ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព។

(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ គាង នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ ក៏នោះមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រធានមន្ទីរ ចៅសង្កាត់លោកគ្រូ-អ្នកគ្រ អាណាព្យាបាលសិស្សានុសិស្ស និងប្អូនសិស្សសាលាយ៉ាងច្រេីនកុះករ.
បន្ទាប់ពីអានសារលិខិត របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ថ្មី២០២៥-២០២៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែល ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងគ្រប់កម្រិត របស់ ក្មួយៗ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ក៏បានលើកឡើងថា៖ ក្នុងវិស័យអប់រំជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទាំងផ្នែកបរិមាណ និង គុណភាព ដែលបានផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
ឯកឧត្តមបន្តទៀតថា៖ ពិធីនេះប្រារព្ធឡើងក្នុង គោលបំណងប្រមែប្រមូលកុមារទាំងអស់ដែលគ្រប់អាយុចូលរៀន នៅទូទាំងប្រទេសដើម្បីទទួលបាននូវការសិក្សានាដើមឆ្នាំសិក្សាថ្មី និងដើម្បីជាការរំលឹកដល់ទិវាគ្រូបង្រៀន ០៥ តុលា ចំពោះ គុណូបការៈរបស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានបូជា កម្លាំងកាយចិត្តបង្ហាត់ បង្រៀនដល់កុមារ និងយុវជនជំនាន់ ក្រោយ ដែលជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍប្រទេសឱ្យ រីកចម្រើនស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ សូមយកចិត្ត ទុកដាក់ក្នុងការបំពេញការងារនឹងមានឆន្ទះ មានសាមគ្គីភាព ផ្ទៃក្នុងធ្វើយ៉ាងណាកុំឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន មានការខកចិត្តមកលើយើង។
ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើឱ្យបាត់បង់ ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ៕
ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង ស្រុកទាំង៦ និងរដ្ឋបាល ឃុំ សង្កាត់ទាំង២៩ អធិការដ្ឋាន នគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖
១.ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុស ច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ ចរាចរណ៍
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិង កុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយ គុណភាពនិងប្រសិទ្ធភាព
៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថា
ល្អ
៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា: សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៥ ខេត្តព្រះសីហនុនេះមានបេក្ខជនមកប្រឡងសរុបចំនួន ២ ២១១នាក់ ស្រី ១ ១៤៦នាក់ បានប្រឡងជាប់ជាស្ថាពរចំនួន ២ ០០៤នាក់ ស្មើនឹង ៩០,៦៤% ស្រី ១ ០៧៥នាក់ ស្មើនឹង៩៣,៨% ក្នុងនោះ៖
បេក្ខជនជាប់និទ្ទេសA៖ ៥៦នាក់ ស្រី ២៦នាក់
បេក្ខជនជាប់និទ្ទេសB ៖ ១៦៩នាក់ ស្រី ៩០នាក់
បេក្ខជនជាប់និទ្ទេសC៖ ៥៣៩នាក់ ស្រី៣២៣នាក់
បេក្ខជនជាប់និទ្ទេសD ៖ ៧៦៨នាក់ ស្រី៤១២នាក់
បេក្ខជនជាប់និទ្ទេស ៖ ៤៧២នាក់ ស្រី២២៤នាក់
ផ្សាយ:ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
















