ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចែក អំណោយជូនពលរដ្ឋដែលមានជីវភាពខ្វះខាតជាង ១ពាន់ គ្រួសារ នៅស្រុកបាទី ខេត្តតាកែវ

(ខេត្តតាកែវ)​៖ ដោយមើលឃើញពីការលំបាក និងខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១,៤៤៥នាក់ មកពី១៥ឃុំ ក្នុងស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានអញ្ជើញមានប្រសាសន៍សំណេះសំណាល ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល សម្តេចប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវ តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ ជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់អំពីការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងស្រុកបាទីផ្ទាល់។ ការផ្តល់ជូននូវអំណោយនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងក្តីអាណិតស្រឡាញ់ ដើម្បីចូលរួមចំណែកជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត។

ដើម្បីជាការចែករំលែកក្តីស្រឡាញ់ ឯកឧត្តមបានសន្យាថានឹងបន្តរៀបចំកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋនៅឆ្នាំក្រោយៗទៀត។ ពិសេសជាងនេះទៅទៀត ឯកឧត្តមបានប្រកាសជួយឧបត្ថម្ភការសាងសង់ផ្ទះ (ទំហំ ៤x៦ ម៉ែត្រ) ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលទីទ័លក្រ និងមិនទាន់មានលំនៅឋានពិតប្រាកដ។

ក្នុងឱកាសនោះឯកឧត្តម និងលោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លា និងថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនដល់រដ្ឋបាលមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ដែលរួមមាន ឧបត្តម្ភជូន ប្រជាពលរដ្ឋចំនួន ១,៤៤៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ១កេស និងថវិកា ២០,០០០រៀល។

រដ្ឋបាលស្រុកបាទីឧបត្ថម្ភថវិកា ៣,០០០,០០០រៀល ក្រុមគ្រូពេទ្យឧបត្ថម្ភថវិកា ២,០០០,០០០រៀល អធិការដ្ឋាននគរបាលស្រុកឧបត្ថម្ភថវិកា ១,០០០,០០០រៀល កងរាជអាវុធហត្ថស្រុកឧបត្ថម្ភថវិកា ១,០០០,០០០រៀល រដ្ឋបាលឃុំទាំង១៥ ក្នុងស្រុកបាទីក្នុងមួយឃុំ ទទួលបានថវិកា ១,០០០,០០០រៀល កម្លាំងនគរបាលការពារពិធី (១៥០នាក់)ម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល កម្លាំងប្រជាការពារពី២ឃុំ (១០០នាក់) (ឃុំដូង ៦០នាក់ និង ឃុំចំប៉ី ៤០នាក់)ម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល។

ពិធីសំណេះសំណាល និងចែកអំណោយនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងពោរពេញដោយក្តីសង្ឃឹម ព្រមទាំងទទួលបានការត្រេកអរយ៉ាងក្រៃលែងពីសំណាក់ប្រជាពលរដ្ឋដែលបានចូលរួម៕

 

ផ្សាយ​:ថ្ងៃទី​១១ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷​ANTI-DRUG DEPARTMENT

 

ព័ត៌មានដែលជាប់ទាក់ទង