អបអរសាទរ! កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ ក្រោមអធិបតីភាពលោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិក.​

(ម៉ាឡេស៊ី)៖ យុទ្ធសាស្រ្តស្ងាត់តែមិនស្ងៀមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលមាន​សម្តេចតេជោ​ ​ហ៊ុន​ សែន ជា ប្រមុខរដ្ឋស្តីទី និងសម្តេច​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នាពេលកន្លងមក​ ទីបំផុត​ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខាដោយជោគជ័យហើយ នាព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្ត្រីថៃ ក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិក ហើយដោយមានការចូលរួមពី នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន នៅអំឡុងកិច្ចប្រជុំ កំពូលអាស៊ាន ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនេះ ដែលជាគំនិត ផ្តួចផ្តើមរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បានអញ្ជើញ មកដល់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូល រួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានរំពឹងថា នឹង ធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ វិលទៅរកប្រក្រតីភាព ឡើងវិញ បន្ទាប់ពីបានបើកការប្រយុទ្ធគ្នា រយៈ ពេល៥ថ្ងៃជាប់គ្នា កាលពីខែកក្កដា ឆ្នាំ២០២៥ នៅ បណ្តោយព្រំដែន។

ការកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនេះ បានក្លាយជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ពាក់ព័ន្ធទៅដល់សន្តិភាព វិបុលភាព ប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ហើយជាឯកសារគោល ដើម្បីបញ្ចប់នូវជម្លោះព្រំដែន ដែលជាក្ដីកង្វល់របស់ប្រជាជនកម្ពុជា និងថៃ ក៏ដូចជា បណ្តាប្រទេសអាស៊ាន និងពិភពលោក៕

 

ផ្សាយ​:ថ្ងៃទី​២៦ ខែតុលា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង