុះ បណ្តាល អប់រំផ្សព្វផ្សាយ និងជួយសង្គ្រោះបន្តទៅដល់ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ នៅតាម សាលារៀន និងសហគមន៍។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ដែលជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ដែលមានវត្តមានក្នុងឱកាសនេះ នឹងទទួលបានចំណេះដឹងបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុង ការអនុវត្តការងារមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអនុវត្តយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០៣០ ប្រជាពលរដ្ឋ១នាក់ ក្នុង១គ្រួសារយ៉ាងតិច ត្រូវចេះវិជ្ជាសង្គ្រោះបឋម និងសូម​អោយសិក្ខាកាមទាំងអស់ មេត្តាជួយយកចិត្តទុកដាក់លើកការងារនេះជាសំខាន់ ព្រោះវាជាការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំកំពូល ហើយពិសេសយើងទាំងអស់ត្រូវចូលរួមថែមរក្សាសុខភាពផងដែរ ព្រោះសុខភាពវាគឺជាកត្តាសំខាន់អទិភាព ទី១នៃការអនុវត្តការងារបានល្អ។

លោកស្រី​ យឹម ថាវី​ អនុប្រធានគណ:កម្មាធិកាអនុសាខាកាកបាទ​ក្រហមខណ្ឌ៧មករា រាជធានីភ្នំពេញ​ ក៏បាន​ផ្តល់អនុសាសន៍ដឹកនាំមួយចំនួនជូនចំពោះលោក លោកស្រី​ ដែលជាសិក្ខាកាមរួមមាន:

– អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទទួលបានវគ្គបណ្តុះបណ្តាល នេះហើយសូមពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីចូលរួមផ្សព្វផ្សាយមានប្រសិទ្ធភាពខ្ពស់។

– សូមមេត្តាជួយគិត និងរៀបចំផែនការផ្សព្វផ្សាយឱ្យបានអស់ពីសមត្ថភាព និងលទ្ធភាពដោយ ការទទួលខុសត្រូវផ្សព្វផ្សាយបញ្ហាតាមរយៈកិច្ចប្រជុំក្តី ចែកអំណោយក្ដី ចុះសួរសុខទុក្ខក្តី ចុះតាមខ្នងផ្ទះក្តី ដល់ប្រជាពលរដ្ឋយើង១គ្រួសារត្រូវដឹង និងចេះវិជ្ជាសង្គ្រោះបឋមនេះ។

– ការងារនេះគ្មានថវិកាឧបត្ថម្ភទេ តែវាជាការងារមានតម្លៃ ជួយមនុស្សបាន ជាការធ្វើអំពើល្អ ដើម្បីជួយសង្គមយើង ពិសេសប្រជាពលរដ្ឋមានភាពធន់សហគមន៍។

 

ផ្សាយ​:ថ្ងៃទី​៧ ខែវិច្ឆិកា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង