សម្តេច​ធិបតី​ បានអញ្ជើញជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ពិធីបើកកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ៖ “កីឡាដើម្បីឯកភាពជាតិ” ។

(រាជធានី​ភ្នំពេញ)​:សម្តេច​ធិបតី​ អញ្ជើញជា​អធិបតីភាព​ចូលរួមបើកកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ៖ “កីឡាដើម្បីឯកភាពជាតិ” នាល្ងាចថ្ងៃសៅរ៍ ទី​៧ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក រាជធានី​ភ្នំពេញ​។

ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណផលកីឡាជាតិ បង្កើនសមត្ថភាព និងបទពិសោធដល់កីឡាករ កីឡាការិនី និងមន្ត្រីជំនាញកីឡា ព្រមទាំងត្រៀមធនធានមនុស្ស និងសមត្ថភាពរៀបចំការប្រកួតតាមស្តង់ដាអន្តរជាតិ។ ព្រឹត្តិការណ៍នេះមាន ៤២ ប្រភេទកីឡា ស្មើនឹង ៣០៤ វិញ្ញាសា ក្នុងនោះ កីឡាជាតិមាន ៣២ ប្រភេទ ស្មើនឹង ២៥៨ វិញ្ញាសា និងកីឡាជាតិជនពិការមាន ១០ ប្រភេទ ស្មើនឹង ៤៦ វិញ្ញាសា ដោយមានប្រតិភូកីឡាសរុប ៤.៦៨០ នាក់ មកពីរាជធានី-ខេត្តទាំង ២៥ និងក្រសួង ចំនួន៣ បានចូលរួមផងដែរ។

រាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកថវិកា ហេដ្ឋារចនាសម្ព័ន្ធ និងស្មារតី ស្របតាមទិសស្លោក “កីឡារស់ក្នុងសន្តិភាព”។ ជាពិសេស ការផ្តល់ឱកាសស្មើភាពគ្នាដល់អត្តពលិកទាំងអស់ រួមទាំងជនមានពិការភាព ក្នុងការបង្ហាញសមត្ថភាព និងលើកតម្កើងមោទនភាពជាតិ។

ជាមួយគ្នានេះ សម្តេច​ធិបតី​ ក៏បានថ្លែងអំណរគុណចំពោះ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្ត និងដៃគូឧបត្ថម្ភទាំងអស់ ដែលបានសហការ និងចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ។ នេះជានិមិត្តរូបនៃសាមគ្គីភាព សមធម៌ និងការរួបរួមជាតិ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងជាមូលដ្ឋានសំខាន់សម្រាប់ជំរុញវិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើនលើឆាកអន្តរជាតិ។

 

ផ្សាយ​:ថ្ងៃទី​៨ ខែវិច្ឆិកា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​STPM​

 

ព័ត៌មានដែលជាប់ទាក់ទង