ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន ០២គម្រោង​ ក្នុងស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​

(ខេត្ត​ព្រះសីហនុ)​: នៅព្រឹកថ្ងៃទី១៩ ខែឧសភា ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន ០២គម្រោង៖

១-រោងចក្រផលិតសម្ភារឧបករណ៍ប្រើប្រាស់គ្រឿងសំណង់ (ប៉ែល ចបជីក ចបកាប់ ផ្លែរនាស់ ដង្កៀប ធ្វើអំពីដែក) របស់ក្រុមហ៊ុន ​BEST CHOICE TOOLS CO., LTD. មានទីតាំងស្ថិតនៅអគារលេខ២ និងអគារលេខ៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទុនក្នុងការ​ចុះបញ្ជី​ ប្រមាណជា​ ៤លាន​ ដុល្លារ​អាមេរិក ក្នុងទុនវិនិយោគ ជាង ២,៧លានដុល្លារអាមេរិក លើផ្ទៃអគារ៖ ១០,០០០ម៉ែត្រការ៉េ ដែល មានទីផ្សារ នាំចេញទៅសហរដ្ឋអាមេរិក និងលក់ក្នុងស្រុក ដែលមានតម្រូវការកម្លាំងពលកម្មដំបូងចំនួន ១៣៤នាក់ ។​

២-រោងចក្រផលិតសម្ភារប្រើប្រាស់ធ្វើពីផ្លាស្ទិក (ដងប៉ែល ដងចបកាប់ និងដងរនាស់) របស់ក្រុមហ៊ុន SOARING COMFORT TOOLS CO.,LTD. មានទីតាំងស្ថិតនៅអគារលេខ១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទុនក្នុងការចុះបញ្ជី​ ប្រមាណជា​ ២លាន​ ដុល្លារអាមេរិក និងទុនវិនិយោគ ជាង ៣,៣ លានដុល្លារអាមេរិក លើផ្ទៃអគារ ៣,០០០ម៉ែត្រការ៉េ មានទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក និងលក់ក្នុងស្រុក ។

ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា គម្រោងទាំងពីរនេះមានសក្តានុពលផ្នែកសេដ្ឋកិច្ច​យ៉ាងសំខាន់ ស្របតាមផែនការអភិវឌ្ឍខេត្តព្រះសីហនុ និងអាចចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ​ តាមរយះការបង្កើតឱកាសការងារជាច្រេីនបន្ថែមក្នុងមូលដ្ឋាន៕ ទន្ទឹមនឹងនោះ​ ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បានណែនាំដល់ក្រុមការងារ និង ម្ចាស់រោងចក្រ ឱ្យអនុវត្តតាមច្បាប់​គតិយុត្តិ​ស្តីពីការបង្កើតសួនឧស្សាហកម្ម និងបទប្បញ្ញត្តិនានាស្របតាមរដ្ឋ​ធម្មនុញ្ញ​របស់ព្រះរាជាណាចក្រកម្ពុជា។

 

ផ្សាយ​:ថ្ងៃទី​១៩ ខែឧសភា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង