សាខាកាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម ជូនអ្នកស្ម័គ្រចិត្ត កក្រក តាមសហគមន៍សម្រាប់អនុសាខាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រី យឹម ថាវី អនុប្រធានគណ:កម្មាធិកាអនុសាខាកាកបាទក្រហមខណ្ឌ៧មករា

(រាជធានីភ្នំពេញ): កម្មវិធីបើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម ជូនអ្នកស្ម័គ្រចិត្ត កក្រក តាមសហគមន៍សម្រាប់អនុសាខាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ របស់កាកបាទក្រហមកម្ពុជាដែលមានរយះពេល១ថ្ងៃ ត្រូវបានរៀបចំឡេីងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាខាកាកបាទក្រហមខណ្ឌ ៧មករា រាជធានីភ្នំពេញ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រព្រឹត្តទៅយ៉ាងរលូន និងបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព លោកស្រី យឹម ថាវី អនុប្រធានគណ:កម្មាធិកាអនុសាខាកាកបាទក្រហមខណ្ឌ៧មករា ដោយមានការចូលពីសិក្ខាកាមស្ម័គ្រចិត្តក្នុងភូមិ/សង្កាត់ សរុបប្រមាណជាង ៣០នាក់ ក្នុងនោះសិក្ខាកាម១២ នាក់ត្រូវបានអនុគណ:កម្មាធិការសាខាជ្រេីសរេីសតាមទីផ្សារក្នុងមូលដ្ឋាន រួមបញ្ជូលទាំងគ្រូបង្គោលផ្សេងទៀតរបស់កាកបាទក្រហមកម្ពុជា ក្នុងនោះមាន លោក ប៉ា ប៊ុនផា ជាប្រធានការិយាល័យធនធានមនុស្សកាកបាទក្រហម រាជធានីភ្នំពេញ លោក វ៉ែន ខ្នុយ គ្រូអង្កការខេមសេហ្វកម្ពុជា និងជាសមាជិកគ្រូបង្គោលជំនាញសង្គ្រោះបឋម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំង លោក អ៊ុំ រ៉ាវ៉ាន់ គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម អង្គការខែមសែហ្វ។
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះ លោកស្រី យឹម ថាវី អនុប្រធានគណ:កម្មាធិកាអនុសាខាកាកបាទក្រហមខណ្ឌ៧មករា រាជធានីភ្នំពេញ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសុខទុក្ខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខបងប្អូនទាំងអស់គ្នា និងបានធ្វេីការវាយតំលៃ ព្រមទាំងកោតសរសើរយ៉ាងខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក លោកស្រី ដែលជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និងសកម្មភាពសង្គមជាច្រើនទៀត។
លោកស្រីបានបន្ថែមទៀតថា អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា ពិតជាមានតួនាទីសំខាន់ មានការរែកពុនធ្ងន់ជាងគេ ព្រោះយើងគឺជាថ្នាក់ដឹកនាំមូលដ្ឋាន មានមេភូមិ អនុភូមិ ជំនួយការភូមិ សមាជិក សមាជិកាភូមិជាដើម។ លើសពីនេះការងារ ស្នូលរបស់ខ្លួន លោក លោកស្រីបានចូលរួមស្ម័គ្រចិត្តការងារកាកបាទក្រហមកម្ពុជា ដែលមានតួនាទី ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅតាមមូលដ្ឋាន ហើយនិងជាកម្លាំងស្នូលដ៏រឹងមាំរបស់កាកបាទក្រហម កម្ពុជា ជាភ្នាក់ងារនៃការអប់រំផ្សព្វផ្សាយ និងជួយសង្គ្រោះបានទាន់ពេលវេលានៅសាលារៀន និងសហគមន៍ របស់ខ្លួន។
លោកស្រីបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាឱកាសនេះ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យខ្លាំងណាស់ ព្រោះវា ផ្តោតលើវិជ្ជាសង្គ្រោះបឋម វីធីសាស្ត្រធ្វើបទបង្ហាញនិងអប់រំផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋតាមភូមិរបស់ ខ្លួន។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវការខ្លាំងណាស់នូវចំណេះដឹងទាំងអស់នេះ ដើម្បីអាចបណ្តុះ បណ្តាល អប់រំផ្សព្វផ្សាយ និងជួយសង្គ្រោះបន្តទៅដល់ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ នៅតាម សាលារៀន និងសហគមន៍។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ដែលជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ដែលមានវត្តមានក្នុងឱកាសនេះ នឹងទទួលបានចំណេះដឹងបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុង ការអនុវត្តការងារមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអនុវត្តយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០៣០ ប្រជាពលរដ្ឋ១នាក់ ក្នុង១គ្រួសារយ៉ាងតិច ត្រូវចេះវិជ្ជាសង្គ្រោះបឋម និងសូមអោយសិក្ខាកាមទាំងអស់ មេត្តាជួយយកចិត្តទុកដាក់លើកការងារនេះជាសំខាន់ ព្រោះវាជាការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំកំពូល ហើយពិសេសយើងទាំងអស់ត្រូវចូលរួមថែមរក្សាសុខភាពផងដែរ ព្រោះសុខភាពវាគឺជាកត្តាសំខាន់អទិភាព ទី១នៃការអនុវត្តការងារបានល្អ។
លោកស្រី យឹម ថាវី អនុប្រធានគណ:កម្មាធិកាអនុសាខាកាកបាទក្រហមខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏បានផ្តល់អនុសាសន៍ដឹកនាំមួយចំនួនជូនចំពោះលោក លោកស្រី ដែលជាសិក្ខាកាមរួមមាន:
– អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទទួលបានវគ្គបណ្តុះបណ្តាល នេះហើយសូមពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីចូលរួមផ្សព្វផ្សាយមានប្រសិទ្ធភាពខ្ពស់។
– សូមមេត្តាជួយគិត និងរៀបចំផែនការផ្សព្វផ្សាយឱ្យបានអស់ពីសមត្ថភាព និងលទ្ធភាពដោយ ការទទួលខុសត្រូវផ្សព្វផ្សាយបញ្ហាតាមរយៈកិច្ចប្រជុំក្តី ចែកអំណោយក្ដី ចុះសួរសុខទុក្ខក្តី ចុះតាមខ្នងផ្ទះក្តី ដល់ប្រជាពលរដ្ឋយើង១គ្រួសារត្រូវដឹង និងចេះវិជ្ជាសង្គ្រោះបឋមនេះ។
– ការងារនេះគ្មានថវិកាឧបត្ថម្ភទេ តែវាជាការងារមានតម្លៃ ជួយមនុស្សបាន ជាការធ្វើអំពើល្អ ដើម្បីជួយសង្គមយើង ពិសេសប្រជាពលរដ្ឋមានភាពធន់សហគមន៍។
ផ្សាយ:ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
























