ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងវិធានការ បង្ក្រាបក្មេងទំនើង និងទប់ស្កាត់ Scam Online កុំឱ្យកើតមាន នៅលើទឹកដីខេត្តកំពង់ចាម

(ខេត្ត​កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការបន្តចាត់វិធានការ បង្ក្រាបក្មេងទំនើង, ការទប់ស្កាត់ Scam Online កុំឱ្យ មាននៅលើទឹកដីខេត្តកំពង់ចាម រួមនឹងការដាក់ចេញនូវ ផែនការសកម្មភាពពង្រឹងសន្តិសុសណ្តាប់ធ្នាប់សាធារណៈ ឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ក្នុងមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត ថ្លែងថា ដើម្បីពង្រឹង គោល នយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឯកឧត្តម សូម ដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចជំនាញ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការ អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ និងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បន្ថែមលើបញ្ហា ប្រឈមចំនួន ២ ធំៗ ដែលកំពុងប៉ះពាល់ដល់សណ្តាប់ធ្នាប់ សង្គមរួមមាន៖

ទី១. ការបង្ក្រាបក្មេងទំនើង ៖ ឯកឧត្តមអភិបាលខេត្ត បាន បញ្ជាឱ្យកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ត្រូវអនុវត្ត វិធានការជំនាញ បង្ក្រាបរាល់សកម្មភាពក្មេងទំនើងដែលបង្ក ការអុកឡុក បង្កជម្លោះ ឬជិះម៉ូតូបង្ហោះបង្កគ្រោះថ្នាក់ តាមដងផ្លូវសាធារណៈ ដោយមិនត្រូវមានការយោគយល់ ឡើយ។ ណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក សហការជាមួយ សាលារៀន និងអាណាព្យាបាល ដើម្បីតាមដានសកម្មភាព សិស្សានុសិស្ស និងយុវជនដែលបោះបង់ការសិក្សា ជៀសវាងការចាញ់បោកការអូសទាញចូលក្នុងបក្ខពួកក្មេង ទំនើង។

ទី២. ការតាមដាន និងបង្ក្រាបបទល្មើស Scam Online កុំឱ្យកើតមាននៅលើទឹកដីខេត្តកំពង់ចាម ឯកឧត្តម សូម បញ្ជាឱ្យកងកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវ តាមដានឱ្យបានដិតដល់នូវរាល់សកម្មភាពជនបរទេស ឬ ក្រុមជនសង្ស័យដែលជួលទីតាំងក្នុងខេត្ត ដើម្បីរៀបចំ បណ្តាញបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទ ឬអ៊ីនធឺណិត។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម ដើម្បីការពារទ្រព្យសម្បត្តិ និង សុវត្ថិភាពផ្ទាល់ខ្លួនផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​៧ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ ​វាសនា​(Harry​VS)​

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

 

 

ព័ត៌មានដែលជាប់ទាក់ទង