ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ក្រុង និងស្រុក បើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការដាំកូនឈើតាមដងផ្លូវសាធារណៈនានា ព្រមទាំងកាត់តម្រឹម និងតុបតែងដើមឈើតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទូទាំងខេត្ត។

(ខេត្តពោធិ៍សាត់)​៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ក្រុង និងស្រុក បើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការដាំកូនឈើតាមដងផ្លូវសាធារណៈនានា ព្រមទាំងកាត់តម្រឹម និងតុបតែងដើមឈើតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទូទាំងខេត្ត។

យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងស្របពេលដែលរដូវវស្សាទើបតែចាប់ផ្តើម ដែលជាពេលវេលាដ៏ស័ក្តិសម និងអំណោយផលបំផុតសម្រាប់កូនឈើក្នុងការលូតលាស់។ សកម្មភាពនេះមិនត្រឹមតែជួយលម្អសោភ័ណភាពតាមដងផ្លូវសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថានសង្គម និងការបង្កើតគម្របបៃតងឡើងវិញផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ភាពជោគជ័យនៃយុទ្ធនាការនេះ មិនមែនស្ថិតនៅលើតែការដាំនោះទេ ប៉ុន្តែគឺស្ថិតនៅលើ “ការរួមគ្នាថែរក្សា” បន្ទាប់ពីដាំរួច»។

ជាមួយគ្នានោះដែរ ឯកឧត្តម ខូយ រីដា ក៏បានអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមចំណែកជួយមើលថែទាំ ការពារ និងស្រោចទឹកកូនឈើដែលបានដាំនៅតាមមុខផ្ទះ ឬតាមដងផ្លូវរៀងៗខ្លួន។ ឯកឧត្តមបានបន្ថែមថា ប្រសិនបើមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់ទិសទី ខេត្តពោធិ៍សាត់នឹងប្រែប្តូរមុខមាត់ថ្មី ក្លាយជាខេត្តដែលពោរពេញដោយភាពបៃតង ស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធ និងជាទីមនោរម្យសម្រាប់មនុស្សគ្រប់ជំនាន់តទៅមុខទៀត៕

 

ផ្សាយ​:ថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​(FB)

 

 

ព័ត៌មានដែលជាប់ទាក់ទង