ប្រជាពលរដ្ឋរាយការណ៍ថា មានទីតាំងល្បែងស៊ីសង អនឡាញកំពុងបើកដំណើរការក្នុងសង្កាត់ចោមចៅ ទី៣ ខណៈពលរដ្ឋស្នើអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យ។

(រាជធានីភ្នំពេញ)៖ ប្រជាពលរដ្ឋបានរាយការណ៍ និង ផ្តល់រូបភាពមកអង្គភាពសារព័ត៌មានយើង កាលពី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយបានឱ្យដឹងថា មានទីតាំងល្បែងស៊ីសង រួមមាន៖ មាន់ជល់តាមប្រព័ន្ធ អនឡាញ និងល្បែងឆ្នោតឡូតូគ្រប់ប្រភេទ កំពុងបើក ដំណើរការនៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិត្រ ពាំងពោ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងបន្តថា ការរីករាលដាល នៃល្បែងស៊ីសងទាំងនេះ បានបង្កផលប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសារ បណ្តាលឱ្យមានការខាតបង់ ទ្រព្យសម្បត្តិ ដីធ្លី និងបង្កជាជម្លោះក្នុងគ្រួសារមួយចំនួន ផងដែរ។

ករណីនេះបានធ្វើឱ្យមានការចោទជាសំណួរពីមហាជន ជុំវិញប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ខណៈដែល កន្លងមក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេច មហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ឱ្យអភិបាលរាជធានី-ខេត្ត ត្រូវបោសសម្អាតល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពី មូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ទាក់ទិននឹងបញ្ហានេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសំណូមពរយ៉ាងទទូចដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំង ថ្នាក់ដឹកនាំនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ និង ចាត់វិធានការបង្ក្រាបទីតាំងខាងលើឱ្យមានប្រសិទ្ធភាព។ ការស្នើសុំនេះ គឺដើម្បីពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ ចំណុច និងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ស្របតាម បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

អង្គភាពសារព័ត៌មានយើង នឹងបន្តតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់ និងរង់ចាំការបកស្រាយបំភ្លឺ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ម៉ោង ធ្វើការ ដើម្បីជម្រះមន្ទិលសង្ស័យរបស់សាធារណជន៕

 

ផ្សាយ​:ថ្ងៃទី​២៦ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង