ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់ករណី ៖ ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

សេចក្តីប្រកាសព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់ករណី ៖ ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណី៖ ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់)
-កើតហេតុ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទី
-នៅចំណុច៖ ផ្ទះរបស់ឈ្មោះ គីម វណ្ណា ស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
**ជនរងគ្រោះ ០១នាក់ (ស្លាប់)
-ឈ្មោះ រតនា ម៉េងស៊ីម ភេទស្រី អាយុ០៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុក មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
-ឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។
-ម្ដាយឈ្មោះ ជឿន សុីនួន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ ។
-អ្នកទាំងពីរ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (គ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍ អាទិត្យ តែងតែនាំគ្នាទៅលេស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល) ។
**ជនសង្ស័យ ០១នាក់ (ឃាត់ខ្លួន)
-ឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាពូសាច់ថ្លៃ)
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
**វត្ថុតាងចាប់យក៖
១.ទូរសព្ទដៃ ០១គ្រឿងម៉ាក Nokia (អិនចុចពិល) ពណ៌ខៀវ។
២.ទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។
នៅចំពោះមុខសមត្ថកិច្ចជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន។
មូលហេតុ : ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន។
បញ្ជាក់ ៖ ឳពុក ម្តាយជនរងគ្រោះ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរាងរាល់ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ តែងតែនាំជនរងគ្រោះទៅលេងជីដូន ជីតា នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលទល់មុខគ្នាជាមួយផ្ទះជនសង្ស័យ ទើបជនសង្ស័យមានឱកាសធ្វើសកម្មភាពទៅលើជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបតាមការគួរ។
ផ្សាយ:ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល




